ក្រសួង​នឹង​ចាត់ការ​លើ​ម្ចាស់​អាជីវកម្ម​ឡើងថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

289

(​ភ្នំពេញ​) ៖ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៩-២១ ខែកញ្ញា ឆ្នាំ​២០១៧ ក្រសួងទេសចរណ៍​បានចេញ​សេចក្ដីអំពាវនាវ​ដល់​ម្ចាស់​​អាជីវកម្ម​ទាំងអស់ កុំ​ដំឡើងថ្លៃ​សេវា​និង​ផលិតផល ដោយ​រក្សា​តម្លៃ​ឱ្យបាន​សមរម្យ ជាពិសេស​រាល់​ការ​ស្នាក់នៅ​និង​តម្លៃ​ម្ហូបអាហារ​​ត្រូវ​កំណត់ឱ្យ​បានច្បាស់លាស់ ពុំនោះ​ក្រសួង​នឹងមាន​វិធានការ​ផ្លូវច្បាប់​។
​ ​
​យោងតាម​សារា​ចរណ៍​ណែនាំ​របស់​ក្រសួង​ចុះ​ថ្ងៃទី​១១ ខែកញ្ញា​គឺ​បាន​បញ្ជា​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ភ្ញៀវទេសចរ ឱ្យបាន​ល្អប្រសើរ​ក្នុងអំឡុងពេល​ភ្ជុំបិណ្ឌ​នៅតាម​គោលដៅ​​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា​។ សំខាន់​ជាង​នេះ គឺ​ថែរក្សា​អនាម័យ​ឱ្យបាន​ល្អ ជាពិសេស​អាហា​រដ្ឋា​ន​និង​នៅ​រមណីយ​​ដ្ឋា​ន​ទេសចរណ៍​តែម្ដង​។​
​ ​
​ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​កុំ​ដំឡើងថ្លៃ​សេវា និង​ផលិតផល​ដោយ​រក្សា​តម្លៃ​ឱ្យបាន​សម​​រម្យ​។ ជាពិសេស​រាល់​ការ​ស្នាក់នៅ និង​តម្លៃ​ម្ហូបអាហារ​ត្រូវ​កំណត់ឱ្យ​ច្បាស់​ក្នុង​តារាង​តម្លៃ ចៀសវាង​ការកំណត់​តម្លៃ​ហួសហេតុ​។​ក្រសួង​បា​​ន​ព្រមាន​ថា​ក្នុងករណី​ដែល​មិន​អនុវត្តតាម​តារាង​តម្លៃ​ដែល​បានកំណត់​ម្ចាស់​អាជីវកម្ម​ឬ​សេវាកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕​ដោយ​៖​វិបុល​/sn