ក្រសួង​បង្ហាញ​ផែនការ​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​វេទិកា​អន្តរជាតិ​នៅ​ប្រទេស​ចិន​

474
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍ ចូលរួម​ក្នុង​វេទិកា​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូ​រលើ​វិស័យ​សិក្សាអប់រំ និង​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​រវាង​ខេត្ត​យូ​ណាន​-​អាស៊ាន និង​អាស៊ី​ខាងត្បូង​លើក​ទី​២ ក្រោម​ប្រធានបទ «​កិច្ចសហប្រតិបត្តិការ និង​ការទុកចិត្ត​គ្នា​ដើម្បី​ការអភិវឌ្ឍ​រួមគ្នា​»​។​

​ជាមួយគ្នា​នោះ ក៏មាន​វេទិកា​ស្តីពី​កិច្ចសហប្រតិបត្តិការ​និង​ផ្លាស់ប្តូរ​កម្មវិធី​អប់រំ និង​បណ្តុះបណ្តាល​ធនធាន មនុស្ស​និង​ជំនាញ​ទេសចរណ៍ រវាង​ខេត្ត​យូ​ណាន អាស៊ាន និង​អាស៊ី​ខាងត្បូង ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋាភិបាល រដ្ឋបាលខេត្ត ផ្នែក​ឯកជន ប្រតិបត្តិ​ករ​ទេសចរណ៍ សាស្ត្រាចារ្យ​នៃ​សាលា​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល និង​ដៃគូ​សហប្រតិបត្តិ​ការពា​ក់​ព័ន្ធ​នានា មកពី​បណ្តា​ប្រទេស​មួយចំនួន ដែលជា​សមាជិក​អាស៊ាន និង​ពី​តំបន់​អាស៊ី​ខាងត្បូង ដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី ឡាវ ភូមា ថៃ វៀតណាម ស្រីលង្កា បង់​ក្លា​ដេ​ស អាមេរិក​។​

​នៅក្នុង​វេទិកា​ដែល​ធ្វើឡើង​នា​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ លោក​ថោង ខុន បាន​ថ្លែង​សុន្ទរកថា​បើក​វេទិកា​ទាំងពីរ​នេះ ដោយបាន​គូសបញ្ជាក់​ពី​សារៈសំខាន់ នៃ​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ និង​បានបង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​បណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ខិតខំ​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​ទេសចរណ៍ ដូចជា ការជំរុញ​បង្កើត វិទ្យាស្ថាន​ជាតិ ទេសចរណ៍​។​សកលវិទ្យា​ល័យ​ទេសចរណ៍​។ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​។ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​កម្មវិធីសិក្សា​អាស៊ាន​។ ការបណ្តុះបណ្តាល​ជា​លក្ខណៈ​នៅនឹងកន្លែង​។ ការដាក់ចេញ​នូវ​យុទ្ធនាការ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​និង ការសិក្សា​ពេញ​មួយជីវិត​ជាដើម​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ នាពេល​បច្ចុប្បន្ន និង​អនាគត ជាពិសេស​ចូលរួម​សម្រេច​ទិសដៅ​យុទ្ធសាស្ត្រ នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ដែល​បាន​ដាក់ចេញ​៖

  • នៅ​ឆ្នាំ​២០២០៖ សម្រេច​ឲ្យ​អ្នកជំនាញ​ទេសចរណ៍​យ៉ាងតិច ៥០% ត្រូវមាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​។ ត្រូវមាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព ស្របតាម​ស្តង់ដា​ជាតិ និង​អាស៊ាន តាមរយៈ​ការបណ្តុះបណ្តាល និង​ការវាយតម្លៃ​សមត្ថភាព ខណៈ​គិត​ត្រឹម​ឆ្នាំ​២០១៨ ក្នុងចំណោម​បុគ្គលិក​ជំនាញ​ផ្ទាល់​សរុប​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ប្រមាណ ៦២​ម៉ឺន​នាក់ ទើប​មាន​ប្រមាណ ៤០% ដែលមាន​សមត្ថភាព​ឆ្លើយតប​នឹង​ស្តង់ដារ​អាស៊ាន​។​
  • នៅ​ឆ្នាំ​២០២៥៖ ក្នុងចំណោម​បុគ្គលិក​ជំនាញ​ទេសចរណ៍​ប្រមាណ​ជាង ១.២​លាន​នាក់ ត្រូវ​សម្រេច​ឲ្យ​បាន ១០០% នៃ​អ្នកជំនាញ ត្រូវមាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដា​ជាតិ និង​អាស៊ាន តាមរយៈ​ការបណ្តុះបណ្តាល និង​ការវាយតម្លៃ​សមត្ថភាព​ឆ្លើយតប​នឹង​ស្តង់ដា​អាស៊ាន​។​
  • នៅ​ឆ្នាំ​២០៣០៖ ក្នុងចំណោម​បុគ្គលិក​ជំនាញ​ទេសចរណ៍​ប្រមាណ​ជាង ១.៥​លាន​នាក់ និង​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​និរន្តរភាព​របស់​អង្គការសហប្រជាជាតិ SDG4: ធានា​ឲ្យ​បាន​នូវ​ការអប់រំ​បណ្តុះបណ្តាល ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យា​ប័ន្ន ព្រមទាំង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយជីវិត​ដល់​ជន​គ្រប់រូប (Lifelong Learning) និង SDG8: ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការងារ​សមរម្យ​ដល់​ជន​គ្រប់រូប ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​មូលធន​មនុស្ស ទាំង​ក្នុង​បរិបទ​ជាតិ និង​តំបន់​។​

​កន្លងមក ក្រសួងទេសចរណ៍ បាន​បណ្តុះបណ្តាល​លើ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ពង្រឹងសមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ ជាពិសេស​មគ្គុទ្ទេសក៍​ទេ​សចណ៍​បាន​ប្រមាណ​ជាង ៥,៧៤៣​នាក់ ក្នុងនោះ​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ចិន​មាន​ចំនួន ១,៤០៩​នាក់ ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​ទីផ្សារ​ចិន សៀវភៅ​ស​ស្ដីពី China Ready ហើយនឹង​បន្ត​ខិតខំ​បណ្តុះបណ្តាល​បុគ្គលិក​ជំនាញ​និយាយ​ភាសា​ចិន ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ចិន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ចិន ដែល​កិច្ចការ​នេះ​ទាមទារ​ឲ្យ​មាន​ការជួយជ្រោមជ្រែង ពី​បណ្តា​ដៃគូ​សហការ​នានា​របស់​មិត្ត​ចិន ពិសេស​ពី​សំណាក់​វិទ្យាស្ថាន​ទេសចរណ៍​យូ​ណាន​។​

​គួរ​បញ្ជាក់ថា ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៦.២​លាន​នាក់ ក្នុង​កំណើន ១១% ក្នុងនោះ​ទេសចរ ចិន​មាន​ចំនួន​ប្រមាណ​ជាង ២​លាន​នាក់ ឈ​លំដាប់​លេខ​១ ក្នុងចំណោម​ទីផ្សារ​ធំៗ​ទាំង​១០​។​

​រយៈពេល​៤ ខែ​ដើមឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន ២.៤​លាន​នាក់ កើន ១១% ក្នុងនោះ​ទេសចរ​ចិន​មាន​ចំនួន ៨៨៧,០៣៩​នាក់ កើន ៣៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ នៅ​ឆ្នាំ​២០២០ កម្ពុជា​សង្ឃឹមថានឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៧​លាន​នាក់ ក្នុងនោះ​ទេសចរ​ចិន​ប្រមាណ ៣​លាន​នាក់​៕​B/