ក្រសួង​បានចេញ​សារាចរ​ណែនាំ ឲ្យ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខាងមុខនេះ

135
ចែករម្លែក

ដោយ​:មូល​សម្បត្តិ​-​ភ្នំពេញ​ ៖ ​ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ថ្ងៃទី 27 -28 -29 ខែកញ្ញា ​ឆ្នាំ២០១៩ ក្រសួង​ទេស​ចរណ៍​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ដូចខាងក្រោម ​៖

-​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ជួសជុល​និង​កែលម្អ​ផ្លូវ​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ជាពិសេស​រមណីយដ្ឋាន​ទេសចរណ៍​និង​សហគមន៍​ទេសចរណ៍​និង​ធានា​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ទេស​ចរណ៍​និង​ទី​ចំណោត​ជូន​ភ្ញៀវទេសចរ​ឱ្យបាន​ល្អប្រសើរ​។​

-​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​មន្ទីរ​សុខាភិបាល​និង​ឯក​ផ្នែក​ពាក់ព័ន្ធ​នានា​ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​និង​ភ្ញៀវទេសចរ​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​ដោយ​លុបបំបាត់​ការបោះ​សំរាម​និង​កាកសំណល់​ផ្ដេសផ្ដាស​ជាពិសេស​បញ្ឈប់​ការ​បោះចោល​ក្រដាស​ក្រោម​តុ​និង​ត្រូវ​ចាប់​វិធានការ​តាម​គ្រប់​រូបភាព​ដើម្បី​ធានា​អនាម័យ​ក្នុង​ភោជនីយដ្ឋាន​រួមទាំង​បន្ទប់ទឹក​បង្គន់​អនាម័យ​ហើយ​បុគ្គលិក​បម្រើ​ការងារ​ត្រូវមាន​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយគ្នា​នោះ​ត្រូវខិតខំ​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ធ្វើការ​អប់រំ​លក់ដូរ​ម្ហូបអាហារ​ភេសជ្ជៈ​តាម​ដងផ្លូវ street food ឲ្យ​ថែរក្សា​អនាម័យ​ភេសជ្ជៈ​និង​ផ្ដល់នូវ​បដិសណ្ឋារកិច្ច​ល្អ​ចំពោះ​ភ្ញៀវទេសចរ​និង​ជំរុញ​ឲ្យ​មានការ​រៀបចំ​វិថី​ម្ហូបអាហារ​food street ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។​

-​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ចូលរួម​ទប់ស្កាត់​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​និង​ការធ្វើ​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ​លើ​កុមារ​និង​ទប់ស្កាត់​រាល់​សកម្មភាព​ក្មេង​ទំនើង​និង​ត្រូវអនុវត្ត​តាមច្បាប់​និង​ការណែនាំ​របស់​រដ្ឋ​លើកកម្ពស់​គុណភាព​សេវាកម្ម​និង​អនាម័យ​ម្ហូបអាហារ​ព្រមទាំង​រក្សា​តម្លៃ​ផលិតផល​និង​សេវា​ឲ្យ​ឲ្យ​បាន​សមរម្យ​។ រាល់​ថ្លៃ​ស្នាក់នៅ​ម្ហូបអាហារ​ត្រូវ​សរសេរ​ឱ្យបាន​ច្បាស់​ដាក់​ក្នុង​តារាង​ដើម្បី​ជម្រាបជូន​ភ្ញៀវ​ឲ្យ​បានដឹង​ជាមុន​ជៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​ករណី​មិន​អនុវត្តតាម​តារាង​ដែល​បាន​បិទ​ផ្សាយ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

-​ធ្វើការ​ណែនាំ​ម្ចាស់​ទូកដ​និង​កាណូត​ទេសចរណ៍​ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​កាត់​សមុទ្រ​ទន្លេ​ស្ទឹង​និង​បឹង​មិន​ឲ្យ​ផ្ទុក​លើស​ចំណុះ​នឹងត្រូវ​បំពាក់​នូវ​សម្ភារៈ​សង្គ្រោះ​នានា​។​

-​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ចាក់ផ្សាយ​វីដេអូ​ដែលមាន​ខ្លឹមសារ​អប់រំ​និង​ចូលរួម​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​រមណីយដ្ឋាន​ស្អាត​សេវា​ល្អ​និង​បដិសណ្ឋារកិច្ច​ល្អ​។​

-​សហការ​ចុះ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដើម្បី​ធ្វើការ​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ដល់​ភ្ញៀវទេសចរ​និង​បងប្អូន​ប្រជាពលរដ្ឋ​។​

-​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ខេត្ត​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​កីឡា​និង​ទេសចរណ៍​នៅតាម​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ​។​

-​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ត្រូវធ្វើ​របាយការណ៍​ប្រចាំថ្ងៃ​និង​បូកសរុប​ស្ថិតិ​ភ្ញៀវទេសចរ​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទាំង 3 ថ្ងៃ​រួច​ផ្ញើមក​ក្រសួងទេសចរណ៍​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ឬ​តេ​ឡេ​ក្រាម 098 65 6775 4 ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​ធ្វើការ​បូកសរុប​ជូន​រាជរដ្ឋាភិបាល​។

-​ទទួលបាន​សារាចរ​ណែនាំ​នេះ​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​មន្ទីរ​ពាក់ព័ន្ធ​និង​ផ្នែក​ឯកជន​អនុវត្តតាម​ខ្លឹមសារ​ខាងលើ​អោយបាន​លទ្ធផល​ល្អប្រសើរ​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕B/

#