ក្រសួង​បានរៀបចំ​កម្មវិធី​”​រាត្រី​កម្ពុជា​”​មួយ​នៅ​ក្រុង​ហូជីមិញ​ភ្ជាប់​ជាមួយនឹង​គោលដៅ​ទេសចរណ៍

200
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​នាឱកាស​ដែល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​រៀបចំ​ពិព័រណ៍​ITEHCMC​លើក​ទី​១៥​នៅ​ទីក្រុង​ហូជីមិញ​កាលពីពេល​ថ្មីៗ​នេះ​។​ក្រសួងទេសចរណ៍​កម្ពុជា​ដែល​បាន​ចូលរួម​ដែរនោះ​ក៏​រៀបចំ​ពិធី​លៀង​សាយភោជន៍​«​រាត្រី​កម្ពុជា​-CambodiaNight​ឆ្នាំ​២០១៩»​យ៉ាង​អធិកអធម​នៅ​កណ្ដាល​ក្រុង​ហូជីមិញ​។​ដើម្បី​បង្កើន​នូវ​ការផ្សព្វផ្សាយ​ពី​គោលដៅ​និង​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍​ភ្ញៀវទេសចរ​ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ផងដែរ​។​

​រាត្រី​កម្ពុជា ឬ Cambodia Night ឆ្នាំ​២០១៩​នេះ ត្រូវបាន​រៀបចំឡើង​នៅ​សណ្ឋាគារ​Rex​នា​រាត្រី​ថ្ងៃទី​៥ ខែកញ្ញា​ក្រោម​អធិបតីភាព​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​។​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោកស្រី Phan Thi Thang អនុប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ក្រុង​ហូជីមិញ​។

លោក U Myint Htwe អគ្គនាយករង​នៃ​ក្រសួង​សណ្ឋាគារ និង​ទេសចរណ៍​មី​យ៉ាន់​ម៉ា​។ កញ្ញា Sengsoda Vanphanoukvong អនុប្រធាននាយកដ្ឋាន​ទីផ្សារ នៃ​ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ព្រមទាំង​មន្ត្រី​រដ្ឋការ តំណាង​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ និង​បណ្ដា​ភ្ញៀវកិត្តិយស​ជាច្រើន​កុះករ​។​

​ថ្លែង​ទៅកាន់​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​ក្នុង​កម្មវិធី​រាត្រី​កម្ពុជា​នោះ​លោក​រដ្ឋមន្ត្រី​ថោង​ខុន​បានឱ្យដឹងថា​នៅក្នុង​ការរៀបចំ​ពិព័រណ៍​ITEHCMC​ឆ្នាំ​២០១៩​នេះ​ជា​ឆ្នាំ​ទី​១៥​ហើយ​ដែល​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ចូលរួម​សហការ​គាំទ្រ​។​ដោយបាន​នាំយក​អ្នកទិញ​និង​អ្នកលក់​កាន់តែច្រើន​មកជួបជុំ​គ្នា​និង​ផ្គូរ​ផ្គង​ដៃគូ​ធុរកិច្ច​ជាមួយគ្នា​សំដៅ​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ទូលំទូលាយ​ជាស​កល​។​

​លោក​បាន​ថ្លែង​ទៀតថា​ក្រៅពី​សក្តានុពល​នៃ​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ​ដ៏​សម្បូរបែប​កម្ពុ​ជាមាន​ឆ្នេរសមុទ្រ​ប្រវែង​៤២០​គីឡូម៉ែត្រ​និង​មាន​មោទនភាព​ដែល​បាន​ក្លាយជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​ជាងគេ​លើ​ពិភពលោក​ដូច​វៀតណាម​ផងដែរ​។ ដែល​សក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​ថា «​កម្ពុជា​៖​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ផ្តល់​ភាពកក់ក្តៅ​»​ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី អេកូ​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍ សំដៅ​ទាក់ទាញ​ទេសចរ​ក្នុង​តំបន់​។​

​នា​ដើមឆ្នាំ​២០១៩​នេះ ចំពោះ​ការធ្វើដំណើរ​ដោយ​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន (self-driving tour) ពី​វៀតណាម​ទៅ​កម្ពុជា​គឺ​មិន​តម្រូវឱ្យ​បង់ប្រាក់​កក់​ឬ​ធានារ៉ាប់រង​និង​អាច​វិល​ចូលមក​វៀតណាម​វិញ​តាម​ច្រក​អន្តរជាតិ​របស់​កម្ពុជា​ណាមួយ​ក៏បាន​។​

យោងតាម​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ច្រករបៀង​ខាងត្បូង​នៃ​មហា​អនុតំបន់​ទន្លេ​គ​ង្គ កម្ពុ​ជាមាន​គោលបំណង​ក្នុងការ​បង្កើត​ផ្លូវ​សមុទ្រ​ជាមួយ​វៀតណាម នៅពេលដែល​កំពង់ផែ​ទេសចរ​នៅ​ខេត្តកំពត​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២១​ដែល​ក៏​ជាការ​រួមចំណែក​ដ៏​សំខាន់​មួយ​ដល់​ការអនុវត្តន៍​សេចក្តីប្រកាស​អាស៊ាន​ស្តីពី ទេសចរណ៍​តាម​នាវា​។​

​ទន្ទឹមនឹង​ការខិតខំ​ជំរុញ​ការផ្សព្វផ្សាយ ការពង្រឹង និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ការសម្រួល ការធ្វើដំណើរ​និង​ដឹកជញ្ជូន​កម្ពុជា​ក៏​យកចិត្តទុកដាក់​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​ស្តង់ដា​បៃតង​។​តាមរយៈ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ស្អាត​សេវា​ល្អ​បដិសណ្ឋារកិច្ច​ល្អ​និង​ការបណ្តុះបណ្តាល​អប់រំ​វិជ្ជាជីវៈ​«​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​»​និង​«​សេវា​មួយ​ស្តង់ដា​មួយ​»​ស្របតាម​ស្តង់ដា​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី បាន​អះអាងថា «​កម្ពុជា​នឹង​ទទួលបាន​វិនិយោគិន និង​ទេសចរ​ពី​គ្រប់ទិសទី ពិសេស​ទេសចរ​វៀតណាម​កាន់តែច្រើន​ថែមទៀត​ព្រោះ​យើង​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ​ជាច្រើន​កំពុង​រង់ចាំ​»​។​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ក៏បាន​អញ្ជើញ​វិនិយោគិន​និង​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ជាពិសេស​ជនជាតិ​វៀតណាម​ទៅ​វិនិយោគ​និង​ទស្សនា​នៅ​កម្ពុជា​។​

​ដើម្បី​ស្វែងយល់​នូវ​បទពិសោធន៍​ថ្មីៗ​ដោយ​កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​«​កម្ពុជា​អន្តរជាតិ​លើក​ទី​៣ (Cambodia Travel Mart-CTM 2019)» ពីថ្ងៃ​ទី​១១-១៣ ខែតុលា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ពីថ្ងៃ​ទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នៅ​រាជធានី​ភ្នំពេញ​និង​បុណ្យ​សមុទ្រ​ពីថ្ងៃ​ទី​២០=២២​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ខេត្តកំពត​ជិត​កោះ​ភូ​គួ​ក​របស់​វៀតណាម​។​

​លោក​បាន​បន្តថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កម្ពុ​ជាមាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​រួមទាំង​វិស័យ​ទេសចរណ៍​។​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​វៀតណាម​និង​កម្ពុជា​ក៏មាន​កំណើន​ពាណិជ្ជកម្ម​តាម​បណ្តោយ​ព្រំដែន​និង​ទេសចរណ៍​ផងដែរ​។​

កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ តាមរយៈ​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ស្តីពី​កិច្ចសហការ​ផ្សព្វផ្សាយ​រួមគ្នា «​ប្រទេស​ពីរ​គោលដៅ​តែមួយ​»​ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​សម្រេចបាន​នូវ​ការទទួលបាន​ភ្ញៀវទេសចរ​វៀតណាម​ឱ្យបាន​ចំនួន ១​លាន​នាក់ មក​កម្ពុជា និង​ភ្ញៀវទេសចរ​កម្ពុជា ៥០​ម៉ឺន​នាក់ មក​ប្រទេស​វៀតណាម នៅ​ឆ្នាំ​២០២០៕S/​

#