ក្រសួង​បើក​យុទ្ធនាការ​កាត់បន្ថយ​ប្រើ​ថង់​ប្លា​ស្ទិ​ក​និង​ចង់​ឲ្យ​ប្រើ​កន្ត្រក​បរិស្ថាន​វិញ​

509
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​:
«​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូល​កាត់បន្ថយ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ហយ​ងាក​មក​ប្រើ​កន្ត្រក​បរិស្ថាន​វិញ​»​។ នេះ​គឺជា​ការអំពាវនាវ​រប​ស់លោក នេត្រ ភ័​ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នៅ ក្នុងឱកាស​ចូលរួម​ជា​អធិបតី​បើក​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផ្សព្វផ្សាយ​កន្ត្រក​បរិស្ថាន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ ២០១៩ នៅ​ទីក្រុង​សៀម​រាម​ដោយ​មានការ ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន តំណាង​គណៈ​អភិបាលខេត្ត​សៀមរាប អាជ្ញាធរ​ក្រុង​សៀមរាប កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា កាកបាទក្រហមកម្ពុជា កាយ​ឬ​ទ្ធិ សិស្សានុសិស្ស និង​អាជីវករ​ជាច្រើន​នាក់​។

​លោក​លើកឡើងថា ថង់​ប្លា​ស្ទិ​ក​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​បំពុល​ដល់​បរិស្ថាន​គឺ​វា​ត្រូវការ​ពេលវេលា​ជាច្រើន​រយ​ឆ្នាំ​ដើម្បី​ធ្វើការ​បំបែក មានន័យថា​សំណល់​ប្លា​ស្ទិ​ក​គឺ​សារធាតុ​ដែល​មិន​ងាយ​នឹង​ពុកផុយ ឬ​រលួយ​បាន​ដោយ​ងាយ​ទេ​។ ជាមួយគ្នានេះ សំណល់​ថង់​ប្លា​ស្ទិ​ក​បានផ្តល់​ផលប៉ះពាល់​ដល់​សង្គម សុខភាព និង​គុណភាព​បរិស្ថាន​រួមមាន​៖ ការធ្វើឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកលូ​ដែល​បង្កឱ្យមាន​ទឹកជំនន់​នៅ​រដូវភ្លៀង​ធ្លាក់ ការធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង​និង​ទីប្រជុំជន​។ នៅពេល​គេ​បោះចោល​ថង់​ប្លា​ស្ទិ​ក​នៅក្នុង​បរិស្ថាន​វា​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ជាពិសេស​ជីវៈចម្រុះ​នៅក្នុង​ទឹក ជាពិសេស​មច្ឆជាតិ​អាច​ទទួលរង​ពី​ការធ្វើឱ្យ​ស្លាក់ ដោយសារតែ​ពួកគេ​គិតថា​ជា​ចំណី ហើយ​បាន​ស៊ី​ថង់​ប្លា​ស្ទិ​ក​ទាំងនោះ​។ សំណល់​ប្លា​ស្ទិ​ក​ក៏​ជា​ជម្រក​ភ្នាក់ងារ​ចម្លងជំងឺ​មួយចំនួនធំ និង​មួយផ្នែក​ទៀត​ផ្ទុក​ដោយសារ​ធាតុគីមី​ពុល​អាច​ជ្រាបចូល​ទៅក្នុង​ដី និង​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​ដី ទឹក និង​ទឹក​ក្រោម​ដី ធ្វើឱ្យមាន​ការបំពុល​ទឹក និង​ដី​។ នៅពេលដែល​ថង់​ប្លា​ស្ទិ​ក​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ច្រក ឬ​ខ្ចប់​ម្ហូបអាហារ​ជាពិសេស​អាហារ​ក្តៅៗ​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដោយសារ​តែ​សារ​ធាតុគីមី​ដែលមាន​ផ្ទុក​ក្នុង​ថង់​ប្លា​ស្ទិ​ក​។

​លោកស្រី​ងិន លី​ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់ថា យុទ្ធនាការ​នេះ​រៀបចំឡើង​ដើម្បី​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​គ្រប់ទិសទី ជាពិសេស​ប្រជាជន​ដែល​រស់នៅ​ទីប្រជុំជន​បាន​យល់ដឹង និង​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​យល់ដឹង​ចំពោះ​ផលប៉ះពាល់​នៃ​សំណល់​ប្លា​ស្ទិ​ក សំដៅ​ធានាបាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង សោភ័ណភាព​ទីប្រជុំជន​។ លោក​នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​សម្តែង​ការស្វាគមន៍​និង​ចាត់ទុកថា​ព្រឹត្តិការណ៍​ថ្ងៃនេះ ចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង​ទូលំទូលាយ​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា តាម​គោលការណ៍​ស្ម័គ្រចិត្ត ក៏ដូចជា​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អាជីវករ​ឱ្យ​បញ្ឈប់​ការផ្ដល់​ថង់​ប្លា​ស្ទិ​ក ចូលរួមចំណែក​លើកស្ទួយ ជីវភាព​រស់នៅ កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន សុខុមាលភាព​ប្រជាពលរដ្ឋ អនាម័យ សោ​ភណ្ឌ​ភាព​ទីក្រុង​។​

​គួរ​បញ្ជាក់ថា បរិមាណ​សំរាម សំណល់​ទីប្រជុំជន​ដែល​បាន​បង្កើតឡើង​នៅ​កម្ពុជា​គឺមាន​ជាង ១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃៗ​ដែល​ពលរដ្ឋ​រស់នៅក្នុង​រាជធានី​និង​ក្រុង​ធំៗ​ត្រូវបាន​ប៉ាន​ប្រមាណ​ថា​បាន​បង្កើត​សំរាម ១ គីឡូក្រាម​ក្នុង​មួយថ្ងៃ និង​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ​បង្កើត​សំរាម​ប្រមាណ​កន្លះ​គីឡូ​ក្នុង​មួយថ្ងៃ​។ សរុប​មួយឆ្នាំ បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ​ជិត ៤ លាន​តោន​។ ក្នុងនោះ ២០% ជា​សំណល់​ថង់​ប្លា​ស្ទិ​ក​។

​លោក នេត្រ ភ័​ត្រា បាន​ថ្លែងថា ក្នុង​សំរាម ១០០% បរិមាណ​សំណល់​ប្រមាណ ៥៦,៩% នៃ​សំណល់​សរុប​ប៉ុណ្ណោះ​ដែល​ត្រូវបាន​យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម និង​ជិត ២០% ដែល​ត្រូវបាន​ប្រមូល​ទិញ​សម្រាប់ធ្វើ​ការកែច្នៃ​និង​ប្រមាណ​ជិត ៣០% ត្រូវបាន​ដុត ឬ​បោះចោល​នៅតាម​ទីសាធារណៈ និង​ប្រភពទឹក​នានា​។ ខេត្ត​រាជធានី​ធំៗ​ដែល​ផលិត​បរិមាណ​សំរាម​ច្រើន​រួមមាន រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ៣០០០ តោន​ក្នុង​មួយ ថ្ងៃ ។​ក្រុងព្រះសីហនុ​ប្រមាណ ៧០០​តោន​ក្នុង​មួយថ្ងៃ និង​ក្រុង​សៀម​រាម ៣៨០ តោន​ក្នុង​មួយថ្ងៃ​។ ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នេត្រ ភ​ត្រា័ បាន​ថ្លែងថា សំរាម​ដែល​អ្នកក្រុង​សៀម​រាម​បង្កើត​ដោយ​មិន​គិតពី​ភ្ញៀវទេសចរ មាន​ចំនួន ៣៨០ តោន​ក្នុង​មួយថ្ងៃ​។​ក្នុងនោះ ៧៤% (២៨០​តោន​) ត្រូវបាន​យកទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​។ ២០% (៥៦​តោន​) ត្រូវបាន​យកទៅ​កែច្នៃ​ឡើងវិញ និង ៦% (៤៤ តោន​) ទៀត​ជា​បរិមាណ​សំណល់​ចាក់ចោល​ដោយ​ខុសច្បាប់​។ តាម​ការ​ប៉ាន​ប្រមាណ ភាគរយ​នៃ​ប្លា​ស្ទិ​ក​ដែល​ប្រមូលបាន​តាមរយៈ​ការ​បោសសម្អាត​តាមផ្លូវ​ក្នុង​ក្រុង​ចំនួន ៣ គឺ ១៧,៣% ក្នុង​រាជធានី​ភ្នំពេញ ២០,៧%​ក្នុង​ខេត្តសៀមរាប និង ៣៤% ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​សំណល់​ប្លា​ស្ទិ​ក លោក​បាន​មានប្រសាសន៍ថា ដោយ​ពិនិត្យឃើញ​បញ្ហា​ចំពោះមុខ និង​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ឱ្យនៅ​កម្រិត​អប្បបរមា​សំដៅ​ការពារ​សុខភាព​មនុស្ស បរិស្ថាន និង​សោភ័ណភាព រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​លើ​ការកាត់បន្ថយ ការនាំ​ចូល ការផលិត ការចែក​ចាយ និង​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក សំដៅ​ធានាបាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង​សោ​ភ​ណ័​ណ​ភាព​។ ក្នុង​អនុក្រឹត្យ​នោះ​ក៏បាន​កំណត់​ពី​វិធាន​ការគិត​តម្លៃបន្ថែម​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ករ​បស់​អតិថិជន​ផងដែរ​។ ការដាក់​កម្រិត​លើ​ការប្រើប្រាស់ ថង់​ប្លា​ស្ទិ​ក​នេះ​មិនមែន​មានតែ​នៅ​កម្ពុជា​ទេ មាន​ប្រទេស​ជាច្រើន​ដែល​បាននិងកំពុង​អនុវត្ត​ផងដែរ​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​កបាន​ផ្តោតលើ​ចំណុច​សំខាន់​ចំនួន ៤៖
​ទី​១. ការកំណត់​ប្រភេទ​ទំហំ​កម្រាស់​លើ​ថង់​ប្លា​ស្ទិ​ក​ស្តើង​មាន​ដៃ​យួរ​ត្រូវបាន​ហាមឃាត់​លើ​ការនាំ​ចូល ការផលិត​ក្នុងស្រុក ការចែក​ចាយ និង ការប្រើប្រាស់ (​កម្រាស់​០,០៣ មិល្លីម៉ែត្រ និង​រង្វាស់​ទទឹង​បាត ២៥ សង្ទីម៉ែត្រ​)​។ ទី​២. ការលើកទឹកចិត្ត​៖ ការនាំ​ចូល​និង​ផលិត​ប្លា​ស្ទិ​ក​ឬ​សម្ភារ​វេច​ខ្ចប់​ដែល​ផលិត​ពី​វត្ថុ​ធាតុ​ងាយ​ពុកផុយ ឬ​ជីវ​ប្លា​ស្ទិ​ក ដែល​ត្រូវដាក់​អាករ​ពិសេស​ជា​បន្ទុក​របស់​រដ្ឋ​។ ទី​៣.​ការនាំ​ចូល​ឬ​ផលិត​ថង់​ប្លា​ស្ទិ​ក​នឹង​ជាប់​អាករ​ពិសេស និង​ទី​៤. ការអនុវត្ត​កម្មវិធី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​៖ ការផ្តល់​ថង់​ប្លា​ស្ទិ​ក​នៅតាម​ទីផ្សារ​ទំនើប​និង​នៅតាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា ត្រូវ​គិត​តម្លៃបន្ថែម​។

​ការចូលរួម​របស់​ប្រជាពលរដ្ឋ ពិត​ជាមាន​ភាពចាំបាច់​បំផុត និង​បាន​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​គោលការណ៍ 3Rs ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ឡើងវិញ ឬ​ប្រើប្រាស់​វត្ថុ​ជំនួស​ថង់​ប្លា​ស្ទិ​ក និង​ការកែច្នៃ​ឡើងវិញ​នូវ​ថង់​ប្លា​ស្ទិ​ក​។ ចំណែកឯ​ម្ចាស់​អាជីវកម្ម និង​ម្ចាស់​សេវាកម្ម​នានា ដែលមាន​ការផ្តល់​ថង់​ប្លា​ស្ទិ​ក​ដល់​អតិថិជន​ត្រូវ​ស្ម័គ្រចិត្ត ចូលរួម​អនុវត្ត​កម្មវិធី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក នឹង​ទទួលបាន​ការលើកទឹកចិត្ត​ផងដែរ​។

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ជឿជាក់ថា​តាមរយៈ​យុ​ទួ្ធ​នា​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផ្សព្វផ្សាយ​ពី​កន្ត្រក​បរិស្ថាន​នៅ​ក្រុង​សៀម​រាម​នេះ​នឹង​ជា​សារ​ដ៏​សំខាន់​សម្រាប់​បណ្តុះ​ស្មារតី​ស្រឡាញ់ បរិស្ថាន និង​ចូលរួម​អនុវត្ត​មេត្រីភាព​បរិស្ថាន​ក្នុងចំណោម​បងប្អូន​ប្រជាពលរដ្ឋ​៕