ក្រសួង​ប្រៃសណីយ៍​: ការប្រយុទ្ធប្រឆាំង​អ្នក​ប្រឌិត​រឿង​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវតែ​មានការ​សហការគ្នា​

628

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ថ្លែងថា​នា​ថ្ងៃ​ខាងមុខ​ដើម្បី​រៀបចំ​ឱ្យ មាន​ភាព​កាន់តែ​ប្រសើរឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពិសេស​ទៅលើ​បញ្ហា​ក្រុមមនុស្ស​មួយចំនួន​តែង​បាន​ប្រឌិត​រឿង​ឬ​បង្កើត​រឿង​បំពុល​បញ្ហា​ក្នុងសង្គម​នោះ​ចាំបាច់​គេ​ត្រូវមាន​ការចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដើម្បី​បង្ក្រាប​ក៏ដូចជា​ទប់ស្កាត់​រាល់​អំពើ​ដែល​កើតមានឡើង​។​

​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍

​ ​បណ្ឌិត កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្រោយ​បញ្ចប់​ពិធី​បើក​សិក្ខាសាលា​ស្តីពី​”​និន្នាការ​និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ពត៌មាន​”​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៨​បានឱ្យដឹងថា​ក្នុងការ​ទប់ស្កាត់​រាល់​ព័ត៌មាន​ប្រឌិត​ឬ​បំភ្លៃ​ការពិត​កើតឡើង​នោះ​ក្រសួង​ចាំបាច់​ត្រូវ​រៀបចំ​បទបញ្ញត្តិ ជាមួយ​អ្នកពាក់ព័ន្ធ ព្រោះថា​វា​ជា​បទដ្ឋាន​គតិយុត្តិ ដ៏​សំខាន់​មួយ​សម្រាប់​កំណត់ថា​តើ​ការ​បំភ្លៃ​នោះ​ចូលក្នុង​បទល្មើស​ណាមួយ​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាបជន ល្មើស​។​

​លោក​បន្តថា ទោះបីយ៉ាងណា​បញ្ហា​នេះ ក្រសួង​ប្រៃសណីយ៍ មិនអាច​ធ្វើ​ម្នា​ក់បាន​នោះទេ គឺ​ត្រូវតែមាន​ការសហការ​ពី​ក្រសួង​ដទៃទៀត​ក្នុងនេះ​ដូចជា​ក្រសួងយុត្តិធម៌​ឬ​ក្រសួងមហាផ្ទៃ​ជាដើម​។​

​មួយ​គ្នា​នេះ លោក​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក៏បាន​លើកឡើង​ដែរ​ថា ក្រសួង​ប្រៃសណីយ៍​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​លុបបំបាត់​នូវ​ព័ត៌មាន​ប្រឌិត​ក៏ដូចជា​រឿង​បំភ្លៃ​ការពិត​មួយចំនួន​ដែល​តែង​កើតមានឡើង​នាពេល​បច្ចុប្បន្ន​។​

​ ​គួរបញ្ជាក់​ថាបើ​តាម​បណ្ឌិត សេង​សុភាព​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​បានឱ្យដឹងថា​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​មានការ​កើនឡើង​១០​ភាគរយ​ជា​រៀងរាល់ឆ្នាំ និង​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មាន​ប្រមាណ​ជិត​១១​លាន​នាក់​ហើយ​។ ក្រៅពីនេះ​ពោះ ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ​កាលពី​ឆ្នាំ​២០១៧​មាន​ត្រឹមតែ ៥​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៨​នេះ​ចំនួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កបាន​កើនឡើង​រហូតដល់ ៧​លាន​នាក់​។​ការរីកដុះដាល​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​នាំអោយ​កើតរឿង​រ៉ាវ​អសកម្ម​ចោទឡើង​ក៏​ច្រើន​ដូចគ្នា​៕ MN