ក្រសួង​ពាណិជ្ជ​ចាត់ទុកថា​ព័ត៌មាន ”​សាំង​អ្នកមាន​សាំង​អ្នកក្រ​” ជាការ​យល់ច្រឡំ​

1256
ចែករម្លែក
លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម (រូប៖ ដេប៉ូ)

​ដោយ​: ដេប៉ូ / ភ្នំពេញ​: បន្ទាប់ពី​មានការ​រិះគន់​ដែលថា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានធ្វើការ​បែងចែករ​វាង​ប្រភេទ​សាំង​អ្នកមាន និង​ប្រភេទ​សាំង​អ្នកក្រ ដែល​ធ្វើឱ្យមាន​ការរិះគន់​ជាទូទៅ​ទាំង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ពលរដ្ឋ​មួយចំនួន​ផង​នោះ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ចាត់ទុក​ថា ជាការ​យល់​ខុស និង​បានស្នើ​សុំឱ្យ​អ្នកសារព័ត៌មាន​ទាំងនោះ ធ្វើការ​កែតម្រូវ​ផងដែរ​។​

​ក្នុង​ស​ន្និ​សិទ្ធ​សារព័ត៌មាន នា​ថ្ងៃទី​១១ ខែឧសភា​នេះ លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថា ក្រសួង​មានការ​សោកស្តាយ​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន ដែល​ផ្ទុយ​នឹង​ការ​ខ្លឹមសារ​ដើម​របស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ពាក់ព័ន្ធ​ទៅនឹង​រឿង​តម្លៃ​ប្រេងសាំង​ដែល​ផ្តល់​បទសំភាសន៍ ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​កន្លងមក​។​

​គួរ​បញ្ជាក់ថា ការ​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បន្ទាប់ពី​សារពត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានចាត់ទុក​ថា​សាំង​ស៊ុប​ពែរ​សម្រាប់​អ្នកមាន​ប្រើប្រាស់ ឯ​សាំង​ធម្មតា​សម្រាប់ អ្នកមាន​ជីវភាព​មធ្យម និង​ក្រ ប៉ុណ្ណោះ​។​ក្រោយ​ការចុះផ្សាយ​នេះ​រួចមក​ក៏មាន​កា រ​ចែករំលែក​ព័ត៌មាន​នេះ​ទៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាំឱ្យមាន​ការរិះគន់​ជាទូទៅ​។​

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម (រូបឯកសារ)

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​បន្ថែម​ឱ្យដឹងថា “​សុំ​មេត្តា​កែសម្រួល​នូវ​អ្វីដែល​គាត់​បាន​សរសេរ​។ វា​មិន​ចំ​ខ្លឹមសារ​ពិត​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​នោះទេ​។ ត្រូវតែ​ផ្តល់​កិត្តិយស និង​ផ្តល់​យុត្តិធម៌​ជូន​ដល់​ថ្នាក់​ក្រសួង​ឡើងវិញ​”​។​

​លោក​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​តែង​ខិតខំ​ប្រឹងប្រែង​ជួយ​ធ្វើការ​បម្រើ​ជាតិ ប៉ុន្តែ​បែរជា​បានទទួល​ការ​ថ្នាំងថ្នាក់ ដោយសារ​ការចុះ​ផ្សព្វផ្សាយ​ខុសពី​ខ្លឹមសារ​ដើម​ពិត ដែលជា​រឿង​មិនអាច​ទទួលយក​បានឡើយ​៕ ល​