ក្រសួង​ព័ត៌មាន​ជម្រុញ​ឲ្យ​ផ្ស​ព្ធ​ផ្សាយ​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​បាន​លឿន​ដល់​ប្រជាពលរដ្ឋ​

1100
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​បាត់ដំបងៈ​លោក​ហោ​សុភាព​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ជម្រុញ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹង​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​បាន​លឿន​ជូន​ដល់​ប្រជាពលរដ្ឋ​អ្នក​ស្ដាប់​អ្នកមើល​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ខេត្ត​ក្រុង ស្រប​​ពេលដែល​អាកាសធាតុ​នៅលើ​ពិភពលោក​មានការ​ប្រែរ​ប្រួល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​និង​គួរ​ឲ្យ​ព្រួយបារម្ភ​។​
​ ​
ការលើកឡើង​នេះ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការប្រែប្រួល​អាកាសធាតុ សម្រាប់​អ្នកសារព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធី​ការិនី វិទ្យុ និង​ទូរទស្សន៍​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ខេត្តបាត់ដំបង ក្រោម​អ​ធិ​ត​បី​ភា​​ព​លោក​ហោ សុភាព រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក​ប៊ុត គឹមស៊ាន​អភិបាលរង​ខេត្តបាត់ដំបង​និង​ម​ន្ត្រី​មន្ទី​ព័ត​មាន​ជាច្រើនរូប​ចូលរួម​ផងដែរ​។​

លោក ហោ សុភាព មានប្រសាសន៍ថា ជាការ​ពិត ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រែរ​ប្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព ត្រូវ​ពឹង​ទៅលើ​វិធាន​ការសំខាន់ៗ​ជាច្រើន​។ ក្នុងនោះ​មាន​ទាំង​ការយល់ដឹង​របស់​សាធារណជន​អំពី​ការ​ប្រែរ​ប្រួល​អាកាសធាតុ​នេះ ដែល​វា​ជា​កត្ដា​ចម្បង​ជាងគេ​។​ដូច្នេះ​កម្មវិធី​ទូរទស្សន៍ វិទ្យុ និង​ការនិយាយ​តៗ​គ្នា បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​នេះ ទៅកាន់​ប្រជាជន​ទូរ​ទៅគ្រប់​ស្រទាប់​នៅ​ប្រទេស​កម្ពុជា​។​

​លោក​ហោ សុភាព បាន​បញ្ជាក់ថា ប្រការនេះ​បញ្ជាក់​ឲ្យ​ឃើញថា ក្រសួង​ព័ត៌មាន ក៏ដូចជា​អ្នកសារព័ត៌មាន និង​មន្ត្រី​នាំពាក្យ​របស់​ក្រសួង​ស្ថាប័ន​ទាំងអស់ មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ទទួលយក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រែរ​ប្រួល​អាកាសធាតុ ជូន​សាធារណៈជន ឲ្យ​ទាន់ពេលវេលា ប្រកបដោយ​សុ​ក្រិត​ភាព​និង​មាន​ប្រយោជន៍ ។​

​លោក ជួប ប៉ារីស៍ អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​លើកឡើងថា បញ្ហា​ប្រែរ​ប្រួល​អាកាសធាតុ​បានធ្វើ​ឲ្យ​ប្រទេស​ក្នុង​ពិភពលោក រួមទាំង​កម្ពុជា បាន​ជួបប្រទះ​នូវ​បា​ភូត​ធម្មជាតិ​មិន​ប្រក្រតី​ជា​ញឹកញាប់ ។​ដូចជា​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ រលក​កំដៅ បញ្ហា​ទាំងនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រភពទឹក ដំណាំ​កសិកម្ម សុខភាព​មនុស្ស​សត្វ​ជាដើម​។

​ដោយ​យល់ច្បាស់​ពី​ការ​គម្រាមកំហែង​ពី​គ្រោះធម្មជាតិ​នេះ ប្រទេស​កម្ពុជា​បាន​ចូលរួម​ដោះស្រាយ​និង​ចាត់វិធានការ​ជា​បន្តបន្ទាប់​ទាំង​ក្របខ័ណ្ឌ​ជាតិ​និង​អន្តរ​ជា​តិ បាន​ចូល​ជា​សមាជិក​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែរ​ប្រួល​អាកាសធាតុ តាំងពី​ឆ្នាំ​១៩៩៥ និង​ចូល​ជា​សមាជិក​ពិធីសារ​ក្យូ​តូ​នៅ​ឆ្នាំ​២០០២។

​ហើយ​បាន​បង្កើត​កម្មវិធី​សកម្មភាព​ជាតិ​បន្សាំ​នឹង​ការ​ប្រែរ​ប្រួល​អាកា​ស​ធាតុ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការ​ប្រែរ​ប្រែល​អាកាសធាតុ​កម្ពុជា​ឆ្នាំ​២០១៤​ដល់​២០២៣​។​បានរៀបចំ​យុទ្ធសាស្ត្រ​រេ​ដ​បូក​ជាតិ​ក្នុងពេល​ថ្មីៗ​នេះ បាននិងកំពុង​អនុវត្តន៍​គម្រោង និង​កម្មវិធី​ជាច្រើន​ទៀត ពាក់ព័ន្ធ​នឹង​ការ​បញ្ហា​នេះ​ផងដែរ​៕S/

​ក្រសួង​ព័ត៌មាន​ជម្រុញ​ឲ្យ​ផ្ស​ព្ធ​ផ្សាយ​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​បាន​លឿន​ដល់​ប្រជាពលរដ្ឋ​