ក្រសួង​ព័ត៌មាន​ប្រាប់​ទៅ​វិទ្យុ ទូរទស្សន៍ ឲ្យ​បញ្ឈប់​ជួល​ម៉ោង​ផ្សាយ​ពី​ការ​រើស​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​

1134

(​ភ្នំពេញ​) ៖ ក្រសួង​ព័ត៌មាន បានសម្រេច​បញ្ឈប់​ការជួល​ម៉ោង​ផ្សាយ​នៅតាម​ស្ថានីយ​វិទ្យុ​ស្ដីពី​ការជ្រើសរើស​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​​បរទេស​។ ការបញ្ឈប់​ការជួល​ម៉ោង​នេះ គឺ​ចំពោះ​ក្រុមហ៊ុន​ណា ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។
​ ​
​បន្ទាប់ពី​មាន​ក្រុមហ៊ុន ឬ​ក្រុម​ជនខិលខូច​មួយចំនួន បាន​ជួល​ម៉ោង​វិទ្យុ​ដើម្បី​ផ្សព្វផ្សាយ​ស្ដីពី​ការជ្រើសរើស​ពលករ​ខ្មែរ​ទៅធ្វើ​ការ​​នៅ​បរទេស ដោយ​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ ក្រសួង​ព័ត៌មាន សម្រេច​បញ្ឈប់​ការជួល​ម៉ោង​ផ្សាយ​ឲ្យ​ក្រុមហ៊ុន​ទាំងអស់នោះ​។ ទោះជា​យ៉ាងណា​ ​ការបញ្ឈប់​ការជួល​ម៉ោង​នេះ ផ្ដោតទៅលើ​ក្រុមហ៊ុន​ណា ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​​វិជ្ជាជីវៈ​។
​ ​
​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ការបញ្ឈប់​ការជួល​ម៉ោង​នេះ ដើម្បី​ធានាបាន​នូវ​ការគ្រប់គ្រង​និង​ការការពារ​សុវត្ថិភាព​របស់​​ពលករ ក្នុងការ​បំពេញការងា​រ​នៅ​បរទេស និង​ជៀស​ផុតពី​ការចាញ់បោក​ជនខិលខូច​។ ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ដល់​ម្ចាស់​ស្ថានីយ​​វិទ្យុ​ទាំងអស់ ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការជួល​ម៉ោង​ផ្សាយ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​៕ដោយ៖វិបុល