ក្រសួង​ព័ត៌មាន រំលឹកឲ្យ​ឈប់​ផ្សាយ​បន្ត​នូវ​ខ្លឹមសារ ដែល​ប៉ះពាល់​ដល់​ព្រះរាជ​កិត្តិយស​របស់​ព្រះមហាក្សត្រ និង​សន្តិសុខ​ជាតិ​

928
ចែករម្លែក

​ដោយៈ ម៉េង​ឆៃ,វិបុល/​ភ្នំពេញៈ ក្រសួង​ព័ត៌មាន បានចេញ​លិខិត ជូន​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​ចាងហ្វាង​សារព័ត៌​មាន និង​ម្ចាស់​គេហទំព័រ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​បញ្ឈប់​ការដកស្រង់​ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ពី​ប្រភព​នានា មក​ផ្សព្វផ្សាយ ឬ​ផ្សាយ​បន្ត ដែល​ប៉ះពាល់​ដល់​ព្រះរាជ​កិត្តិយស​របស់​ព្រះមហាក្សត្រ​និង​សន្តិសុខ​ជាតិ​។​

ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់(រូបផេកសម្តេចហ៊ុនសែន)

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​លោក អ៊ុក ប្រាថ្នា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បង្ហាញថា «​មាន​សារព័ត៌មាន​មួយចំនួន បាន​ដកស្រង់​ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព​វីដេអូ​តាម​បណ្តាញ ទំនាក់ទំនង​សង្គម​និង​ពី​ប្រភព​នានា​មក​ផ្សព្វផ្សាយ​ឬ​ផ្សាយ​បន្ត​ដោយ​រំលេច​ខ្លឹមសារ​ដើម​ទាំង​ស្រុង​​ដែល​សកម្មភាព​នេះ ដូចជា កំពុង​ជួយ​ផ្សព្វផ្សាយ​នូវ​សារ​អវិជ្ជមាន​ទាំងនោះ ដោយ​មិនដឹង​ខ្លួន ហើយ​ខ្លឹមសារ​អត្ថបទ រូបភាព និង​វីដេអូ​មួយចំនួន បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះរាជ​កិត្តិយស​ព្រះមហាក្សត្រ និង​សន្តិសុខ​ជាតិ​»​។​

​ក្នុងន័យ​ក្រើនរំលឹក គោរព​វិជ្ជាជីវៈ គោរព​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល ជាពិសេស​អង្គ​ព្រះមហាក្សត្រ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការថែរក្សា​សុខសន្តិភាព ជូន​សង្គមជាតិ និង​ប្រជាពលរដ្ឋ ក្រសួង​ព័ត៌មាន បាន​ណែនាំ​ទៅកាន់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ចាងហ្វាង​សារព័ត៌មាន​និង​ម្ចាស់ គេហទំព័រ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​និង​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង​គ្រប់​ទិដ្ឋភាព​ដោយ​ពិចារណា​ថ្លឹងថ្លែង​ឲ្យ​បាន​ហ្មត់ចត់​អំពី​ក្រមសីលធម៌ វិជ្ជាជីវៈ និង​ទិដ្ឋភាព​ច្បាប់ ចៀសវាង​ការដកស្រង់​ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ពី​ប្រភព​នានា មិន​ច្បាស់លាស់​មក​ផ្សព្វផ្សាយ ឬ​ផ្សាយ​បន្ត បង្ក​ផលប៉ះពាល់​ដល់​សង្គមជាតិ​ទាំងមូល​៕MN

#