ក្រសួង​រៀបចំ​ដែនដី កំណត់​រុះរើ​អគារ​ប៊ូ​ឌី​ញ ចាប់ពី​ថ្ងៃទី​១៧ ខែកក្កដា ទោះជា​នៅសល់​ប្រជាពលរដ្ឋ​២៦​គ្រួសារ​មិន​យល់ព្រម​លើ​សំណង​

1136
ចែករម្លែក

(​ភ្នំពេញ​)៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បានប្រកាសថា អគារ​ប៊ូ​ឌី​ញ ឬ​អគារ “​ស​” មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​សាងសង់ឡើង នា​ឆ្នាំ​១៩៦៣ បច្ចុប្បន្ន​មាន​សភាព​ចាស់​ទ្រុឌទ្រោម ត្រូវការ​អភិវឌ្ឍ​ឡើងវិញ ដូច្នេះ​តម្រូវ​ឲ្យ​ធ្វើ​ការរុះរើ ចាប់ពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​បន្ទាប់ពី​អ្នករស់នៅ​ក្នុង​អាគារ​នេះ​ស្ទើរ​ទាំងអស់​បាន​​ព្រមព្រៀង​ទទួលយក​ថ្លៃ​ទូរ​ទាត់​មួយ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែលមាន​ក្រសួង​ដែនដី​ជា​អ្នកសម្របសម្រួល​មក​។​

​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧ បង្ហាញថា “​ការរុះរើ នឹងមាន​ការរំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​ទីតាំង ក៏ដូចជា អ្នកដំណើរ​ឆ្លងកាត់ ដែល​ទាមទារ​នូវ​ការប្រុងប្រយ័ត្ន និង​សហការ​”​។​

​រហូតដល់​ល្ងាច ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បានប្រកាសថា ប្រជាពលរដ្ឋ​ជា​ម្ចាស់​ចំណែក​ឯកជន ក្នុង​អគារ​សហកម្មសិទ្ធិ ប៊ូ​ឌី​ញ ស ចំនួន​៤៦៧ បន្ទប់​ស្នាក់នៅ បានទទួល​ប្រាក់​ទូទាត់​រួច និង​បានប្រគល់​បន្ទប់​ជូន​ក្រុមហ៊ុន ដោយបាន​ចាកចេញ​ពី​បន្ទប់​ស្នាក់នៅ​ទៅ​តាំង​ទីលំនៅ​ថ្មី តាម​បំណងប្រាថ្នា​របស់​ពួកគាត់​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានប្រកាសថា នៅ​អគារ​ប៊ូ​ឌី​ញ មាន​ប្រជាពលរដ្ឋ ជា​ម្ចាស់​បន្ទប់​ចំនួន​សរុប ៤៩៣ បន្ទប់​។ ក្នុងនោះ ក្រសួង​និង​ក្រុមហ៊ុន​ជប៉ុន បាន​ព្រមព្រៀង​ទិញ​បន្ទប់​ស្នាក់នៅ​ក្នុង​អគារ​ប៊ូ​ឌី​ញ ក្នុងតម្លៃ​១៤០០ ដុល្លារ​អាមេរិក ក្នុង ១​ម៉ែត្រការ៉េ​។​

​ចាប់តាំងពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ​នៅ​ជាន់​លើ បាន​យល់ព្រម​លក់​ផ្ទះ​របស់ខ្លួន ហើយ​ទទួល​យកលុយ​ពី​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជា​បន្តបន្ទាប់​។ ដោយឡែក ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ផ្ទះ​នៅ​អគារ​ប៊ូ​ឌី​ញ នៅ​ជាន់​ផ្ទាល់​ដី ជាង​២០ បន្ទប់ ចង់បាន​ថ្លៃ​ជាង​នេះ ហើយក៏​បន្ត​រស់នៅ​ដល់ពេលនេះ​៕ ​ដោយ ៖ម៉េងឆៃ

ចាកចេញអស់ហើយ សល់តែជាង២០បន្ទប់ ។ដោះស្រាយបានដោះទៅកុំទុកអោយមានការតវ៉ា