ក្រសួង​វប្បធម៌​វៀតណាម ​ត្រៀម​ដាក់ពិន័យ​អ្នក​ដែល​ស្លៀកពាក់​សិច​ស៊ី​នៅក្រៅ​ប្រទេស​

1016
ចែករម្លែក

​ក្រសួង​វប្បធម៌​ កីឡា​និង​ទេសចរណ៍​វៀតណាម ​កំពុង​សម្លឹងមើល​វិធី​ដើម្បី​ដាក់វិន័យ​ប្រជាពលរដ្ឋ​វៀតណាម​ណាដែល​ស្លៀកពាក់ “​សិច​ស៊ី​” នៅ​បរទេស ជាពិសេស​នាង ង៉ុ​ក ត្រិ​ញ នៅ​ទីក្រុង​កាន​។​

​នាង​ត្រិ​ញ​ បាន​បង្ហាញខ្លួន​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ លើក​ទី ៧២ នៅ​ប្រទេស​បារាំង​ កាលពី​ថ្ងៃទី ១៩ ខែឧសភា​ នៅក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ​មើល​ឆ្លុះ​ដល់​សាច់​។​

​សម្លៀកបំពាក់​នេះ​បាន​ល្បី​លើ​បណ្តាញ​ព័ត៌មាន ប៉ុន្តែ​វា​មិនបាន​ទទួល​ពាក្យ​សរសើរ​នៅក្នុង​ស្រុក​ទេ​។ “​អាសអាភាស​” “​បែក​ស្លុយ​” និង “​អាសគ្រាម​” គឺជា​ពាក្យ​ដែល​ត្រូវគេ​ប្រើ​ដើម្បី​ពណ៌នា​អំពី​សម្លៀកបំពាក់​នេះ​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​ លោក​ង្វៀន ង៉ុ​ក​ធៀន បាន​និយាយថា ឥរិយាបថ​របស់​នាង​ត្រិ​ញ ​មិន​ស្របតាម​ស្តង់ដារ​ដែល​អាច​ទទួល​យកបាន និង ធ្វើឱ្យ​ខូច​ឈ្មោះ​វៀតណាម​នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ​។​

​លោក​បាន​ប្រាប់​ពួក​សមាជិកសភា​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ​ថា “​នាង​មិនមែន​តារា​សិល្បៈ ដែល​ក្រសួង​បាន​បញ្ជូន​ទៅកាន់​ព្រឹត្តិការណ៍​នេះ​ទេ​។ សម្លៀកបំពាក់​របស់​នា​ង​គឺ​មិន​សមរម្យ សិច​ស៊ី​ហួសហេតុ និងធ្វើឱ្យមាន​កំហឹង​ជា​សាធារណៈ​”​។​

​លោក​បាន​និយាយថា ក្រសួង​កំពុង​ពិនិត្យមើល​ច្បាប់​បច្ចុប្បន្ន​ដើម្បី​ដាក់ទណ្ឌកម្ម​អាកប្បកិរិយា​បែបនេះ​។​

​វៀតណាម​ដាក់ពិន័យ​ជា​សាច់ប្រាក់​ទៅលើ​អ្នក​ដែល​ស្លៀកពាក់​សិច​ស៊ី​នៅ​កន្លែង​សាធារណៈ ហើយ​ភាគច្រើន​ការដាក់ពិន័យ​នេះ​គឺធ្វើឡើង​ចំពោះ​តារា​សិល្បៈ​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង ង៉ុ​ក ត្រិ​ញ កំពុង​ប្រឈម​ការដាក់ពិន័យ​ពី​ក្រសួង​វប្បធម៌