ក្រសួង​វប្បធម៌ ប្រកាសថា​នឹង​ចាត់ការ​តាមច្បាប់​ចំពោះ​អ្នក​លួច​ស្នាដៃ​និពន្ធ​

72
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បានចេញ​សេចក្តី​ប្រកាសថា “ ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ សូម​ជម្រាបជូន​អ្នកនិពន្ធ ផលិតករ​ភាពយន្ត វិ​ដេ​អូ ផលិតករ​ហ្វូ​ណូ​ក្រាម អង្គភាព​ទូរ​ផ្សា ( វិទ្យុ ទូរទស្សន៍ ) សិល្បករ សិល្បការិនី បណ្តា​ក្រុមហ៊ុន​ផលិតកម្ម និង បុគ្គល​មួយចំនួន ទាំង​នៅក្នុង​ប្រទេស និង ក្រៅប្រទេស ដែល​បាន​យក​ស្នាដៃ​គ្មាន​អ្នកទទួល​មរតក ឬ គ្មាន​មរតកសាសន៍ ទៅ​ផលិត​ឡើងវិញ សម្តែង​ឡើងវិញ ថត​បញ្ចូល​ទៅជា​សោតទស្សន៍ ដើម្បី ចែក​ផ្សាយ និង ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ទូរ​ផ្សាយ និង បណ្តាញ​សង្គម​នានា ដោយ​ពុំមាន​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ គឺជា​អំពើ​ខុសច្បាប់ ។ ប្រការនេះ អ្នកនិពន្ធ ម្ចាស់​អង្គភាព​ទូរ​ផ្សាយ ក្រុមហ៊ុន​ផលិតកម្ម ផលិតករ សិល្បករ សិល្បការិនី និង បុគ្គល​មួយចំនួន ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​រាល់​សកម្មភាព​រំលោភបំពាន​ខាងលើ ដើម្បី ចូលរួម​គោរព​ច្បាប់​ស្តីពី “ សិទ្ធិ​អ្នកនិពន្ធ និង សិទ្ធិ​ប្រហាក់ប្រហែល “ ទាំងអស់គ្នា ។​


​ក្រសួង​វប្បធម៌​បាន​រំឭក​ឡើងវិញ​ថា ទោះបី​កន្លងមក ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បាន​ពន្យល់​ណែនាំ និង ចេញ​ផ្សា​ច្បាប់​ស្តីពី “ សិទ្ធិ​អ្នកនិពន្ធ និង សិទ្ធិ​ប្រហាក់ប្រហែល “ កាលពី​ខែ មីនា ឆ្នាំ ២០០៣ ជាច្រើនលើក​ច្រើនដង​ក៏ដោយ ក្រសួង​នៅតែ​សង្កេតឃើញថា បណ្តាញ អង្គភាព​ទូរ​ផ្សាយ ក្រុមហ៊ុន​ផលិតកម្ម និង បុគ្គល​មួយចំនួន ទាំង​នៅក្នុង និង ក្រៅប្រទេស បាន និង កំពុង​ប្រើប្រាស់​ស្នាដៃ​អក្សរសាស្ត្រ សិល្បៈ ឬ តូរ្យតន្ត្រី​គ្មាន​អ្នកទទួល​មរតក ឬ មរតកសាសន៍ ដើម្បី យកទៅ​ផលិត​ឡើងវិញ សម្តែង​ឡើងវិញ ថត​បញ្ចូល​ទៅជា​សោតទស្សន៍ ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​នានា ដូចជា Facebook និង Youtube ជាដើម ដោយ​ពុំមាន​ការអនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល ។


​ដោយហេតុនេះ ក្រសួង​វប្បធម៌ បាន​ព្រមាន​ថា ក្នុងករណី​នៅតែ​រំលោភបំពាន ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ Kh

ក្រសួង​វប្បធម៌ ប្រកាសថា​នឹងមិន​អត់ឱន​ដល់​អ្នក​លួច​ស្នាដៃ​គ្មាន​មរតកសាសន៍​ឡើយ ( រូបៈ ឯកសារ )