ក្រសួង​សាធារណការ​និង​ធនាគារ​កម្ពុជា​សាធារណៈ​សហការ​ប្រមូល​កម្រៃ​សេវាសាធារណៈ​

383
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ធនាគារ​កម្ពុជា​សាធារណៈ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​សម្រាប់​ការប្រមូល​កម្រៃ​សេវាសាធារណៈ​។​ពិធី​ចុះហត្ថលេខា បាន​ត្រូវធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ​។​ ​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​សាធារណជន​ទទួលបាន​សេវា​ចុះបញ្ជី​យានយន្ត​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត សេវា​ចេញ​បណ្ណ​បើកបរ និង​សេវា​លើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​។​

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​លោក​ដា​តុ​ផាន​យិ​ង​ថុង​ប្រធាន​ធនាគារ​ប្រចាំ​តំបន់​ប្រតិបត្តិការ​ឥណ្ឌូចិន​នៃ​ធនាគារ​កម្ពុជា​សាធារណៈ​បាន​មានប្រសាសន៍ថា​៖​លោក​សូម​សម្តែង​នូវ​អំណរ​សាទរ​ដល់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​លើ​គំនិត​ផ្តួចផ្តើម​និង​សមិទ្ធិផល​ដ៏​មានតម្លៃ​ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​និង​ប្រព័ន្ធ​គម​នា​មន៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដូចជា​ការពង្រីក​វិសាលភាព​នៃ​ផ្លូវ​រថយន្តក្រុង​ការសាងសង់​សួនច្បារ​សាធារណៈ​និង​ចិញ្ចើមផ្លូវ​ក្នុង​ទីក្រុង ព្រមទាំង​សមិទ្ធិផល​ផ្សេងៗ​ទៀត និង​ទំនើបកម្ម​សេវាសាធារណៈ ដូចជា​ការចុះបញ្ជី​យានយន្ត និង​ការទូទាត់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​បាន​ចូលរួមចំណែក​ជា​វិជ្ជមាន​ក្នុងការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​និង​កាត់បន្ថយ​ចំណាយ​លើ​ការធ្វើ​អាជីវកម្ម​បូករួម​ទាំង​ផ្តល់​ភាពងាយស្រួល​បន្ថែម​ដល់​សាធារណជន​ទូទៅ​។​

​លោក​ដា​តុ​បាន​គូសបញ្ជាក់ថា​៖​ជាក់ស្ដែង​ធនាគារ​កម្ពុជា​សាធារណៈ​ពិតជា​មាន​មោទនភាព​និង​កិត្តិយស​ក្រៃលែង​ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​ទទួលបាន​ការតែងតាំង​ដោយ​ក្រសួង​សា​រណការ​និង​ដឹកជញ្ជូន​។​ដើម្បី​ប្រមូល​កម្រៃ​សេវាសាធារណៈ​ជំនួស​ឱ្យ​រាជរដ្ឋាភិបាល​ដូចជា​៖​សេវា​ចុះបញ្ជី​យានយន្ត​,​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​,​សេវា​ចេញ​បណ្ណ​បើកបរ​និង​សេវា​លើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​។​

លោក​ប្រធាន​ធនាគារ​ប្រចាំ​តំបន់​ប្រតិបត្តិការ​ឥណ្ឌូចិន​នៃ​ធនាគារ​កម្ពុជា​សាធារណៈ​បាន​គូសបញ្ជាក់​បន្ថែមថា​៖«​ការតែងតាំង​ធនាគារ​កម្ពុជា​សាធារណៈ​ធ្វើជា​ភ្នាក់ងារ​ប្រមូល​សេវាសាធារណៈ​មិន​ត្រឹមតែ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ទំនុកចិត្ត​និង​ភាពជឿជាក់​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ថែមទាំង​ការទទួលស្គាល់​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​លើ​ធនាគារ​ក្នុងការ​ប្រមូល​ចំណូល​មូលនិធិ​សាធារណៈ​។​

​ជាមួយនឹង​កំណើន​យានជំនិះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប្រមាណ​៤.៥២​លាន​គ្រឿង​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​ឬ​មាន​អត្រាកំណើន​ជា​មធ្យម​១៥.៦​ភាគរយ​ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៨​ដោយ​ក្នុងនោះ​មាន​ប្រមាណ​១៤.៦​ភាគរយ​ឬ​៦៦០.០០០​គ្រឿង​ជា​យានយន្ត​ធនាគារ​យើងខ្ញុំ​មាន​សុ​ទិ​ដ្និ​និយម​ក្នុងការ​ដើរតួនាទី​យ៉ាងសំខាន់​ដើម្បី​ធានា​ការប្រមូល​ចំណូល​សេវាសាធារណៈ​លើ​ការចុះបញ្ជី​យានយន្ដ​និង​ពន្ធ​មាន​ភាព​ឆាប់រហ័ស​និង​ប្រសិទ្ធភាព​»​។​

​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​មិន​ត្រឹមតែ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការសហការ​អាជីវ​កក​ម្ម​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និង​ធនាគារ​កម្ពុជា​សាធារណៈ​ប៉ុណ្ណោះ​ទេ ។​ប៉ុន្តែ​ថែមទាំង​ផ្តល់ឱកាស​ក្នុងការ​សហការ​កាន់តែ​ស៊ីជម្រៅ​លើ​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត រួម ទាំង​សេវា​ប្រមូល​ចំណូល​តាម​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក​តាម​អ៊ី​ន​ធើ​ណេ​ត​និង​ទូរស័ព្ទដៃ​និង​សេវាកម្ម​ឌីជីថល​ជាច្រើន​ទៀត​នាពេល​អនាគត​។​

​លោក​ពៅ​ម៉ាលី​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថា​៖«​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ជាការ​ប្រពៃ​ណាស់​អាចជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការទទួល​សេវាសាធារណៈ​ចំណេញ​ពេលវេលា​រហ័ស​និង​កាត់បន្ថយ​ចំណាយ​។​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាននិងកំពុង​តែ​ខិតខំ​អភិវឌ្ឍ​និង​កែទម្រង់​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​សេវាសាធារណៈ​កាន់តែ​ងាយស្រួល រហ័ស និង​មាន​ប្រសិទ្ធភាព »៕S/

​ចំណងជើង​រូបថត​៖​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ធនាគារ​កម្ពុជា​សាធារណៈ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​សម្រាប់​ការប្រមូល​កម្រៃ​សេវាសាធារណៈ​(​រូបៈ​សុផល​)