ក្រសួង​សាធារណការ រៀបចំ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ភ្នំពេញ​-​ក្រចេះ

1100
ចែករម្លែក

​ភ្នំពេញ​៖ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរការ​កាណូត​ដឹក​អ្នកដំណើរ ពី​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ រួចហើយ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាស​ពី​គម្រោង​រៀបចំ​ការដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកជញ្ជូន​ទំនិញ តាមផ្លូវ​ទឹក ពី​ភ្នំពេញ ទៅ​ខេត្តក្រចេះ​។

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង តាមរយៈ​អង្គការ KOICA ដោយបាន​បញ្ចប់​ការសិក្សា​គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ភ្នំពេញ​-​ក្រចេះ ចប់សព្វគ្រប់​អស់ហើយ​។ ដូច្នេះ នៅពេល​ខាងមុខនេះ ក្រសួង នឹង​កសាង​កំពង់ផែ ១​ទៀត នៅ​ទន្លេ​បិទ ខេត្តកំពង់ចាម ដើម្បី​ជំរុញ​ការដឹក​ជ​ញ្ជូ​តាមផ្លូវ​ទឹក​។

​លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា “​យើងខ្ញុំ​កំពុងតែ​ខិតខំ​ប្រឹងប្រែង​រៀបចំ​ជំរុញ​ឲ្យ​មានការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក ទាំង​មនុស្ស ទាំង​ទំនិញ តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​។ ជំរុញ​ឲ្យ​យើង​ធ្វើការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ឲ្យ​បាន​ច្រើន​។ ប្រទេសជាតិ​យើង​នេះ សំបូរ​ដោយ​ទឹក ទន្លេ​។ យើង​មាន​ទន្លេមេគង្គ យើង​មាន​ទន្លេសាប ទន្លេបាសាក់ សេកុង សេ​សែន ស្រែ​ពក​។​ល​។ និង​។​ល​។ ក៏ប៉ុន្តែ​យើង​មិនទាន់បាន​ប្រើប្រាស់​ទន្លេ​របស់​យើង ឲ្យ​អស់ពី​សក្តានុពល​នោះទេ​។ ដូច្នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន លោក​បានផ្តល់​អនុសាសន៍​ថា ឲ្យ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឲ្យ​មានការ​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ផងដែរ​”​។​

​លោក​រដ្ឋមន្ត្រី​ស៊ុនចាន់ថុល បន្តថា “​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការគ្នាជាមួយ​នឹង​កូរ៉េ KOICA បាន​សិក្សា​ចប់សព្វគ្រប់​ការរៀប​ចំ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ភ្នំពេញ​ទៅដល់​ក្រចេះ​។ បានធ្វើ​ចប់សព្វគ្រប់​ហើយ​។ អីចឹង​យើង​បន្តិចទៀត មានការ​កសាង​កំពុងផែ​មួយទៀត នៅ​ទន្លេ​បិទ​របស់​យើង ដើម្បី​ងាយស្រួល​ដល់​បងប្អូន​ដឹក​កសិករ​ផល​របស់​យើង ពី​ខេត្ត​នៅ​ខាងលើ ចុះ​មកដល់​កំពង់ផែ​យើង​តែម្តង ឬក៏​ដឹក​យកទៅលក់​នៅ​បរទេស​តែម្តង​”៕ ដោយ​៖ ម៉េង​ឆៃ​