ក្រសួង​សេដ្ឋកិច្ចនិង​ធនាគារជាតិ អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​ដល់​ប្រជាកសិករ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

1076
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​,តារារិទ្ធ/​ភ្នំពេញៈ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដោះស្រាយ​ដោយ​ទន់ភ្លន់ និង​អនុគ្រោះ​ដល់​ប្រជាកសិករ ដែល​បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។ ឆ្លើយតប​នឹង​ការអំពាវនាវ​នេះ សមាគម​មីក្រូ ហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​ប្រកាស​ទទួលយក ហើយ​ត្រៀមលក្ខណៈ​ចូលរួម​ក្នុង​យន្តការ​សមស្រប ដើម្បី សម្រាល​បន្ទុក​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយផ្ទាល់​ពី​គ្រោះធម្មជាតិ នាពេលនេះ​។​
​ ​សេចក្តីថ្លែងការណ៍​រួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា នាពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល បាន​សង្កេតឃើញថា នៅតាម​បណ្តា​ខេត្ត​មួយចំនួន បានទទួល​រងគ្រោះ​ទឹកជំនន់ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ជាពិសេស​ផលរបរ​កសិកម្ម​រប​ស់​ប្រជាកសិករ​។
​ដើម្បី​សម្រួល​ដល់​ការ​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ដែល​អាច​កើតមាន​ពី​គ្រោះទឹកជំនន់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​អំពាវនាវ ៣ ចំណុច និង​លើកទឹកចិត្ត​ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ រួមមាន​៖ ទី​១-​បន្ត​ផ្តល់​ឥណទាន​ដោយ​ប្រុងប្រយ័ត្ន និង​មាន​យន្តការ​ដោះស្រាយ​ទន់ភ្លន់​ចំពោះ​អតិថិជន ដែល​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ជាក់ស្តែង ដើម្បី​រក្សា​ស្ថិរភាព និង​ភាពរឹងមាំ​របស់​វិស័យ​ហិរញ្ញវត្ថុ​។ ទី​២-​បន្ត​ពិនិត្យ និង​វាយតម្លៃ​លទ្ធភាព​សង​របស់​ប្រជាកសិករ ដែល​បាន​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​បន្ធូរបន្ថយរ​យៈ​ពេល​សង បន្ថយ​អត្រា​ការប្រាក់ ឬ​មិន​យកការប្រាក់ ក្នុង​រយៈពេល​ណាមួយ និង​មិនត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ប្រជាកសិករ ព្រមទាំង​ផ្តល់​ដំណោះស្រាយ​សមស្រប​ផ្សេងៗ និង​ទី​៣-​បន្ត​តាមដាន​ស្ថានភាព និង​ផលប៉ះពាល់​នៃ​គ្រោះទឹកជំនន់​លើ​ប្រជាកសិករ និង​ផ្តល់​ការគាំទ្រ​ចាំបាច់ ស្របតាម​កាលៈទេសៈ​ជាក់ស្តែង​។​
​ឆ្លើយតប​នឹង​ការអំពាវនាវ​ខាងលើ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​ប្រកាស​ទទួលយក ហើយ​ត្រៀមលក្ខណៈ​ចូលរួម​សហការ​ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាកសិករ ដែល​បាន​ទទួលរង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ជាក់ស្តែង​។​
​ជាមួយគ្នា​នោះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​ប្រកាស​អំពាវនាវ និង​លើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ជា​សមាជិក​ទាំងអស់ មេត្តា​អនុវត្ត​ការងារ​បន្ថែមទៀត ២ ចំណុច គឺ​ទី​១-​បន្ត​ផ្តល់​ឥណទាន​ដោយ​ប្រុងប្រយ័ត្ន ដោយ​ពិនិត្យ​លទ្ធភាព​សង​ជាក់ស្តែង និង​ផ្តល់​យន្តការ​ដោះស្រាយ​ទន់ភ្លន់ ចំពោះ​អតិថិជន ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ និង​ទី​២-​បន្ត​តាមដាន​ស្ថានភាព និង​ផលប៉ះពាល់​នៃ​គ្រោះធម្មជាតិ លើ​អតិថិជន​គ្រះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ផ្តល់​ការគាំទ្រ​ចាំបាច់ ស្របតាម​កាលៈទេសៈ​ជាក់ស្តែង និង​រាយការណ៍​មក​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ឲ្យ​ទាន់ពេលវេលា​។​
​សូម​រម្លឹកថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ មេត្តា​ពិនិត្យ​លទ្ធភាព​អនុគ្រោះ​ដល់​ប្រជាកសិករ ដែល​បាន​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ ដូចជា ការបន្ធូរបន្ថយ​រយៈ​ពេល​សង បន្ថយ​អត្រា​ការប្រាក់ ឬក៏​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ ជាដើម​។​
​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អាកាសធាតុ ដែល​អាច​បង្ក​ជា​ទឹកជំនន់ ក៏ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៤ ខែសីហា បានប្រកាសថា កម្ពុជា​នឹងរង​សម្ពាធ​ខ្យល់មូសុង​និរតី ធ្វើដំណើរ​ពី​តំបន់​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ​។ ឥទ្ធិពល​នេះ នឹងធ្វើ​ឲ្យ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​បណ្ដា​ខេត្ត ដែល​ស្ថិតនៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម អាច​នឹង​បង្ក​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។ ចំណែក បណ្ដា​រាជធានី​-​ខេត្ត​ដទៃទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិច​ទៅ​បង្គួរ​ផងដែរ​។​
​ ​ជាមួយនឹង​ស្ថានភាព​ភ្លៀង ដែល​នឹង​បន្ត​ធ្លា​ក់នៅ​ទូទាំងប្រទេស​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ទឹកភ្លៀង​អាច​នឹង​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ ហក់​ឡើង​ជាថ្មី​ម្តងទៀត​។ បន្ថែម​ពីនេះ ក្រសួង ក៏បាន​ប្រកាសថា កំពុង​បន្ត​តាមដាន​លើ​បាតុភូតធម្មជាតិ​នេះ យ៉ាង​យកចិត្តទុកដាក់ ហើយនឹង​ជម្រាបជូន​នូវ​ព័ត៌មាន​ជា​បន្តបន្ទាប់​បន្ថែមទៀត​។​
​សូម​រម្លឹកថា នៅពេលនេះ តាម​បណ្តា​ខេត្ត​ជាច្រើន​កំពុង​ជួបប្រទះ​គ្រោះទឹកជំនន់ ដោយ​ទឹកភ្លៀង និង​គ្រោះទឹកជំនន់ ដោយ​ទឹកទន្លេ​មេគង្គ​។ ក្នុងនោះ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ខេត្តកណ្តាល និង​នៅ​ខេត្តព្រៃវែង កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៨​ម៉ឺន​គ្រួសារ ហើយ​សម្លាប់​មនុស្ស​ជាង ២០​នាក់​។​
​ដោយឡែក នៅ​ខេត្ត​ផ្សេងទៀត ដូចជា នៅ​ខេត្តរតនគិរី ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​ព្រះសីហនុ ជាដើម ក៏បាន​ជួបប្រទះ​គ្រោះទឹកជំនន់ ដោយ​ទឹកភ្លៀង ជា​បន្តបន្ទាប់​។​
​ចំពោះមុខ​គ្រោះធម្មជាតិ​នេះ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស​កាកបាទក្រហម​កម្ពុជា ក៏បាន​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ព្រមទាំង​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​ជាច្រើន​គ្រួសារ តាម​បណ្តា​ខេត្ត​រងគ្រោះ​ផងដែរ​៕សរន


#