ក្រសួង​សេដ្ឋ​កិ​ច្ចៈ​វិស័យ​អចលនទ្រព្យ​នឹង​បន្ត​កំណើន​រ៉ឹង​មាំ ខណៈ​និន្នាការ​វិនិយោគ​ថយចុះ​

689
ចែករម្លែក

ដោយ​​ច្រាយ ចំណាន​/​ភ្នំពេញ​: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ព្យាករណ៍​ថា វិស័យ​អចលនទ្រព្យ​នឹង​បន្ត​មាន​កំណើន​រ៉ឹង​មាំ​ក្នុងឆ្នាំនេះ និង​ឆ្នាំ​២០១៩​ខាងមុខ បើទោះបី​ទីផ្សារ​បាន​ងាក​ទៅកាន់​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម​ក្តី​។​

​យោងតាម​ឯកសារ​សមិទ្ធកម្ម និង​ទស្សនវិស័យ​របស់​អគ្គ​នាយកដ្ឋាន​គោលនយោបាយ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា វិស័យ​អចលនទ្រព្យ នឹង​នៅ​បន្ត​មាន​កំណើន​រឹងមាំ​ក្នុង​រង្វង់​៨,៥​ភាគរយ ក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ប៉ុន្តែ​មានការ​ធ្លាក់ចុះ​បន្តិចបន្តួច​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៧​។​
​វិស័យ​អចលនទ្រព្យ​បានរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ដោយបាន​ក្លាយជា កំលាំងចលករ​ធំ​ទី​២ ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ បន្ទាប់ពី​វិស័យ​វាយណភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង ដែលជា​វិស័យ​នាំចេញ​ធំជាងគេ​ទី​១​របស់​កម្ពុជា​។​
​ទោះជា​យ៉ាងណា​នៅក្នុង​ទីផ្សារ​នេះ អ្នកជំនាញ​បានលើកឡើង​ថា ស្ថានភាព​នៅ​កម្ពុជា កំពុង​តែមាន​ភាព​ផ្លាស់ប្តូរ​និន្នាការ​មួយចំនួន​ក្នុង​វិស័យនេះ​។​

​អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong​លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែងថា ក្នុងឆ្នាំនេះ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ នៅតែមាន​ភាព​រ៉ឹង​មាំ ប៉ុន្តែ​ដោយសារ​វា​ជា​ឆ្នាំ​នៃ​ការបោះឆ្នោត មាន​អ្នកវិនិយោគ​មួយចំនួន​មានការ​ប្រុងប្រយ័ត្ន បើទោះជា​ស្ថានភាព​នយោបាយ​មិនមាន​អ្វី​ប្រែប្រួល​ក្តី ប៉ុន្តែ​អារម្មណ៍​របស់​ប្រជាជន​នៅតែ​គិត​។​លោក​បន្តថា ផ្ទុយទៅវិញ ប្រសិនជា​យើង​មើល​និន្នាការ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ជាទូទៅ​គឺមាន​និន្នាការ​ថយចុះ ប៉ុន្តែ​ជា​ច​ក្ខ​វិស័យ​សម្រាប់​រយៈពេល​វែង វិស័យនេះ​នៅតែមាន​ភាពល្អប្រសើរ​និង​រីកចម្រើន​បន្តទៀត​។​

​លោក​បន្តថា អ្វី​នៅ​ពីក្រោយ​ភាព​រីកចម្រើន​នេះ ដោយសារ​កត្តា​មួយចំនួន​ដូចជា ទី​១ ប្រទេស​កម្ពុជា​កំពុងអភិវឌ្ឍន៍ ដែល​អ្នក​អភិវឌ្ឍន៍​អាច​ចាប់យក​ឳ​កាស និង​អាច​រកបាន​ប្រាក់ចំណេញ​ច្រើន ទី​២ ប្រទេស​នេះ​មាន​ប្រាក់ចំណេញ​ខ្ពស់ ពី​ការវិនិយោគ​ច្រើនជាង​ប្រទេស​អភិវឌ្ឍន៍​ហើយ ទី​៣ កំណើនសេដ្ឋកិច្ច និង​ការកើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ជា​ចលករ​ជួយ​ជម្រុញ​វិស័យនេះ​កាន់តែ​មាន​ភាព​រ៉ឹង​មាំ ទី​៤ ការគាំទ្រ​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ និង​ទី​៥ ការវិនិយោគ​បន្ថែម​ពី​អ្នកវិនិយោគ​បរទេស​លើ​គំរោង​នានា ដើម្បី​ពង្រីក​មូលដ្ឋាន​អាជីវកម្ម​របស់​ពួកគេ​(Investment Fund)​។​

​នាយិការ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia អ្នកនាង អាន សុធី​តា បាន​ថ្លែងថា ក្នុងឆ្នាំនេះ​យើង​សង្កេតឃើញថា គំរោង​វិនិយោគ​ថ្មី​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​បាន​ថយចុះ ដែល​មិនមែន​ដោយសារ​ការបោះឆ្នោត​នោះទេ ប៉ុន្តែ​ដោយសារ​កត្តា​ទីផ្សារ​ខ្លួនឯង ព្រោះ​គំរោង​អភិវឌ្ឍន៍​កន្លងមក​៨០​ភាគរយ ជា​លំនៅដ្ឋាន ហេតុនេះ​ទីផ្សារ​ត្រូវការ​ពេលវេលា ដើម្បី​ទទួលយក​តម្រូវ​ការបន្ថែម​។​
​អ្នកនាង​បន្តថា “​កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​បរទេស​មួយចំនួន​នៅ​រង់​ចាំមើល​ស្ថានភាព​ទីផ្សារ ប៉ុន្តែ​មិនមែន​ពួកគេ​ពន្យា​ពេល​គំរោង​របស់​ពួកគេ​នោះទេ​”​។​អ្នកនាង​បន្ថែមថា “​បើ​មើល​ទីផ្សារ​វា​មិន​លើស​តម្រូវការ​នោះទេ ប៉ុន្តែ​វា​បាន​ផ្លាស់ប្តូរ​និន្នាការ​ពី​បែប​ប្រពៃណី មកកាន់​ស្តង់ដា​កាន់តែ​ទំនើប​ជាង​មុន​”៕ R