ក្រសួង​ស្នើ​សមាគម CATA ជំរុញឱ្យមាន​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​នៅ​ខេត្តកំពត​ឱ្យបាន​ច្រើន​

246
ចែករម្លែក

ដោយ​: មូល​សម្បត្តិ​
​ភ្នំពេញ​:
ខេត្តកំពត​បាន​នឹង​កំពុង​ពង្រីក​សក្ដានុពល​យ៉ាង​សម្បូរបែប​លើ​វិស័យ​ទេសចរណ៍ ហើយ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ក៏​ចេះតែ​កើនឡើង​ផងដែរ ។​ប៉ុន្តែ​តំបន់​ទេសចរណ៍​ថ្មីៗ​នៅក្នុង​ខេត្ត​ភាគ​និរតី​មួយ​នេះ ហាក់​មិនទាន់​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​នៅឡើយ ខណៈ​ការរៀបចំ​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​ពី​សំណាក់​ក្រុមហ៊ុន​ទេសចរណ៍ ឬ​ទីភ្នាក់ងារ​ទេសចរណ៍ ក៏​មិនទាន់​ត្រូវបាន​បង្កើត​ច្រើន​នៅឡើយ​ដែរ​។​នេះ​បើតាម​វេ​ប​សាយ​ក្រសួងទេសចរណ៍​បាន​ផ្សាយ​អោយដឹង​នៅ​ថ្ងៃទី​៥​ខែកក្កដា​នេះ​។​

​ការលើកឡើង​នេះ​ត្រូវបាន​លើកឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​មួយ អំពី​ការអភិវឌ្ឍ​ក​សិ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​ក​សិ​ទេសចរណ៍​នៅ​ចម្ការ​ម្រេច «​ឡា​ផ្លេ​ន​ថេ​សិន La Plantation» ស្ថិតនៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត នា​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​។​

​ទស្សនកិច្ច​សិក្សា​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក ថោង រដ្ឋ​ស័ក្តិ អគ្គនាយក​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងទេសចរណ៍ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) លោក Nathalie CHABOCHE និង​លោកស្រី ដែលជា​ម្ចាស់​ចម្ការ​ម្រេច ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ប្រធាន​មន្ទីរ​ទេសចរណ៍​-​តំណាង​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​មន្ត្រីរាជការ​នៃ​ក្រសួងទេសចរណ៍​ជាច្រើនរូប​។​

​លោក សយ ស៊ីណ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ន​នៅ​ខេត្តកំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ១៧​កន្លែង សហគមន៍​ទេសចរណ៍​ចំនួន ៤​កន្លែង និង​គោលដៅ​ទាក់ទាញ​ខ្លាំង​ចំនួន ៤​កន្លែង ប៉ុន្តែ​តំបន់​ទេសចរណ៍​ថ្មីៗ​មួយចំនួនទៀត នៅ​មិនទាន់មាន​ការរៀបចំ​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​នៅឡើយ​។​

​លោក តុ​ប សុភ័ក បាន​ជំរុញ​ឱ្យ​សមាគម CATA ធ្វើយ៉ាងណា​បង្កើតឱ្យមាន​ការសិក្សា​រៀបចំ​ឱ្យមាន​ខ្សែ​ទស្សនកិច្ច មកកាន់​តំបន់​ទេសចរណ៍​នានា​នៅ​ខេត្តកំពត​នេះ​ផងដែរ ពិសេស​គឺ​តំបន់​ចម្ការ​ម្រេច «​ឡា​ផ្លេ​ន​ថេ​សិន La Plantation» នេះ​តែម្ដង ពីព្រោះ​នៅ​តំបន់​ក​សិ​ទេសចរណ៍​នេះ ពិត​ជាមាន​សក្ដានុពល​ខ្លាំង​ណាស់ដែរ​។​

​ឆ្លើយតប​នឹង​សំណើ​ខាងលើនេះ លោកស្រី ឆាយ ស៊ីវ​លីន បានឱ្យដឹងថា ដើម្បី​រៀបចំ​ឱ្យមាន​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​នៅ​តំបន់​ក​សិ​ទេសចរណ៍​នេះ​បាន ចាំបាច់​ត្រូវមាន​អ្នកជំនាញ​ចុះមក​សិក្សា​ឱ្យបាន​ហ្ម​ត​ចត់​សិន ដើម្បី​លម្អិត​ពី​ព័ត៌មាន​នានា​នៅ​តំបន់​នេះ ងាយស្រួល​ក្នុងការ​ពន្យល់​ប្រាប់​ក្រុម​ទេសចរណ៍​។​

​ប្រធាន​សមាគម CATA រូបនេះ ក៏បាន​ស្នើឱ្យ​ម្ចាស់ និង​អ្នកគ្រប់គ្រង​ក្នុង​ចម្ការ​ម្រេច​ខាងលើ គប្បី​រៀបចំ​ឱ្យមាន​សេវាកម្ម និង​មធ្យោបាយ​ដើរ​ទស្សនា​កម្សាន្ត​បន្ថែម ម្យ៉ាងទៀត​ក៏ត្រូវ​បង្កើតឱ្យមាន​សេវា​ស្នាក់នៅ​ជាមុនសិន ដើម្បី​បំពេញតម្រូវការ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​នៅទីនេះ​៕ ល​