ក្រសួង​អប់រំ​និង​ប្រៃសណីយ​និង​ក្រុមហ៊ុន​វៀត​ធេ​ល​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ

1028
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមប្រឹក្សា​មូលនិធិ​នៃ​ការកសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​-​គមនាគមន៍​និង​ព័ត៌មាន​(​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​.)​នៃ​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​, ក្រសួង​អប់រំ យុវជន និង​កីឡា​និង​ក្រុមហ៊ុន Viettel(Cambodia)​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ត្រីភាគី​ដើម្បី​អនុវត្ត​គម្រោង​បំពាក់​កុំព្យូទ័រ​និង​សម្ភារៈ​បច្ចេកទេស​គាំទ្រ​ការបង្រៀន​បច្ចេកវិទ្យា​គ​មនាគ​មន៍​និង​ព័ត៌មាន នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​។​
​ ​
​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា និង​លោក ង្វៀន ថា​ញ់​យឿ​ង​អគ្គនាយក​ក្រុមហ៊ុន​វៀត​ធេ​ល បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​

​ការអនុវត្ត​គម្រោង​នេះ​មាន​គោលដៅ​ចម្បង​គឺ​បំពាក់​បំ​ណិ​ន​វិជ្ជាជីវៈ​ខាង​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ដល់​សិស្ស​មធ្យមសិក្សា​ក៏ដូចជា​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពួកគាត់​ក្នុងការ​ចាប់យក​ជំនាញ​បច្ចេកវិទ្យា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​បន្ថែម​ពីលើ​នេះ​គម្រោង​នេះ​មានបំណង​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា សម្រាប់​បម្រើ​ដល់​គោលដៅ​អប់រំ​ផ្សេងទៀត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែរ​។

ការបំពាក់​ឧបករណ៍​សម្ភារៈ​នៃ​គម្រោង​នេះ​នឹងធ្វើ​នៅ​សាលា​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន ២០ ដែល​ជ្រើសរើស​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ហើយ​ការជ្រើសរើស​នឹង​រួចរាល់​ក្នុង​ឆ្នាំ​២០១៩ នេះ​។​រីឯ​ថវិកា​ប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង​នេះ​គឺជា​ថវិកា​មូលនិធិ​ស​.​អ​.​ដែលជា​ចំណែក​វិភាគទាន​បង់​ដោយ​ក្រុមហ៊ុន Viettel (Cambodia) ។​

​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​បាន​មានប្រសាសន៍ថា​“​ការបំពាក់​បន្ទប់​កុំព្យូទ័រ​និង​ការបណ្តុះបណ្តាល​មុខវិជ្ជា​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(ICT)​គឺ​ស្របតាម​គោលដៅ​គោលនយោបាយ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្នុង​គោលបំណង​ធានា​ឱ្យបាន​ថា​សិស្សានុសិស្ស​ដែល​បញ្ចប់​មធ្យមសិក្សា​ទុ​តុ​យ​ភូមិ​មានចំណេះដឹង​មូលដ្ឋាន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​និង​សារគមនាគមន៍ បម្រើ​ការងារ និង​ការបន្ត​ការសិក្សា​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា​”​។​
​ ​
​លោក​ត្រាំ​អ៊ីវតឹក​បានលើកឡើង​ថា​៖“​ការអនុវត្ត​គម្រោង​នេះ​គឺជា​ការអនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុងការ​រៀបចំខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។ ធនធានមនុស្ស​ជំនាញ​ខាង​ផ្នែក​បច្ចេកវិទ្យា និង​ផ្នត់គំនិត​ឌីជីថល គឺជា​សសរ​ទ្រទ្រង់​ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ឌីជីថល​នេះ ។

​នាពេល​បច្ចុប្បន្ន ធនធានមនុស្ស ក៏​ដូ​ជា​អ្នកជំនាញ​ផ្នែក​នេះ​នៅមានកម្រិត​នៅឡើយ ហេតុនេះហើយ បានជា​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ស្នើ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​រួមជាមួយ​វិស័យ​ឯកជន​ដាក់ចេញ​នូវ​សកម្មភាព​ជាក់លាក់​សម្រាប់​អន្តរាគមន៍​លើ​បញ្ហា​ធនធានមនុស្ស​នេះ​”​។​

លោក ង្វៀន ថា​ញ់ ញឿ​ង អគ្គនាយក​ក្រុមហ៊ុន​Viettel(Cambodia)​បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​ថា​“​ក្នុងនាម​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន Viettel(Cambodia)​ពិតជា​រីករាយ​ក្នុងការ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​និង​ជំរុញ​ទៅលើ​ការអភិវឌ្ឍ ការស្រាវជ្រាវ និង​នវានុវត្តន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​។ ក្រុមហ៊ុន Viettel (Cambodia)​ប្តេជ្ញា​ថា​នៅតែ​បន្ត​រក្សា​តុល្យភាព​ក្នុងការ​រួមចំណែក​រវាង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​និង​ការអភិវឌ្ឍ​សង្គម​”​។​

​នៅក្នុង​ការផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារពត៌មាន​ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ បានឱ្យដឹងថា​៖ គម្រោង​នេះ នឹង​អនុវត្ត​ជាមួយ​សាលា​ចំនួន​២០​រយៈពេល​២​ឆ្នាំ​។​ថវិកា​ជិត​៨០​ម៉ឺន​ដុល្លារ​ដែល​បានមកពី​មូលនិធិ​ការកសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​-​គមនាគមន៍​និង​ព័ត៌មាន​ដែលជា​ការចូលរួម​វិភាគទាន​ពី​ក្រុមហ៊ុន​វៀត​ធេ​ល​និង​បដិភាគ​ពី​ក្រសួង​អប់រំ​នឹង​ប្រើ​សម្រាប់​អនុវត្ត​គម្រោង​នេះ​៕S/

ចំណងជើង​រូបថត​៖​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក ង្វៀន ថា​ញ់​យឿ​ង អគ្គនាយក​ក្រុមហ៊ុន​វៀត​ធេ​ល បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​(​រូបៈ​សុផល​)