ក្រសួង​អប់រំ​៖ ការរៀបចំ​ប្រឡង​បាក់​ឌុប​រលូន​ល្អ និង​ឱ្យ​បេក្ខជន​ត្រៀម​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដើម្បី​ប្រឡង​

*​ហឹប​វិញ្ញាសា​ប្រឡង​បាក់​ឌុប​ចំនួន​៤០៤​ហឹប​ត្រូវបាន ដឹកជញ្ជូន​ដល់​គោលដៅ​រួចរាល់​

356
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
អ្នកនាំពាក្យ​ក្រសួង​អប់រំ និង​យុវជន​កីឡា​បាន​ថ្លែងថា គិត​រហូតមក​ដល់ពេលនេះ ការត្រៀម​រៀបចំ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប​បាន​រួចរាល់ និង​ប្រកបដោយ​ភាព​យ៉ាង​រលូន​ល្អ ហេតុនេះ​បេក្ខជន​ទាំងអស់​ត្រូវ​ត្រៀម​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត ដើម្បី​ចូលរួម​ប្រឡង​នា​ថ្ងៃទី​១៩-២០ ខែសីហា​ឆ្ខាំ​២០១៩​ខាងមុខនេះ​។​

រូបភាពឯកសារ

​ថ្លែង​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៩ លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា បានឱ្យដឹងថា ការត្រៀម​រៀបចំ​ប្រឡង​បាក់​ឌុប​នា​ឆ្នាំនេះ​អ្វីៗ ទាំងអស់ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​ល្អ ហើយ​រង់ចាំតែ​ថ្ងៃ​ប្រឡង​មកដល់​ប៉ុណ្ណោះ​។ ក្នុងនេះ ទាំង​មណ្ឌល​ប្រឡង​និង​ការដឹកជញ្ជូន​ហិប​វិញ្ញាសា​ចំនួន​៤០៤​ហឹប ក៏​ត្រូវបាន​ប្រគល់ជូន​ដល់​គណៈមេប្រយោគ និង​គណៈ​អប្បមាទ​ទូទាំង​រាជធានី​-​ខេត្ត​រួចរាល់​អស់ហើយ​ដែរ​។​

​លោក​បាន​មានប្រសាសន៍ថា​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​សមត្ថកិច្ច បានរួម​កម្លាំង​គ្នា មកជួយ​អមដំណើរ​ការដឹកជញ្ជូន​ហឹប​វិញ្ញាសា ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​។ ជាមួយគ្នា​ហឹប​នីមួយៗ មានការ​ចាក់សោ​សុវត្ថិភាព​ត្រឹមត្រូវ ដែលមាន​បិទ​ក្រដាស​ស្តើងៗ នៅលើ​ជុំវិញ​សោ ដើម្បី​ធានា​នូវ​សុក្រឹតភាព ភាព​ដើម​របស់​ហឹប​វិញ្ញាសា និង​មិនមាន​ករណី​បែក​ឆ្លា​យ​វិញ្ញាសា​ប្រឡង​ឡើយ​។

​លោក​បានបញ្ជាក់​បន្ថែម​ថា ការប្រឡង​ឆ្នាំនេះ បើទោះបី​មិនមាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូលរួម​សង្កេត​ការពិត​មែន ប៉ុន្តែ​នៅពេល​មាន​បញ្ហា​កើតឡើង​ក៏​អង្គភាព​មួយ​នេះ ចូលរួម​អន្តរា​គម​ផងដែរ​។ ចំពោះ​វិញ្ញាសា​ការប្រឡង​ក៏មាន​លក្ខណៈ​តាម​ស្តង់ដា​ដូច​កាលពីមុន​ដែរ ដែល​មានន័យថា សិស្ស​ដែល​ខិតខំ​រៀនសូត្រ​នឹងមិន​ពិបាក​ក្នុង​ការយក​ពិន្ទុ​ឱ្យ​ជាប់​នោះឡើយ​។​

​យ៉ាងណាក្តី​អ្នកនាំពាក្យ​រូបនេះ​បាន​ដាស់តឿន​ដល់​បេក្ខជន​ទាំងអស់​មិនត្រូវ​យក​ឯ​ក​សារ​ចម្លង​ឬ​ឯកសារ​ផ្សេងៗ​ដែល​ក្រសួង​អប់រំ​បាន​ហាមឃាត់​ចូលក្នុង​មណ្ឌល​ប្រឡង​ឡើយ​បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈម​ធ្លាក់​ពុំខាន​។​
​គួរ​បញ្ជាក់ថា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែសីហា ដោយ​ក្នុងនេះ​មាន​សិស្ស​ប្រឡង​សរុប​ចំនួន​១១៧,០២៤ នាក់ ស្រី ៦០,៤២១ នាក់ ។ ក្នុងនេះ​បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៤៤,៦៨៣​នាក់ ស្រី ២៥,២៨៥​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧២,៣៤១​នាក់ ស្រី ៣៥,១៣៦ នាក់​។ មណ្ឌល​ប្រឡង​មាន​ចំនួន ២០២ មណ្ឌល ថ្នាក់​វិទ្យាសាស្ត្រ​មាន​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​១២៧​មណ្ឌល ចែកចេញជា​បន្ទប់​សរុប​មាន​៤៧២៥​បន្ទប់​៕ ល​