ក្រសួង​អប់រំ ប្រកាស​ពី​ជោគជ័យ​នៃ​ការប្រឡង​បាក់​ឌុប រយៈពេល​ពីរ​ថ្ងៃ

362
ចែករម្លែក
ក្រសួង​អប់រំ ប្រកាស​ពី​ភាពជោគជ័យ​នៃ​ការប្រឡង​បាក់​ឌុប រយៈពេល​ពីរ​ថ្ងៃ (រូបថតក្រសួងអប់រំ)

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ក្រសួង​អប់រំ យុវជន និង កីឡា បាន​អះអាងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ថា ទទួលបាន​ជោគជ័យ និង​ប្រកបដោយ​ភាពរលូន​ល្អ​។ ព្រមជាមួយ​គ្នា ក្រសួង​មួយ​នេះ​ក៏បាន​បង្ហាញ​ពី​បេក្ខជន​មាន​បញ្ហា​សុខភាព និង​បង្កបញ្ហា ក្នុងពេល​ប្រឡង​មួយចំនួន​ផងដែរ ប៉ុន្តែ​ស្ថិតក្នុង​កម្រិត​តិចតួច​បំផុត​។​


​ ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោយ​បិទ​បញ្ចប់​ការប្រឡង​បាក់​ឌុប កាលពី​ល្ងាច​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ បានឱ្យដឹងថា ការប្រឡង​បាក់​ឌុប រយៈពេល ២ ថ្ងៃ កន្លងមកនេះ ដំណើរការ បានល្អ និង​ដោយ​រលូន ហើយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ​កើតឡើង គួរឱ្យកត់សម្គាល់​ឡើយ ដោយ​បេក្ខជន គោរព​តាម​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​ល្អ ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​ឡើយ​។​


​ក្នុង​សេចក្តីប្រកាស​ដដែល​បានឱ្យដឹងថា​ក្នុង​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​រយៈពេល​២ ថ្ងៃ កន្លងមក មាន​បេក្ខជន អវត្តមាន​សរុប​ចំនួន ១.៨៣៨ នាក់ ក្នុងនេះ​ស្រី​៦៩៦​នាក់ ត្រូវជា​១.៥៧​ភាគរយ​នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង សរុប​១១៧.០៤៣​នាក់ ស្រី ៦០.៤២៧ នាក់​។​
​ ​ប្រភព​ខាងលើនេះ បានឱ្យដឹង​បន្ថែមថា ចំពោះ​បេក្ខជន​ដែល​បាន​ប្រព្រឹត្តិ​កំហុសឆ្គង មាន​ចំនួន ២ ករណី ក្នុងនោះ​ករណី​ដកហូត​ទូរស័ព្ទ មាន​ចំនួន ១ ករណី និង​នាំ​សំណៅ​ឯកសារ​ចូល មាន​ចំនួន​មួយ​ករណី​។​

(រូបថតក្រសួង)


​ដោយឡែក ចំពោះ​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព មាន​ចំនួន ១៥២ ករណី បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម អាច​បន្ត​ការប្រឡង​ទៀត​បាន លើកលែងតែ ១១ ករណី ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ពុំ​អាច​ត្រឡប់មក​បន្ត​ការប្រឡង​បាន​។​
​ ​ក្នុង​សេចក្តីប្រកាស​ដដែល បាន​បញ្ជាក់ដែរថា ក្នុងការ​ដំណើរការ​ប្រឡង​នេះដែរ មាន​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់ ប្រមាណ​ជាង ២ ម៉ឺន​នាក់ និង​គរុ​សិស្ស​-​និស្សិត ជា​ជំ​នួន​ការ​អប្បមាទ​ជិត ២.៥០០ នាក់ អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​គោរព​តាម​កម្រង​ភារកិច្ច និង​សេចក្តីណែនាំ​បច្ចេកទេស​របស់​ក្រសួង​អប់រំ​។ ការប្រឡង​បាន​ប្រព្រឹត្តិ​ទៅ ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន​អាជ្ញាធរ​ដែនដី អង្គភាព​ប្រឆាំង​អំពើពុករលួយ យុវជន​ស្ម័គ្រចិត្ត​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាង ២.០០០ នាក់ កម្លាំង​មាន​សមត្ថកិច្ច​ទាំងបី​ប្រភេទ និង​ប្រជា​ការពារ ប្រមាណ​ជាង មួយ ម៉ឺន​នាក់ មន្ត្រី​សុខាភិបាល ប្រចាំ​មណ្ឌល​ប្រឡង និង​មូលដ្ឋាន​សុខាភិបាល និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត ចូលរួម​។​
​ជាមួយគ្នានេះ មន្ត្រី​ក្រសួង​អប់រំ បានឱ្យដឹង​ដែរ​ថា បើទោះបី​មាន​ករណី​ភ្លៀង​ធ្លាក់ នៅតាម​មណ្ឌល​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ស្ទឹង ត្រែង រតនគិរី និង កោះកុង ប៉ុន្តែ​មិន​ប៉ះពាល់ ដល់​ដំណើរ​ការប្រឡង​នោះទេ​។​


​បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យដឹង​ដែរ​ថា​សម្រាប់​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប ឆ្នាំ​២០១៩​នេះ បាន​ចំណាយ​ថវិកា​ប្រមាណ ៥ លាន​ដុល្លារ​។​
​គួរ​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែសីហា ដោយ​ក្នុងនេះ មាន​សិស្ស​ប្រឡង​សរុប ចំនួន​១១៧.០២៤ នាក់ ស្រី ៦០.៤២១ នាក់​។ ក្នុងនេះ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ មាន ៤៤.៦៨៣ នាក់ ស្រី ២៥.២៨៥ នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧២.៣៤១ នាក់ ស្រី ៣៥.១៣៦ នាក់​។ មណ្ឌល​ប្រឡង មាន​ចំនួន ២០២ មណ្ឌល ថ្នាក់​វិទ្យាសាស្ត្រ មាន​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​១២៧ មណ្ឌល ចែកចេញជា​បន្ទប់ សរុប​មាន ៤.៧២៥ បន្ទប់ ៕សរន

#