ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ធានា​នូវ​ការផ្ដល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៥

344
ចែករម្លែក

ដោយ:​បាយ័ន /​សៀមរាប ៖ លោក អ៊ុំ សុថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថា​ ដើម្បី​ធានាបាន​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ក្រុង​សៀមរាប​ឲ្យ​បាន​គ្រប់គ្រាន់ ទៅតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​នៅ​ឆ្នាំ​២០២៥ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្នា​នោះ សូម​ឲ្យ​អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប ត្រូវធ្វើ​ការពង្រីក​បណ្តា​ញ​បំពង់​ទឹកស្អាត និង តំណ​ត​ភ្ជាប់​ទៅផ្ទះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​តាម​សេចក្តី​តម្រូវការ​របស់​ពួកគាត់ ខណៈ​បច្ចុប្បន្ននេះ​យើង​នៅ​មិនទាន់​បាន​ប្រើប្រាស់​អស់​លទ្ធភាព​នៅឡើយ​នោះ រួមទាំង​ការផ្សព្វផ្សាយ និង អប់រំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​បង្វែរ​ពី​ការប្រើប្រាស់​ទឹក អណ្តូង ដែល​គ្មាន​អនាម័យ ឲ្យ​មកប្រើប្រាស់​ទឹកស្អាត​របស់​រដ្ឋ​វិញ។​

លោក អ៊ុ សុថា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី​៤ លើក​ទី​១៩ នៅ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប នា​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩​នេះ ។​

លោក ឃុ​ត វុ​ត្យា​រិ​ទ្ធ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​គម្រោង ឆ្នាំ​២០១៩​នេះ នឹងធ្វើ​ស្ថានីយ៍​ទឹកស្អាត​ដោយ​យក​ប្រភពទឹក​ពី​បឹង​ទន្លេសាប ព្រមទាំង​រៀបចំ​បណ្តាញ​បំពង់​ទឹកស្អាត​ចូលមកក្នុង​ក្រុង និង ប្រព័ន្ធ​ចែកចាយ​ទឹក ប្រវែង​២០០​គីឡូម៉ែត្រ ហើយ​ស្ថានីយ៍​ទឹកស្អាត​នេះ មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ក្នុង​មួយថ្ងៃ​បាន ៦០​ពាន់​ម៉ែត្រត្រីគុណ ក្រោម​ឥ​ណ្ឌ​ទាន​ដៃគូ​អភិវឌ្ឍន៍ ដែលមាន​ទឹកប្រាក់​សរុប ១០​លាន​ដុល្លា​សហរដ្ឋអាមេរិក​។​

បើទោះបី​ការរៀបចំ​តំណ​ទឹកស្អាត​ភ្ជាប់​ទៅផ្ទះ​ប្រជាពលរដ្ឋ មាន​ចំនួន​ទាប​ជាង​ផែនការ​បន្តិច​ក្តី តែ​បរិមាណ​ទឹកស្អាត​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​អនុវត្ត​ស្មើនឹង ១០៤​ភាគរយ នៃ​លទ្ធផល​អនុវត្ត​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ គឺមាន​ការ​កើន​ប្រមាណ ២៣៦​ពាន់​២៧៦​ម៉ែត្រត្រីគុណ និង បានរៀបចំ​បណ្តាញ​បំពង់​ទឹកស្អាត​បាន​ប្រវែង ២២​គីឡូម៉ែត្រ៕B/