ក្រឡា​អុក សម រង្ស៊ី នៅក្នុង​ហោប៉ៅ​ខោរ​បស់ តេ​ជា​សែន​

2040
ចែករម្លែក

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លោក សម រង្ស៊ី កាន់តែ​បង្កើន​វោហារសាស្ត្រ​ជាមួយ នឹង អំនួត​អួត​សរសើរ​ខ្លួនឯង​ថា​ជា​អ្នកក្លាហាន​ឯ​អ្នកដទៃ​ជា​មនុស្ស​កំសាក​។ គាត់​និយាយថា មាន​អ្នកខ្លាច​គាត់​ឡើង​ញ័រ​ខ្លួន​អស់​ទៅហើយ​។ គ្រាន់តែ​ឮឈ្មោះ សម រង្ស៊ី ក៏​ខ្លាច ឮ​សំឡេង សម រង្ស៊ី ក៏​ខ្លាច​។ ឃើញ​ស្រមោល សម រង្ស៊ី ក៏​ខ្លាច ។ ប៉ុន្តែ​ធាតុពិត​គឺ​លោក សម រង្ស៊ី គ្រាន់តែ​ជា​អ្នកក្លាហាន នៅក្នុង​ស្រោម គឺ​ប្រៀបដូចជា​ក្អាត់ ស្រែក​ក្អេងក្អាង​នៅក្នុង​ក្អម​តែប៉ុណ្ណោះ​។ លោក សម រង្ស៊ី គ្មាន​អ្វីដែល​ច្បាស់លាស់​ទេ​ជាម​នុស្ស​គ្មាន​គោលការណ៍ គ្មាន​ចក្ខុវិស័យ មានតែ​មហិច្ឆតា​ដ៏​ធំ​តែមួយគត់ គឺ​ធ្វើជា​នាយករដ្ឋមន្ត្រី​។ ពេល​កំពុង​ដើរ​ក៏​គាត់​នឹក​ស្រមៃ​ពេល​កំពុង​ដេក​ក៏​គាត់​យល់សប្តិ​ឃើញ​តំណែង នេះដែរ​។ ដោយសារតែ​មិនបាន​ធ្វើជា​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង ពិតប្រាកដ លោក សម រង្ស៊ី ក៏​ចេះ​រក​នឹកឃើញ​តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្រមោល​, នាយករដ្ឋមន្ត្រី​ឧបមា នាយករដ្ឋមន្ត្រី ឧទាហរណ៍ កោតតែ​ធ្វើ​ទៅរួច​។​
​ ​
​មួយជីវិត​នេះ លោក សម រង្ស៊ី នឹង​មិនបាន​ធ្វើជា​នាយ​ក​រដ្ឋមន្ត្រី​របស់​កម្ពុ​ជា​ទេ ពីព្រោះ​ជីវិត​នយោបាយ របស់គាត់​ត្រូវបាន​គាត់​ខ្លួនឯង​ជា​អ្នក​បញ្ចប់​បាត់ទៅហើយ​។ យើង​រំលឹក​រឿង​ដើម​បន្តិច​។ កាលពី​ឆ្នាំ​២០១៤ នៅ ពេលដែល​វប្បធម៌​សន្ទនា​ចាប់កំណើត​ឡើង ទាំង​លោក សម រង្ស៊ី ទាំង​លោក កឹម សុខា សម្តែង​តួ​បាន យ៉ាង​ល្អមើល​ណាស់​។ ជួនកាល​ម្នាក់​ដើរតួ​ស្លូត​ម្នាក់​ដើរតួ​កាច​។ ពេលខ្លះទៀត​ម្នាក់ ដើរតួ​គ្រប់ទឹក ឯ​ម្នាក់ទៀត ដើរតួ​មិន​គ្រប់ទឹក​។ ប៉ុន្តែ​ទាំងពីរ​នាក់​មាន​គោលដៅ​រួម​តែមួយគត់ គឺ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​កំចាត់ សម្តេច​តេ​ជា ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ​។ សារជាតិ​ពិសពុល​របស់​ពួកគាត់​ទាំងពីរ នាក់​ទោះ​ខំ​លាក់​យ៉ាងណា​ក៏​លាក់​មិន​ជិត​ដែរ​។ ពួកគាត់​បាន​បង្កើន​វោហា​សាស្ត្រ​ញុះញង់ ប៉ុនប៉ង​ឲ្យ​មាន ចលាចល​សង្គម​។ តើ​វា​ជា​រឿង​ដែល​គួរ ឲ្យ​អស់សំណើច​ដែរឬទេ នៅពេលដែល​អ្នកស្រី អួ​ង សាន​ស៊ូ​ជី ឈ្នះ ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា ស្រាប់តែ​លោក សម រង្ស៊ី និង កឹម សុខា បែរជា​ស្រែក​ឆោឡោ​នៅឯ​ភ្នំពេញ​ខ្លាច សម្តេច​តេ​ជោ ហ៊ុន សែន មិន​ប្រគល់​អំណាច​ឲ្យ​ខ្លួន​(Sic) ធ្វើជា​នាយករដ្ឋមន្ត្រី ហើយ​អំពាវនាវ​ឲ្យ​សហគមន៍ អន្តរជាតិ និង​ប្រទេស​ជប៉ុន​ដាក់​ការគាបសង្កត់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ឯណេះ​វិញ​ឆ្កុយ​។ ឆោឡោ​ប៉ុណ្ណឹង មិនទាន់​អស់ចិត្ត​ស្រាប់តែ​មក​ចោទ​សម្តេច​តេ​ជោ​ថា​ជា​ជន​ផ្តាច់​ការធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ បង្កើត​ឲ្យ​មាន​អំពើហិង្សា​ក្នុងសង្គម ដើម្បី​យកមក​ធ្វើជា​មូលហេតុ​កុំ​ឲ្យ​មានការ​បោះឆ្នោត​នៅ​ឆ្នាំ ២០១៨ ហើយ​នាំយក​កម្ពុជា​ទៅជា​ប្រទេស​ដឹកនាំ​ដោយ​ឯក​បក្ស​ឡើងវិញ​។ បន្ថែម​ពីលើ​នេះ ក៏​ស្រាប់តែ​នាំគ្នា មក​និយាយ​មួលបង្កាច់​គ្មាន​ការពិត​ថា​តុលាការ​នៃ​របប ៧ មករា ១៩៧៩ បាន​កាត់ទោស​សម្តេច ព្រះ​នរោត្តម​សីហនុ​ថា ជា​ជន​ក្បត់ជាតិ​។ មិនទាន់​ចប់​ត្រឹម​ប៉ុណ្ណឹង​ទេ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត​នោះ គឺ​លោក សម រង្ស៊ី បាន​និយាយ​មួលបង្កាច់​រាជរដ្ឋាភិបាល​ថា​បាន​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ផែនទី​ចោរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។ សម រង្ស៊ី និង​ក្រុម​គាត់​ថែមទាំង ហ៊ាន​ក្លែង​ឯកសារ​សន្ធិសញ្ញា​កម្ពុ​ជា​-​វៀតណាម ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ថែមទៀត​ដោយ​ចោទ ប្រកាន់​មួលបង្កាច់​ថា រដ្ឋាភិបាល​នៃ​អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ វៀតណាម​រំលាយ​ព្រំដែន​ជាតិ​រវាង​ប្រទេស​ទាំងពីរ​បញ្ចូល​គ្នា​ទៀតផង​។ គោលដៅ​សំខាន់​របស់គាត់ គឺ​ញុះញង់ បញ្ឆេះ​កំហឹង​ប្រជាជន បំផុសគំនិត​ជាតិនិយម​ជ្រុល បង្ក​ជា​ភាពវឹកវ​ចលាចល​ក្នុងសង្គម អាចឈាន​ទៅដល់​ការបង្កើត​ឲ្យ​មាន​បដិវត្ត​ពណ៌ ហើយ​លោក សម រង្ស៊ី នឹង​ឡើងជា​នាយករដ្ឋមន្ត្រី តាមផ្លូវ​កាត់​តែម្តង​។ នេះ​គឺជា​សេចក្តីក្លាហាន​របស់លោក សម រង្ស៊ី ហើយ​មិនមាន​អ្នកណា​មាន សេចក្តីក្លាហាន​ដូច​គាត់​បែបនេះ​ទេ ព្រោះនេះ​ជា​សេចក្តីក្លាហាន​ឆ្ពោះទៅរក​ពន្ធនាគារ​ដោយ​ជៀស មិន​ផុត​ឡើយ​។

​លោក សម រង្ស៊ី នៅមាន​រឿងរ៉ាវ​ច្រើន​ទៀត​រាប់មិនអស់​ទេ​គឺ​សុទ្ធតែជា​រឿង​ដែល​គាត់​យក​ខ្សែ មក​ចងក​ខ្លួនឯង រឹត​យ៉ាង​តឹង​គ្មាន​អ្នកណា​អាចជួយ​ស្រាយ​រួច​។ ពេលនេះ​គាត់​បាន​រត់គេចខ្លួន​ទៅ​នៅ ក្រៅប្រទេស​ដើម្បី​គេច​ឲ្យ​ផុតពី​គុក​ដែល​នៅតែ​ទន្ទឹងរង់ចាំ​គាត់​រាល់ថ្ងៃ​។ គាត់​ក៏បាន​ប្រកាស​លាឈប់​ពី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​តំណែង​ប្រធាន​នេះ ត្រូវបាន​អតីត​គូសត្រូវ​របស់គាត់ គឺ​លោក កឹម សុខា ដណ្តើមយក​បាត់ទៅហើយ ។ ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ក៏បាន​ស្លាប់​បាត់ទៅ​ដែរ វា​នៅសល់តែ សម រង្ស៊ី ដ៏​សាមញ្ញ​ម្នាក់ សម រង្ស៊ី ដែល​មានតែ​សំបកខ្លួន សម រង្ស៊ី​ដ៏​អស់សង្ឃឹម សម រង្ស៊ី​ដែល​គ្មាន​កោះ​គ្មាន​ត្រើយ​តែប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​គាត់​ខំ​ស្រែក​កកោក​ក​កាក ដើម្បី​កុំ​ឲ្យ ខ្លួនឯង​មាន​អារម្មណ៍​ថា​ឯកោ​ពេក និង​ដើម្បី​កុំ​ឲ្យ​គេ​ភ្លេច​គាត់ និង​បោះបង់​គាត់​ចោល​ឲ្យ​នៅ កណ្តោចកណ្តែង​។ ដើម្បី​ស្តារ​មកវិញ​នូវ​ក្តី​អស់សង្ឃឹម​របស់ខ្លួន សម រង្ស៊ី មិន​ខ្លាច​នឹងធ្វើ​អ្វីៗ​សព្វ​បែប យ៉ាង រាប់ទាំង​ការ​ច្រាន​ទំលាក់​កម្ពុជា​ឲ្យ​ធ្លាក់​ទៅក្នុង​ជ្រោះ​នៃ មហា​វិនាសកម្ម​ជាថ្មី​ម្តងទៀត​នោះទេ​។ ប៉ុន្តែ​កុំភ្លេចថា ក្រឡា​អុក​របស់ សម រង្ស៊ី​នៅក្នុង​ហោប៉ៅ​ខោរ​បស់ តេ​ជោ​សែន​ទេ ចេញ​ច្រក​ណា​ក៏​មិន​រួច ដែរ​។ គាត់​នៅសល់​ក្រឡា​ដើរ​តែមួយគត់ គឺ​ការស្រែក​ដូច​ខ្មោច​ទារ​ពែ​ពី​ខាងក្រៅ​ដូច​សព្វថ្ងៃ​អញ្ចឹង​ចុះ​។ បើ​ចង់​ធ្វើជា​នាយករដ្ឋមន្ត្រី ឬ​ធ្វើជា​ប្រធានាធិបតី ក៏​សូម​រង់ចាំ​ឈរឈ្មោះ​ធ្វើជា​ប្រធានាធិបតី ប្រទេស​បារាំង ក៏​ប្រហែលជា​មិន​ទាស់ខុស​អី​ដែរ ព្រោះ​ខ្លួន​គាត់​ក៏មាន​សញ្ជាតិ​បារាំង​ស្រាប់ ។ ប៉ុន្តែ​សម្រាប់​កម្ពុជា និង​សម រង្ស៊ី គឺ​ឯវំ ហើយ​!!…៕ ​ដោយ​: លី ទួង​