ក្រាលកន្ទេល ដាក់​អង្រឹង​លើ​វាលស្មៅ ជុំវិញ​ក​សិ​ន្ទុ​ប្រាសាទអង្គរវត្ត នឹងត្រូវ​បញ្ឈប់​

129
ចែករម្លែក

​ដោយ​៖ ​គូលែន​ /
សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាស​ជូនដំណឹង ដល់​អាជីវករ និង​ភ្ញៀវទេសចរ មួយចំនួន ឱ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​ក្រាលកន្ទេល ចង​អង្រឹង នៅលើ​វាលស្មៅ ជុំវិញ​ក​សិ​ន្ទុ​ប្រាសាទអង្គរវត្ត ដោយ​ទុក​រយៈពេល ៤៥ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ តទៅ​។

​ក្នុង​សេចក្ដីជូនដំណឹង របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ នេះ ដែល​ចុះហត្ថលេខា​ដោយ លោក ហង់ ពៅ អគ្គនាយក នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា បច្ចុប្បន្ន មាន​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ មួយចំនួន បាន​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារ​ផ្សេងៗ នៅ​បរិវេណ​ជុំវិញ ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​នៅលើ​វាលស្មៅ ជុំវិញ​ក​សិ​ន្ទុ​ប្រាសាទអង្គរវត្ត ដើម្បី​ពិសា​អាហារ និង​លំហែកាយ
​ដែល​សកម្មភាព​ទាំងនេះ បាន​ប៉ះពាល់​ដល់ គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ ក៏ដូចជា ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​រមណីយដ្ឋាន​អង្គរ ផងដែរ ។​

​សេចក្ដីជូនដំណឹង បានបញ្ជាក់​បន្ថែមថា កន្លងមក ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ អង្គភាព​នគរបាល ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ ប៉ុន្តែ​នៅតែមាន​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ មួយចំនួន មិន​ព្រម​បញ្ឈប់​សកម្មភាព ទាំងនេះ​ទេ ដោយ​យកតែ​ប្រយោជន៍​បុគ្គល​ជា​ចម្បង ហើយ​ក្នុងន័យនេះ ដើម្បី​លើកកម្ពស់ និង​តម្លៃ​លេចធ្លោ​ជាស​កល នៃ​រមណីយដ្ឋាន​អង្គរ ក៏ដូចជា កិត្តិយស​ជាតិ អាជ្ញាធរ​ជាតិ​អប្សរា សូមឱ្យ​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ​ទាំងអស់ ចូលរួម​សហការ បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារ​ផ្សេងៗ នៅ​បរិវេណ​ជុំវិញ ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​លើ​វាលស្មៅ ជុំវិញ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដោយ​ទុក​រយៈពេល ៤៥ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​សេចក្ដីជូនដំណឹង បានបញ្ជាក់​បន្ថែមទៀត​ថា ក្នុងករណី​បងប្អូន​អាជីវករ និង​ភ្ញៀវទេសចរ នៅតែ​បន្តសកម្មភាព​ទាំងនេះ គណៈកម្មការ​ដឹកនាំ និង​សម្របសម្រួល រៀបចំ​សណ្តាប់ធ្នាប់ អ្នកលក់ដូរ នៅក្នុង​រមណីយដ្ឋាន​អង្គរ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល រឹបអូស​សម្ភារ​ទាំងនោះ ដោយ​មិន​ទទួលខុសត្រូវ រាល់​ការខូចខាត ណាមួយ​ឡើយ ។​

​គួររំលឹកថា វាលស្មៅ មុខ​ប្រាសាទអង្គរវត្ត បាន​ក្លាយជា​កន្លែង ដ៏​ពេញនិយម សម្រាប់​សាធារណជន​មួយចំនួន ដែល​ចូលចិត្ត​អង្គុយ ហូប​អាហារ​ជុំគ្នា រាល់ពេល​ល្ងាច​ឡើង ខណៈដែល​ការពេញនិយម​នេះ ធ្វើឱ្យ​ក្រុមអាជីវករ បាន​ប្រជែង​គ្នា ដាក់​កន្ទេល និង​អង្រឹង ស្របទៅតាម​តម្រូវ ការ​របស់​ភ្ញៀវ ៕v