ក្រិ​ក​គាំទ្រ​ការអំពាវនាវ​របស់​បូ​លី​វី​ឱ្យមាន​ការចរចា​ នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

198
ចែករម្លែក
  • 15
    Shares

​ក្រិ​ក​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា​ បាន​គាំទ្រ​ការអំពាវនាវ​ដោយ​ប្រធានាធិបតី​ឆ្វេងនិយម​របស់​បូ​លី​វី លោក​អេ​វ៉ូ ម៉ូ​រ៉ា​ឡេស (Evo Morales) សម្រាប់​ការចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ​និង​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្នុង​អ្វី​ដែលជា​វិធីសាស្ត្រ​ផ្សេងគ្នា​ពី​វិធីសាស្ត្រ​របស់​សម្ព័ន្ធមិត្ត​សំខាន់ៗ​នៅ​អឺរ៉ុប​។​

​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ជាច្រើន​បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន ៥០ រួមទាំង​សហរដ្ឋអាម៉េរិក​ដែល​កំពុង​គាំទ្រ​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ​លោក​ហ្វ័​ន ក្វា​យ​ដូ​ ប្រឆាំងនឹង​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។ បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ទាំងនោះ​ចង់បាន​ការបោះឆ្នោត​ប្រធានាធិបតី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​ប៉ុន្តែ​គណបក្ស Syriza របស់​នាយករដ្ឋមន្ត្រី​ក្រិ​ក លោក​អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស (Alexis Tsipras) មាន​ទំនាក់ទំនង​មិត្តភាព​ជាមួយ​គណបក្ស​ឆ្វេងនិយម​នៅ​អាម៉េរិក​ខាងត្បូង​និង​បាន​សម្តែង​ការគាំទ្រ​ចំពោះ​លោក​ម៉ា​ឌូ​រ៉ូ​។​

​លោក​ម៉ូ​រ៉ា​ឡេស ​បាន​ជួប​ជាមួយ​លោក​ត្ស៊ី​ប្រាស ​នៅ​ក្រុង​អាថែន ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ​ទៅ​ទ្វីបអឺរ៉ុប ហើយ​បាន​អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ក្រិ​ក​ជំ​រុញឱ្យ​សហភាព​អឺរ៉ុប​បង្កើតឱ្យមាន​កិច្ចចរចា​រវាង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​គណបក្សប្រឆាំង​សម្រាប់​ជា​ផ្លូវ​មួយ​ដើម្បី​ចាកចេញ​ពី​វិបត្ដិ​។​

​លោក​ត្ស៊ី​ប្រាស​ បាន​និយាយថា “​ខ្ញុំ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានការណ៍​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជាមួយនឹង​វិបត្តិ​ហិរញ្ញវត្ថុ​និង​មនុស្សធម៌​យ៉ាង​ជ្រាលជ្រៅ​។ ជម្រើស​តែមួយគត់​នៅក្នុង​ថ្ងៃ​ខាងមុខនេះ​គឺ​ការពិភាក្សា​ដែល​ពាក់ព័ន្ធ​នឹង​ភាគី​ទាំងអស់ គឺ​ពី​រដ្ឋាភិបាល​និង​គណបក្សប្រឆាំង ដើម្បី​អង្គុយ​នៅ​តុ​ចរចា​ជាមួយគ្នា និង​បញ្ចៀស​ការកើនឡើង​នៃ​វិបត្តិ​និង​លទ្ធភាព​នៃ​ជម្លោះ​ស៊ីវិល​ដ៏​បង្ហូរឈាម​”​។​

​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ទីក្រុង​អាថែន​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា​ ប្រទេស​ក្រិ​ក​មិនមាន​កៅអីអង្គុយ​ជួរមុខ​នៅក្នុង​ការចរចា​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នោះទេ ប៉ុន្តែ​កំពុង​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃទៀត​ព្យាយាម​ទទួលយក​ការដោះស្រាយ​តាមរយៈ​ការចរចា​៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រធានាធិបតី​ឆ្វេងនិយម​របស់​បូ​លី​វី លោក​អេ​វ៉ូ ម៉ូ​រ៉ា​ឡេស (​ឆ្វេង​) និង​នាយករដ្ឋមន្ត្រី​ក្រិ​កលោក​អា​ឡិច​ស៊ី​ស ត្ស៊ី​ប្រាស