ក្រុង​កំពត​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​កាន់​ច្រើនឡើង​

2288
ចែករម្លែក

ដោយ បូកគោ / កំពត​: ជាមួយនឹង​សមិទ្ធផល​កំពុង​កើត​ឡើងជា​បន្តបន្ទាប់ បន្ថែម​លើ​សក្តានុពល​ដែលមាន​ស្រាប់ ក្រុង​កំពត​បានប្រែក្លាយ​ពី​កន្លែង​ភ្ញៀវ​ធ្លាប់តែ​ឆ្លងកាត់ ដើម្បី​បន្តដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ មកជា​ទីស្នាក់អាស្រ័យ​ដ៏​ពេញនិយម​របស់​ទេសចរ​ជិត​ឆ្ងាយ​ទាំងឡាយ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​មានប្រសាសន៍ថា ជាមួយ​សមិទ្ធផល​នានា​ដែល​បាន និង​កំពុង​កើតឡើង​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​បាល​ខេត្ត បានប្រែក្លាយ​ទីក្រុង​កំពត ពី​ភាពស្ងប់ស្ងាត់​នាពេល​រាត្រី ជា​ចំណុច​ត្រឹមតែ​ឆ្លងកាត់​របស់​ភ្ញៀវ ដើម្បី​ធ្វើដំណើរ​ទៅកាន់​គោលដៅ​ផ្សេងៗ មកជា​ទីប្រជុំជន​ដែលមាន​ភាព​អ៊ូរ​អរ និង​ជា​កន្លែង​ស្នាក់អាស្រ័យ​ដ៏​សែន​មនោ​រម្យ​។ អាជ្ញាធរខេត្ត​កំពុង​បន្ត​អភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អ​សោភ័ណភាព ការបំពាក់​អំពូល​ភ្លើង​បន្ថែម​តាម​បណ្តា​ផ្លូវ​នានា ដែលជា​ចលករ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ស្រូប​ទាញ​ភ្ញៀវ​មក​កម្សាន្ត ពិសេស​សម្រាប់​ការចំណាយ​ពេល​ល​ម្ហៃ​ក្នុងពេល​រាត្រី​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា ក្រៅពី​ស្ថានភាព​សន្តិសុខ​ល្អប្រសើរ ក្រុង​កំពត បច្ចុប្បន្ន​មាន​ទេសភាព​ស្រស់បំព្រង លម្អ​ដោយ​សួនច្បារ សួន​កម្សាន្ត​សម្រាប់​កុមារ សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ ផ្សារ​រាត្រី​ជាដើម​ដែល​ធ្វើឱ្យ​ភ្ញៀវ​កាន់តែ​ចាប់អារម្មណ៍​។ ជាក់ស្តែង គ្រាន់តែ​រយៈពេល​បី​ថ្ងៃ​ក្នុង​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មីៗ​នេះ ខេត្តកំពត​ទទួលភ្ញៀវ​មក​កម្សាន្ត និង​ស្នាក់នៅ​ចំនួន​៨១.៩៨៩​នាក់​។ បរិមាណ​នេះ​បាន​កើនឡើង​៦៤,៦៧​ភាគរយ​បើ​ប្រៀប​ធៀ​នឹង​ឱកាស​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​។

​លោក សយ ស៊ី​ណុល​បាន​បញ្ជាក់ថា សម្រាប់​សេវា​ស្នាក់នៅ ទូទាំង​ខេត្តកំពត​ទើប​តែមាន​សណ្ឋាគារ​ចំនួន​១២ និង​ផ្ទះសំណាក់​១២០ ស្មើនឹង​៣.០៦៥​បន្ទប់​ប៉ុណ្ណោះ​។ ម្ល៉ោះហើយ ជា​ចក្ខុ វិស័យ ផ្នែក​សេវា​ស្នាក់នៅ និង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ដែល​កំពុងមាន​សព្វថ្ងៃ​នឹងមិន​គ្រប់គ្រាន់ តាម​តម្រូវការ​របស់​ភ្ញៀវ​នាពេលខាងមុខ​នៅឡើយ ពោលគឺ​ការវិនិយោគ​បន្ថែម​លើ សេវាកម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ជា​កត្តាចាំបាច់​បំផុត​។​

​លោក​ជាវ តា​យ អភិបាល​ខេត្តកំពត​តែងមាន​ប្រសាសន៍​ជារឿយៗ​ថា ក្រុង​កំពត​ដែលជា​ក្រុង​មួយ​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត​លំដាប់​រំដួល​បី​ទង មិនអាច​បណ្តែតបណ្តោយ​ឱ្យ​ទឹក​លិចលង់ ឬ​ពោរពេញ​ដោយ​សំរាម ធូលី​ដី​គ្របដណ្តប់​តាម​ដងផ្លូវ និង​ទីសាធារណៈ​ឡើយ​។ ម្យ៉ាងទៀត ឈ្មោះថា​ទីក្រុង​ទេសចរណ៍​ក៏​មិនអាច​ស្ថិតក្នុង​ភាព​ងងឹត​មើល​អ្វី​មិនឃើញ​នោះដែរ​។ លោក​អភិបាលខេត្ត​ក៏​ធ្លាប់មាន​ប្រសាសន៍​ផងដែរ​ថា​អ្វីៗ គ្រប់យ៉ាង​តម្រូវឱ្យមាន​ការចូលរួម​ទាំងអស់គ្នា ពិសេស​បញ្ហា​រក្សា​អនាម័យ លម្អ​បរិស្ថាន ក៏ដូចជា​ការថែទាំ​សមិទ្ធផល​ទាំងឡាយ​ដែល​កំពុង​កើតមាន​៕ ល​