ក្រុង​ចង់​កុំអោយ​មានការ​បង់ប្រាក់​ពេល​ឆ្លងកាត់​ស្ពាន​លី​យ៉ុង​ផាត់​ព្រែក​ព្នៅ​ក្នុងពេល​កំពុង​ជួសជុល​ស្ពាន​ជ្រោយចង្វា​រចាស់​

274

(​ភ្នំពេញ​)៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ជំរុញឱ្យមាន​ការរៀបចំ​ដាក់​លិខិត​ស្នើសុំ​ទៅខាង​​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ កុំឱ្យ​យកលុយ​សម្រាប់​រថយន្ត​ប្រភេទ​ទេសចរណ៍​ឆ្លងកាត់​ស្ពាន​ព្រែក​ព្នៅ​អំឡុងពេល​ជួសជុល​ស្ពាន​ជ្រោយចង្វារ​​ចាស់​ដើម្បី​ជួយ​សំរួល​លើ​ការចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។


​ ​
​លោក ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ថា​៖​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំ​​ពេញ​បានលើកឡើង​បែបនេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា​ឆ្នាំ​២០១៧​នេះ​ក្នុង​កិច្ចប្រជុំ​តំណាង​ក្រុមហ៊ុន​OCIC​និង​អាជ្ញាធរ​ពាក់ព័ន្ធ លើ​គំរោង​សាងសង់​ស្ពាន​បា​ឡេ​មួយកន្លែង​ចំណុចឃ្លាំង​សាំង​ក្រុមហ៊ុន​សូ​គី​មិច គីឡូ​មែត្រ​លេខ​៦​ក្នុង​ខណ្ឌ​ឬ​ស្សី​​កែវ​ឆ្លង​ទៅកាន់​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​ខណៈដែល​ស្ពាន​ជ្រោយចង្វារ​ចាស់​ចាប់​​ផ្តើម​ជួសជុល​ឡើងវិញ​។​
​ ​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​នោះបាន​សំណូមពរ​ឱ្យ​ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​សិក្សា​ឱ្យបាន​ច្បាស់​ពី​​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​ខណៈពេល​ចាប់ផ្តើម​ជួលជុល​ស្ពាន​ជ្រោយចង្វា​ចាស់​នេះ ។ លោក​បន្តថា​៖​ក្រៅពីនេះ លោក​ឃួ​ង ស្រេង​ក៏បាន​ណែ​នាំអោយ​មន្ទីរ​សាធ​រណៈការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​ជួសជុល​កែសំរួល​កំណាត់​ផ្លូវជាតិ​លេខ​៥​ឱ្យបាន​​ល្អប្រសើរ​ផងដែរ ដើម្បី​សំរួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​។​
​ ​
​គួរ​បញ្ជាក់ថា​គម្រោង​សាងសង់​ស្ពាន​បា​ឡេ​និង​ត្រូវ​ប្រើប្រាស់​រយៈពេល​៦​ខែ​ចាប់​ផ្តើមចេញពី​ចំណុចឃ្លាំង​សាំង​ក្រុមហ៊ុន​សូ​គី​មិច​គីឡូ​​មែត្រ​លេខ​៦ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ឆ្លងទៅ​កាន់ តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​ចំណែក​​ស្ពាន​ជ្រោយចង្វា​ចាស់​បើតាម​គំរោង​និង​ប្រើ​រយៈពេល​២២​ខែ​ក្នុងការ​ស្ថាបនា​ដោយ​ចំណាយ​ទឹកប្រាក់​ចំនួន​៣០​លាន​ដុល្លារ​អាមេរិក​ដែលជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ​អង្គការ​JICA៕​ដោយ​៖​រ៉ា​ម៉ន​/sn