ក្រុង​ចាត់វិធានការ​ដោះស្រាយ​បណ្តោះអាសន្ន​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អណ្តូង​

915
ចែករម្លែក

​ដោយ​រ៉ា​ម៉ន​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ កញ្ញា​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន​មន្ទីរជំនាញ​និង​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ស្ថានភាព​លូ ប្រឡាយ​ជាក់ស្តែង ដើម្បី​រិះរក​វិធីសាស្ត្រ រំដោះ​ទឹក​ចេញពី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជា​បណ្តោះអាសន្ន​សិន​គឺ​មិនឱ្យ​ទឹក​លិច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ត្រាំត្រែង​នោះទេ​។​ស្រប​ពេលដែល​ជំនន់​ទឹកភ្លៀង​បាន​នឹង​កំពង់​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​
​ក្នុងឱកាស​នោះ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ ការងារ​ប្រឡាយ លូ នៅ​តំបន់​នេះ​អាជ្ញាធរ​យើង​បាន​ខិតខំ​ប្រឹងប្រែង​ណាស់ ដោយ​យើង​បាន គិតគូរ​យូ​មកហើយ រហូត​បើក​កា​ដ្ឋា​ន​ស្ថាបនា​លូ​២​ខ្សែ នៅ​សងខាង​ផ្លូវ​១៩៦២ រួម​និង​ការជីក​ប្រឡាយ​ទំលាក់​ទៅ​ប្រឡាយ​សាក់​សំពៅ​ផងដែរ ដើម្បី​រំដោះ​ទឹក​នៅ​តំបន់​នេះ តែ​យើង​ធ្វើ​មិនទាន់​ហើយ ហើយ​គាប់​ជូន​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា មាន​បរិមាណ​ទឹកភ្លៀង​ឡើងដល់​៩៣,៦៤​មី​លី​ម៉ែត្រ ម្យ៉ាង​មានការ​ចាក់ដី​បំពេញ ដើម្បី​អភិវឌ្ឍន៍​ផង​នោះ ទើប​ធ្វើអោយ​តំបន់​នេះ​លិចលង់​តែម្តង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការងារ​ចំពោះមុខ​នេះ ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ យើង​ត្រូវតែ​សម្រុក​ធ្វើ សំខាន់​រំដោះ​ទឹក​ដែល​លិច​ចេញពី​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជា​បណ្តោះអាសន្ន​សិន​។ ដូច្នេះ​ទេ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ ។ លោក​ថា មិនមែន យើង​មិន​ធ្វើ​ទេ គឺ​យើង​បាន​នឹង​កំពុង​ធ្វើ​ហើយ ប៉ុន្តែ​យើង​ធ្វើ​មិនទាន់ តែ ក្រោយពី​ការដ្ឋាន​របស់​យើង​បានបញ្ចប់ នោះ​តំបន់​នេះ​វា​នឹង​លែង​ទទួល​ការលិចលង់​ដូច្នេះ​ទៀតហើយ​។ លោក​បន្តថា ចំពោះ​ការដោះស្រាយ​ការ​លិច លង់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានគិត​គូរ​ហើយ និង​បាន​កំពុង​ធ្វើ​សកម្មភាព​ផងដែរ ពិសេស​ការដោះស្រាយ​នៅ​តំបន់​សាលាក្តី​ខ្មែរ ក្រហម ហូរ​មក​ប្រឡាយ​សាក់​សំពៅ ទៅ​បឹង​កប់​ស្រូវ​។​
​ជាមួយគ្នានេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បញ្ជាក់​ឱ្យដឹងថា​៖ ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៣ វិច្ឆិកា ២០១៨ កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​ដាក់លូ​២​ខ្សែ នៅ​សងខាង​ផ្លូវ​១៩៦២ ស្ថិតក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន សុខ មាន​ប្រវែង​៩៤០០​ម៉ែត្រ ទំហំ​មួយ​ម៉ែត្រ​កន្លះ ចាប់ពី​វត្ត​អង្គ​ជុំ ដល់​ផ្លូវ​២០១១ ដែល​អាច​រំដោះ​ទឹក​ចេញពី លើផ្លូវ​លេខ ២០១១ ពី​តំបន់​ចំការ​ព្រីង ហូរ​ចូលមក​ប្រឡាយ​ទូល​សំពៅ និង​មួយផ្នែក​ទៀត​ពី​វត្ត​ជុំ ទៅ​ប្រឡាយ​ទូ​សំពៅ ស្រប​ពេលដែល​ស្ថានីយ​ទួល​សំពៅ បាន​ស្ថាបនា​រួច​និង​មាន​កម្លាំង​បូម​ខ្លាំង​ជាង​មុន ។
​លោក​បន្តទៀតថា​៖ ជាមួយគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​នឹង​កំពុង​ជី​ប្រឡាយ​ពី​វត្ត​ជុំ ទៅ​ប្រឡាយ​សាក់​សំពៅ​ផងដែរ ដោយ​មកដល់ពេលនេះ ក្រុមការងារ​ជីក​បាន​១៣០០​ម៉ែត្រ​ហើយ គឺ​នៅសល់តែ​៥០០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ ។ លោក​សាំ ពិសិដ្ឋ បានបញ្ជាក់​ទៀតថា ក្រោយ​ការភ្ជាប់​លូ​ផ្លូវ​១៩៦២ និង​ការបញ្ចប់​ការជីក​ប្រឡាយ​វត្ត​ជុំ ទៅ​ប្រឡាយ​សាក់​សំពៅ រួចរាល់​នោះ នឹងធ្វើ​អោយ​តំបន់​សហគមន៍​អណ្តូង និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិតៗ​គ្នា​នេះ​លែង​លិចលង់​ទៀតហើយ​៕