ក្រុង​ញូវដែលី​ហាម​រថយន្ត​ដឹកទំនិញ​ចូល​ក្រុង ខណៈដែល​ទីក្រុង​ដ៏​ធំ​នេះ មាន​ផ្សែង​អ័ព្ទ​ពុល​ខ្លាំង​ឡើង​

658
ចែករម្លែក

ក្រុមអាជ្ញាធរក្រុងញូវដែលីបានដាក់បំរាម៣ថ្ងៃទៅលើរថយន្តដឹកទំនិញទាំងឡាយ ដោយមិនឱ្យចូលក្នុងក្រុងដែលមានបរិស្ថានអាក្រក់បំផុតនៅលើពិភពលោកនេះ ខណៈដែលប្រជាជន២០លាននាក់ដែលរស់នៅទីក្រុងនេះប្រឈមខ្លាំងនឹងផ្សែងអ័ព្ទពុលនៅរដូវរងាររាល់ឆ្នាំ។

ជាមួយនឹងកម្រិតនៃខ្យល់អាកាសពុលកើនឡើងដល់កម្រិតគ្រោះថ្នាក់នោះ ការដាក់កម្រិតទៅលើរថយន្តដឹកទំនិញខ្នាតមធ្យមនិងធុនធ្ងន់សរុបជិត៤០.០០០គ្រឿងដែលចូលក្នុងទីក្រុងញូវដែលីរៀងរាល់ថ្ងៃ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៨វិច្ឆិកា។

ក្រសួងដឹកជញ្ជូនបាននិយាយថារថយន្តដឹកម្ហូបអាហារនិងគ្រឿងប្រើប្រាស់ចាំបាច់ដទៃទៀតត្រូវបានលើកលែង ខណៈដែលអំពាវនាវឱ្យម្ចាស់នៃរថយន្តឯកជនដែលប្រើប្រេងម៉ាស៊ូតឱ្យទុករថយន្តរបស់ពួកគេនៅផ្ទះ។

គុណភាពខ្យល់អាកាសនៅទីក្រុងញូវដែលីគឺមានភាពអាក្រក់នៅក្នុងរដូវរងារនៅពេលពពកផ្សែងពីភ្លើងឆេះដុតឆ្ការព្រៃរបស់កសិករ បានហោះរសាត់មកលើទីក្រុងនេះនិងលាយជាមួយការបញ្ចេញឧស្ម័នឧស្សាហកម្មនិងចរាចរណ៍រថយន្តបង្កើតជាផ្សែងអ័ព្ទពុល។

យោងតាមគេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិកដែលឃ្លាំមើលគុណភាពខ្យល់បានឱ្យដឹងថា កាលពីថ្ងៃសុក្រកម្រិតបរិយាកាសពុល២,៥ មីក្រូម៉ែត្រ គឺជាកម្រិតគ្រោះថ្នាក់ខ្លាំងសុខភាពមនុស្ស ។ ក្រុមអ្នកជំនាញសុខភាព ណែនាំប្រជាជនឱ្យស្ថិតនៅក្នុងផ្ទះឬប្រើប្រាស់ម៉ាសពាក់ការពារ៕ដោយ៖សុខា/sn

រូប៖គុណភាពខ្យល់អាកាសនៅទីក្រុងញូវដែលីគឺមានភាពអាក្រក់នៅរដូវរងារនៅពេលពពកផ្សែងពីភ្លើងឆេះដុតឆ្ការព្រៃរបស់កសិករ បានហោះរសាត់មកលើ ទីក្រុងនេះនិងការបញ្ចេញឧស្ម័នឧស្សាហកម្មនិងចរាចររថយន្តបង្កើតជាផ្សែងអ័ព្ទពុល