ក្រុង​ប៉េកាំង​បញ្ជាក់​អំពី​អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​បាន​នៅ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង

625
ចែករម្លែក
  • 88
    Shares

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​សម្តែង​ការមិន​ពេញចិត្ត​ជា​ខ្លាំង​របស់​ខ្លួន​ចំពោះ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​បន្ទាប់ពី​នាវាចម្បាំង​អាមេរិក​ចំនួន​២​គ្រឿង​​បាន​បើក​នៅ​ជិត​ប្រជុំ​កោះ​ដែល​អះអាង​កាន់កាប់​ដោយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​។​

​លោកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ប៉េកាំង​ថា នាវា​ពិឃាដ​អាមេរិក​២​គ្រឿង​គឺ​នាវា​USS Spruance និង​នាវា​USS Preble បាន​បើក​ចូល​ដែនទឹក​នោះ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចិន​។​

​លោកស្រី​បាន​ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​សកម្មភាព​បង្កហេតុ​របស់ខ្លួន​ជា​បន្ទាន់​បន្ទាប់​ពី​នាវា​ពិ​ឃាដ​២​គ្រឿង​នេះ​បាន​ធ្វើ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​​ហៅថា​”​សេរីភាព​នាវាចរណ៍​” នៅក្នុង​តំបន់​នោះ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ជាប់​គាំង​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ហើយ​ភាគី​ទាំង​២​នេះ​កំពុង​ព្យាយាម​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​នៅ​​មុន​ពេល​កំណត់​នៅ​ថ្ងៃទី​១​ខែ​មីនា នៅពេលដែល​ការ​ដាក់​ពន្ធ​របស់​អាមេរិក​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​ដែល​មាន​តម្លៃ​សរុប​២០០​ពាន់​លាន​ដុល្លារ​នោះ គ្រោង​នឹង​បង្កើន​ពន្ធ​​ដល់​២៥​ភាគរយ​ពី​ការ​ដាក់​ពន្ធ​១០​ភាគរយ​កាលពី​ពេលមុន​។​

​លោក Clay Doss អ្នកនាំពាក្យ​កងទ័ពជើងទឹក​អាមេរិក​បាន​និយាយប្រាប់​សារព័ត៌មាន​CNN​ថា នាវា​USS Spruance និង នាវា​USS Preble បាន​បើក​ក្នុង​រយៈ​​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​Spratly​ដើម្បី​ប្រឆាំ​នឹង​ការកាន់កាប់​ដែនសមុទ្រ​ច្រើន​ហួស​និង​រក្សា​សិទ្ធិ​ចេញ​ចូល​តាម​ផ្លូវ​ទឹក​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ច្បាប់​​អន្តរជាតិ​នេះ​” ។​

​តែ​លោក​ស្រី Hua Chunying បាន​និយាយថា​” ទង្វើ​ដែល​ពាក់ព័ន្ធ​នៃ​នាវាចម្បាំង​អាមេរិក​ទាំងនោះ បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​ចិន​និង​ប៉ះពាល់​ដល់​សន្តិភាព​ សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅ​តំបន់​សមុទ្រ​ដែល​ពាក់​ពន្ធ​នោះ​។ ភាគី​ចិន​បង្ហាញ​ការ​មិន​ពេញចិត្ត​និង​ការប្រឆាំង​ជាខ្លាំង​។​ចិន​មាន​អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​បាន​​លើ​ប្រជុំ​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ​”៕​ដោយ​៖​សុខា​/sn

លោកស្រី Hua Chunying បាន​និយាយថា​នាវា​ពិឃាដ​USS Spruance (​រូបនេះ​) និង​នាវា​USS Preble របស់​អាមេរិក​បាន​បើក​ចូល​ដែនទឹក​នោះ​​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចិន