ក្រុង​ប៉េកាំង​រិះគន់​​អាមេរិកទាំងកំហឹង​ចំពោះការបើក​នាវាទៅជិត​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

253

ចិន កាលពីថ្ងៃសុក្រទី៣០វិច្ឆិកា បានស្តីបន្ទោសអាមេរិកចំពោះការបញ្ជូននាវាកងទ័ពជើងទឹកច្រើនគ្រឿងទៅប្រជុំកោះដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ជាទីដែលរដ្ឋាភិបាលក្រុងប៉េកាំងបានកសាងទីតាំងកងទ័ព។

សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួន តែងតែបញ្ជូនយន្តហោះនិងនាវាចម្បាំងច្រើនគ្រឿងឆ្លងកាត់តំបន់នោះដើម្បីធ្វើប្រតិបត្តិការ “សេរីភាពនៃការធ្វើនាវាចរណ៍” ដែលជាការបង្ហាញសញ្ញាមួយទៅរដ្ឋាភិបាលក្រុងប៉េកាំង អំពីសិទ្ធិរបស់ពួកគេក្រោមច្បាប់អន្ដរជាតិក្នុងការឆ្លងកាត់ដែនសមុទ្រដែលត្រូវបានអះអាងសិទ្ធិកាន់កាប់ដោយចិននោះ។

យោងតាមមន្ទីរបញ្ចាកោណបានឱ្យដឹងថា នាវាពិឃាតអាមេរិកUSS Chancellorsville ដ៏ទំនើបនេះបានបើកទៅជិតប្រជុំកោះប៉ារ៉ាសែល(Paracel)ឬចិនហៅថាប្រជុំកោះស៊ីសា(Xisha) កាលពីថ្ងៃចន្ទ ដើម្បីប្រឆាំងទៅនឹងការអះអាងសិទ្ធិកាន់កាប់ដែនសមុទ្រច្រើនជ្រុលហួសនិង ដើម្បីសិទ្ធិសេរីភាពចេញចូលកាត់សមុទ្រនេះដោយស្របតាមច្បាប់អន្តរជាតិ។

កងទ័ពចិនបានប​ញ្ជូនយន្តហោះនិងនាវាចម្បាំងច្រើនគ្រឿង ទៅព្រមាននាវាអាមេរិកនោះ ឱ្យចាកចេញពីតំបន់នោះ។

លោក Li Huamin អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”យើងទទូចដល់សហរដ្ឋអាមេរិកឱ្យពង្រឹងការគ្រប់គ្រងនាវានិងយន្តហោះដែលឆ្លងកាត់ទឹកដីរបស់ចិនដើម្បីការពារកុំឱ្យកើតមានហេតុការណ៍ដែលមិននឹកស្មានដល់ណាមួយនោះ ” ។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅសន្និសីទកាសែតមួយថា “ចិនក៏បានដាក់ពាក្យតវ៉ាតាមការទូតទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផងដែរ ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពបង្កហេតុបែបនេះ ដែលរំលោភលើអធិបតេយ្យភាពរបស់ចិន”។

ប្រជុំកោះParacels ត្រូវបានអះអាងសិទ្ធិកាន់កាប់ ដោយចិន តៃវ៉ាន់ និងវៀតណាម៕ដោយ៖សុខា/sn

នាវាពិឃាតអាមេរិក USS Chancellorsville បានបើកទៅជិត ប្រជុំកោះParacel ឬចិនហៅថាប្រជុំកោះXisha នៅសមុទ្រចិនខាងត្បូង