ក្រុង​ប៉េកាំង​៖ ​ការជ្រៀតជ្រែក​និង​ការ​ញុះញង់​របស់​បរទេស​បង្ក​បដិវត្តន៍​ពណ៌​និង​ភាពវឹកវរ​នៅ​តំបន់​ជាច្រើន​

212
ចែករម្លែក

​នៅ​សន្និសីទ​សន្តិសុខ​មួយ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​តុលា រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក​វេ ហ្វុង​ហ្គឿ បាន​ព្រមាន​ដោយ​ឥត​លាក់លៀម​មួយ​ប្រឆាំង​អាម៉េរិក ដោយ​​លោក​បាន​និយាយថា ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នកដទៃ និង​ញុះញង់​បង្ក​ការ​បដិវត្តន៍​ពណ៌​បាន​នាំ​ដល់​ការ​កើតសង្គ្រាម​និង​ភាពវឹកវរ​នៅ​តំបន់​ជាច្រើន​​នៅក្នុង​ពិភពលោក​។​

​លោក​ឧត្តមសេនីយ៍វេ​បានប​ន្តថា​« ការជ្រៀតជ្រែក​គ្មាន​ការទទួលខុសត្រូវ​»​ដូច្នោះ​នឹងមិន​ជួយ​ជំរុញ​ទំនាក់ទំនង​ចុះសម្រុង​គ្នា​ទេ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បន្ទោស​ប្រទេស​ខាងក្រៅ រួម​មាន​អាម៉េរិក​ថា​ញុះញង់​បង្កចលាចល​នៅ​ហុងកុង​អស់​ពេល​៥​ខែ​មក​ហើយ​។​ចិន​ក៏​ហៅ​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​ថា​​ជា​បដិវត្តន៍​ពណ៌ ដោយ​បាន​និយាយ​យោង​ដល់​ការ​ប៉ះ​បោរ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ផ្ទុះឡើង​នៅ​អតីត​រដ្ឋ​សហភាពសូវៀត​ក្បែរ​ខាង​ខ្លួន​។​

​លោក​វេ ហ្វុង​ហ្គឿ បាន​និយាយថា «​ការជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​នៃ​តំបន់​ផ្សេងៗ និង​កិច្ចការ​ផ្ទៃក្នុង​អ្នកដទៃ ញុះញង់​បង្ក​បដិវត្តន៍​ពណ៌ និង​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​​ស្របច្បាប់​នៃ​ប្រទេស​ផ្សេងៗ ជា​មូលហេតុ​ពិត​នៃ​សង្គ្រាម​និង​ភាពវឹកវរ​នៅក្នុង​តំបន់​ខ្លះ​»​។​

រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក​វេ ហ្វុង​ហ្គឿ ថ្លែង​ក្នុង​វេទិកា​សន្តិសុខ Xiangshan Forum នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​២១​តុលា​

​ថ្លែង​ក្នុង​វេទិកា​សន្តិសុខ Xiangshan Forum នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​២១​តុលា លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ក៏​បាន​និយាយ​សំដៅ​ទៅ​រក​កិច្ចខិតខំ​របស់​ប្រទេស​មួយចំនួន​​ដើម្បី​ដាក់​ខ្លួនឯង​នៅ​ឯកោ ឬ បន្ត​យុទ្ធសាស្ត្រ​សន្តិសុខ​ដែល​ព្យាយាម​ផាត់​ចេញ​អ្នកដទៃ​។​លោក​បាន​និយាយ​ដូច្នេះ​ថា​« នៅក្នុង​យុគ​សក​លូ​ប​នីយកម្ម​សេដ្ឋកិច្ច​នេះ គ្មាន​ប្រទេស​​ណា​អាច​ដក​ខ្លួន​ទៅ​សម្ងំ​នៅ​តែ​ឯង​។ ការ​កាច់​មួល​ក្បួនច្បាប់​អន្តរជាតិ តាម​ដែល​នរណា​ម្នាក់​យល់ឃើញ​ថា​ត្រឹមត្រូវ វា​គ្រាន់តែ​បំផ្លាញ​សណ្តាប់ធ្នាប់​ពិភពលោក​ប៉ុណ្ណោះ​»​។​

​ទោះជា​យ៉ាងណា អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​បាន​និយាយ​នៅក្រៅ​ជំនួប​នេះ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនបាន​ព្យាយាម​«​ផ្តាច់ខ្លួន​»​ចេញ​ពី​ចិន​ទេ តែ​កំពុង​ព្យាយាម​«​ធ្វើអោយ​ទំនាក់ទំនង​មាន​តុល្យភាព​និង​ត្រឹមត្រូវ​ឡើងវិញ​ដើម្បី​ធានា​ថា​យើង​មាន​សមភាព​»​។​

​សូមបញ្ជាក់​ថា ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អាម៉េរិក​បាន​បន្ត​អនុវត្ត​គោលនយោបាយ​គាំពារ​និយម​«​អាម៉េរិក​ជា​អាទិភាព​» ដែល​ជា​លទ្ធផល​នាំ​ដល់​ការ​យក​​ពន្ធ​ពិន័យ​លើ​សម្ពន្ធមិត្ត​ដូចជា​សហភាព​អឺរ៉ុប និង​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​

​ក្នុងអំឡុង​សុន្ទរកថា​២៦​នាទី លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ក៏​បាន​និយាយថា ចិន​តាំងចិត្ត​ដើរ​លើ​ផ្លូវ​នៃ​ការអភិវឌ្ឍន៍​ដោយ​សន្តិវិធី ហើយ​នឹង​មិន​ស្វះស្វែង​ធ្វើ​អនុត្តរភាព​ទេ​។​តែ​​សម្លេង​របស់​លោក​បែរ​ជាខ្លាំង​ពាក់ព័ន្ធ​នឹង​បញ្ហា​កោះ​តៃវ៉ាន់ ដោយ​លោក​បាន​និយាយថា​«​បញ្ហា​តៃវ៉ាន់​» ជា​ផលប្រយោជន៍​ជាតិចិន​ធំ​ណាស់​ហើយ​គ្មាន​កម្លាំង​ណា​អាច​រារាំង​មិន​​អោយ​ចិន​ធ្វើ​ការបង្រួបបង្រួម​ឡើងវិញ​បានទេ​។​

​ជំនួប​នេះ​ដឹកនាំ​ធ្វើ​ដោយ​ចិន​ប៉េកាំង ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ជំនួប​សន្តិសុខ​មួយ​ដើម្បី​ទប់ទល់​ឬ​ធ្វើអោយមាន​តុល្យភាព​ជាមួយនឹង​ជំនួប​សន្តិសុខ​ប្រចាំឆ្នាំ​មួយទៀត​​នៅ​សិង្ហ​បុរី ដែល​ដឹកនាំ​ដោយ​អាម៉េរិក​ឈ្មោះថា វេទិកា Shangri-La Dialogue ។​

​វេទិកា​៣​ថ្ងៃនេះ​មាន​ការចូលរួម​ពី​តំណាង​មកពី​៦៨​ប្រទេស រួម​មាន​ប្រមុខ​យោធា​មកពី​ប្រមាណ​៣០​ប្រទេស​៕​ដោយ​៖​វាសនា​