ក្រុង​មូ​ស្គូ​៖ ការដកខ្លួន​របស់​អា​មេ​រិ​ក​ចេញពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ជា​ជំហាន​គ្រោះថ្នាក់​

1300
ចែករម្លែក
  • 222
    Shares

មន្រ្តីក្រសួងការបរទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃអាទិត្យទី២១តុលាថា ការដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាសព្វាវុធនុយក្លេអ៊ែរតាំងពីសម័យសង្រ្គាមត្រជាក់មួយជាមួយរុស្ស៊ី ដូចប្រធានាធិបតីអាមេរិកបានប្រកាសគឺជាជំហានដ៏គ្រោះថ្នាក់មួយ។

អនុរដ្ឋមន្រ្តីការបរទេសលោកសឺហ្គេ រីយ៉ាបកូវ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានTASS” វាជាការបោះជំហានដ៏គ្រោះថ្នាក់ណាស់មួយ ដែលមិនត្រឹមតែសហគមន៍អន្តរជាតិមិនយល់តែវាបង្កការថ្កោលទោសខ្លាំងក្លាផងដែរ”។

លោកបានបញ្ជាក់ថា សន្ធិសញ្ញានេះមានសារសំខាន់ណាស់សំរាប់សន្តិសុខអន្តរជាតិនិងសន្តិសុខក្នុងផ្នែកអាវុធនុយក្លេអ៊ែរ សំរាប់ថែរក្សាសន្ថិរភាពយុទ្ធសាស្រ្ត”។រុស្ស៊ីថ្កោលទោសអ្វីដែលលោកហៅថាការប៉ុនប៉ងដោយអាមេរិកដើម្បីទទួលបានសម្បទានតាមរយៈវិធីសាស្រ្តចាប់ជំរិត។បើអាមេរិកបន្តប្រព្រឹត្ត«ល្ងីល្ងើរនិងថោកទាប»និងដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិដោយឯតោភាគីនោះ«យើងគ្មានជំរើសអ្វីក្រៅពីចាត់វិធានការតបវិញ រួមមានបច្ចេកវិទ្យាយោធា។តែយើងមិនចង់ឈានទៅកាន់ដំណាក់កាលនេះទេ»។

កាលពីថ្ងៃសៅរិ៍ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា​អាមេរិកមានផែនការចាកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៨៧ដោយប្រធានាធិបតីអាមេរិកគ្រានោះ លោករ៉ូណាល់ រេហ្គិន ជាមួយអតីតប្រធានាធិបតីសូវៀត លោកមីខាអ៊ីល ហ្គ័របាឆូវ។

ត្រាំបាននិយាយថា« យើងជាភាគីដែលនៅក្នុងកិច្ចព្រមព្រៀងនេះ និងយើងបានគោរពវា តែរុស្ស៊ីមិនបានគោរពកិច្ចព្រមព្រៀងទេ ដូច្នេះយើងនឹងបញ្ចប់កិច្ចព្រមព្រៀងហើយដកខ្លួនចេញ”។

តែលោករីយ៉ាបកូវ កាលពីថ្ងៃអាទិត្យបានបដិសេធការចោទប្រកាន់របស់ត្រាំ និងបានជះការចោទប្រកាន់នេះត្រឡប់ទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនវិញ។

អាមេរិកអះអាងថា រុស្ស៊ីបានរំលោភកិច្ចព្រមព្រៀង ដោយបានផលិតកាំជ្រួចចម្ងាយមធ្យមថ្មីមួយហៅថាNovator 9M729 ដែលអាចអោយរុស្ស៊ីធ្វើការវាយប្រហារនុយក្លេអ៊ែរលើបណ្តាប្រទេសអង្គការណាតូ ជាមួយនឹងការជូនដំណឹងរយៈពេលខ្លីបំផុត។

តែការសែតThe New York Times បានរាយការណ៍កាលពីថ្ងៃសុក្រថា អាមេរិកពិចារណាដកខ្លួនចេញពីសន្ធិសញ្ញានេះ ដើម្បីទប់នឹងការពង្រីកវត្តមានយោធាចិននៅតំបន់ប៉ាស៊ីហ្វិកខាងលិច។ចិនមិនមែនជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះទេ ដោយអនុញ្ញាតអោយមហាអំណាចកំពុងស្ទុះឡើងមួយនេះផលិតកាំជ្រួចចម្ងាយមធ្យមដោយគ្មានការកំហិត។

ចំពោះបញ្ហានេះ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកពូទីន នឹងសុំការពន្យល់បកស្រាយពីទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកចន បុលថុន ដែលត្រូវមកទស្សនកិច្ចរុស្ស៊ី។

ក្នុងពេលជាមួយគ្នា អតីតប្រធានាធិបតីសូវៀត លោកមីខាអ៊ីល ហ្គ័របាឆូវ និយាយថាផែនការរបស់ប្រធានាធិបតីអាមេរិកក្នុងការដកខ្លួនចេញពីសន្ធិសញ្ញានេះ គឺផ្ទុយនឹងកិច្ចខិតខំសំរេចអោយបានការរំសាយសព្វាវុធនុយក្លេអ៊ែរ៕ដោយ៖វាសនា