ក្រុង​រី​យ៉ាត​និយាយថា សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ជា​ជំរើស​ចុងក្រោយ​តែ​អ៊ីរ៉ង​និង​ក្រុម​ហេហ្ស៍​បូឡា ព្រមាន​

6140
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អា​រ៉ាប៊ីសាអូឌីត លោក​អាប់​ឌី​ល ជូ​បេយ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​រដ្ឋាភិបាល​ក្រុង​រី​យ៉ាត​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ការពារ​ប្រទេស​ចំពេល​មាន​ភាព​តាន​​តឹង​កាន់តែ​កើន​ឡើង​ជាមួយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ ក្រោយ​ការវាយប្រហារ​ដោយ​ដ្រូ​ន​កាលពីពេល​ថ្មីៗ​លើ​ស្ថានីយ​ចំរាញ់​ប្រេង​អា​រ៉ាប៊ីសាអូឌីត ទោះជា​យ៉ាងណា​លោក​បាន​បញ្ជាក់​​ថា សង្គ្រាម​ណាមួយ​ជាមួយ​អ៊ីរ៉ង់ ជា​«​ជំរើស​ចុងក្រោយ​»​។​

ក្រុម​កាំភ្លើង​ធំ​អា​រ៉ាប៊ីសាអូឌីត​បាញ់ផ្លោង​ក្នុង​សង្គ្រាម​ទល់​នឹង​ក្រុមឧ​ទ្ទាម​នៅយែ​ម៉ែន​និង​តារាង​បង្ហាញ​តុល្យភាព​កម្លាំង​រវាង​អា​រ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​

​មុន​នេះ​លោក ជូ​បាយ បាន​បន្ទោស​អ៊ីរ៉ង់​ថា​បាន​បង្ហោះ​ដ្រូ​ន​និង​បាញ់​កាំជ្រួច​មក​លើ​ទីតាំង​ប្រេង​អា​រ៉ាប៊ីសាអូឌីត​។​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​អ៊ីរ៉ង់​បាន​បង្ហាញ​ភាព​គឃ្លើន​​អស់​៤០​ឆ្នាំ​មកហើយ និង​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បញ្ជូន​ក្រុម​ជីវពល​ទៅកាន់​ស៊ី​រី អ៊ីរ៉ាក់​និង​យែ​ម៉ែន ព្រមទាំង​បំផ្លាញ​លី​បង់​តាមរយៈ​ក្រុម​ហេហ្ស៍​បូឡា​។​

​ចំណែក មេដឹកនាំ​ក្រុម​ហេហ្ស៍​បូឡា ក៏​បាន​បញ្ជូន​ការព្រមាន​ទៅកាន់​អា​រ៉ាប៊ីសាអូឌីត ក្នុងករណី​ផ្ទុះ​សង្គ្រាម​ណាមួយ​រវាង​អា​រ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​។​មេដឹកនាំ​ក្រុម​ជីវពល​ដ៏​មាន​ឥទ្ធិ​​ពល​បំផុត​នៅ​មជ្ឈិមបូព៌ា​នេះ បាន​និយាយថា​«​កុំ​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ពីព្រោះ​គេ​នឹង​កំទេច​អ្នក​។​ផ្ទះ​និង​សេដ្ឋកិច្ច​របស់​អ្នក​ធ្វើ​ពី​កញ្ចក់​។​អ្នក​កំពុង​បង់​តំលៃ​មួយ​ចំពោះ​ការធ្វើ​​សង្គ្រាម​នៅយែ​ម៉ែន​»​។​

​ក្នុងពេល​ជាមួយគ្នា មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ លោក​ហូ​ស​សេន សាឡា​មី បាន​និយាយថា​អ៊ីរ៉ង់​ត្រៀមខ្លួន​ឆ្លើយតប​ការឈ្លានពាន​ណាមួយ​។​

​សូមបញ្ជាក់​ថា ការវាយប្រហារ​ដោយ​ដ្រូ​ន​លើ​រោងចក្រ​ប្រេង​នៃ​ក្រុមហ៊ុន​Saudi Aramco​កាលពី​សប្តាហ៍​មុន​នាំ​អោយ​បិទ​រោងចក្រ Abqaiq និង Khurais​និង​កាត់បន្ថយ​ផលិត​​កម្ម​ប្រេង​អា​រ៉ាប៊ីសាអូឌីត​ពាក់កណ្តា​ល​។​ទោះ​ជា​ចលនា​អាន់​សា អា​ឡា​នៃ​ប្រទេស​យែ​ម៉ែន ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ឧទ្ទាម​ហូ​ទី បាន​ចេញ​មក​អះអាង​ទទួលខុសត្រូវ ក៏​អា​រ៉ាប៊ីសាអូឌីត​​និង​អាម៉េរិក​បាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​អ៊ីរ៉ង់ ដែល​បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​។​

​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ត​បាន​និយាយថា ដ្រូ​ន​១៨​គ្រឿង​និង​កាំជ្រួច​បណ្តែត​៧​ដើម​ត្រូវ​បាន​បង្ហោះ​និង​បាញ់​ចេញពី​ទិស​មួយ​ដែល​ច្រាន​ចោល​ប្រទេស​យែ​ម៉ែន​ជា​ប្រភព​នៃ​ការ​វាយ​ប្រ​​ហា​រ​។​

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​សុក្រ​ទី​២០​កញ្ញា ពួក​សកម្មប្រយុទ្ធ​ហូ​ទី ដែល​កាន់​កាប់យែ​ម៉ែន​ខាងជើង​បាន​ព្រមាន​អា​រ៉ាប៊ីសាអូឌីត​ថា ការវាយប្រហារ​ថ្មី​ដែល​កាន់តែ​បង្ក​ការខូចខាត​​ខ្លាំង​ជាង​មុន លើ​ទីតាំង​សំខាន់ៗ​របស់​អា​រ៉ាប៊ីសាអូឌីត នឹង​កើតមានឡើង​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​រី​យ៉ាត​បន្តសកម្មភាព​យោធា​ប្រឆាំង​នឹង​បណ្តា​ទឹ​កដីកាន់កាប់​ដោយ​ក្រុម​ហូ​ទី​​នៅយែ​ម៉ែន​៕​ដោយ​៖​វាសនា​

ក្រសួងការពារជាតិ​អា​រ៉ាប៊ីសាអូឌីត​បង្ហាញ​កំទេច​ដ្រូ​ន​និង​កាំជ្រួច​ដែល​ប្រើ​សំរាប់​វាយប្រហារ​ទីតាំង​ប្រេង​របស់​ខ្លួន​និង​អះអាង​ថា​អ៊ីរ៉ង់​ជាប់​ពាក់ព័ន្ធ​