ក្រុង​សាយ​ហ្គ​ន​មាន​គម្រោង​កែប្រែ​ម៉ោង​ចូលរៀន និង​ធ្វើការ ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ទះចរាចរណ៍

1466
ចែករម្លែក

​យានជំនិះ​ឯកជន ៨ លាន​គ្រឿង ឥឡូវ​កំពុង​ធ្វើឱ្យ​ស្ទះ​ពេញ​ផ្លូវ​នានា​របស់​ក្រុង​សាយ​ហ្គ​ន (​ហូជីមិញ​) ហើយ​ឥឡូវ​កំពុងមាន​ការអំពាវនាវ​ឱ្យមាន​វិធានការ​កែប្រែ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ឡើងវិញ​។

​នៅ​កិច្ចប្រជុំ​មួយ​ជាមួយ​អភិបាលក្រុង លោក​ង្វៀន ថា​ញ់ ផុង កាលពី​ថ្ងៃ​ចន្ទ ទី​៣១ កក្កដា ប្រជាជន​រអ៊ូរទាំ​ថា​ទីក្រុង​ចំណាយពេល​និង​លុយកាក់​ច្រើន​លើ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​ការកកស្ទះ​ចរាចរណ៍​រ៉ាំរ៉ៃ​នៅតែ​កើតមាន​ដដែល​។

​ពួកគេ​និយាយថា ប្រជាជន​ទីក្រុង​បាន​កើនឡើង ១៣ លាន​នាក់ ប៉ុន្តែ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ចរាចរណ៍​មិនបាន​រក្សា​ល្បឿន​ឱ្យទាន់​សម្ពាធ​នៃ​ការដឹកជញ្ជូន​ដែល​កើនឡើង​រាល់ថ្ងៃ​នោះទេ​។ នេះ​បើតាម​កាសែត​ក្នុងស្រុក​។

​ជាការ​ឆ្លើយតប លោក​ផុង​និយាយថា សាលាក្រុង​នឹង​ត្រឡប់​ទៅ​មើល​ផែនការ​ដើម​ម្តងទៀត​អំពី​ការកែប្រែ​ម៉ោង​ទៅ​រៀន និង​ធ្វើការ ដោយ​បន្ថែមថា ខ្លួន​នឹង​ពិនិត្យមើល​សំណើ​នានា​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មុនពេល​សម្រេចចិត្ត​លើ​ដំណោះស្រាយ​ចុងក្រោយ​។​

​កាលពី​ខែឧសភា ទីក្រុង​បាន​ចាត់​ទីភ្នាក់ងារ​ជាច្រើន​ដើម្បី​អភិវឌ្ឍ​ផែនការ​មួយ ដែល​នឹង​ដាក់ជូន​មក​សាលាក្រុង​មុន​ថ្ងៃទី ៣០ កក្កដា​។

​នាយកដ្ឋាន​ដឹកជញ្ជូន​ក្រុង​ដំបូង​ឡើយ​បាន​ស្នើឡើង​នូវ​គំនិត​កែប្រែ​ម៉ោង​ក្នុង​ឆ្នាំ​២០០១ ហើយ​ងាក​មករក​គំនិត​នេះ​វិញ​ក្នុង​ឆ្នាំ ២០០៧ និង ២០០៩ ប៉ុន្តែ​មិនដែល​យក​វា​មកប្រើប្រាស់​ឡើយ​។

​កាលពី​ឆ្នាំមុន នាយកដ្ឋាន​បានដាក់​ចេញ​ផែនការ​នេះ​ជាថ្មី​ម្តងទៀត​។ សេចក្តីលម្អិត​នៃ​ផែនការ​កែប្រែ​ម៉ោង​ធ្វើការ​និង​ទៅ​រៀន នៅតែ​មិន​ច្បាស់លាស់​ដដែល​។

​គិត​ត្រឹម​ថ្ងៃទី ១៥ ខែមេសា ទីក្រុង​សាយ​ហ្គ​ន​មាន​យានយន្ត​ឯកជន​ប្រហែល ៨ លាន​គ្រឿង គឺ​កើនឡើង ៥,៨ ភាគរយ​ធៀប​នឹង​ឆ្នាំមុន នៅ​អំឡុង​ពេលវេលា​ដដែល ក្នុងនោះ​រួមមាន​រថយន្ត​ឯកជន ៦៤២.០០០ គ្រឿង និង ម៉ូតូ​ជាង ៧,៣ លាន​គ្រឿង​៕ ដោយ៖ កញ្ញាដាលីស

ចរាចរណ៍​ក្នុង​ក្រុង​សាយ​ហ្គ​ន​រ៉ាំរ៉ៃ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គ្មាន​ដំណោះស្រាយ