ក្រុង​សៀមរាប​ជាប់​ជា​គោលដៅ​ទេសចរណ៍​លេខ១ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​

1072
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ កាលពីពេល​ថ្មីៗ​នេះ ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​អន្តរជាតិ​របស់​អាល្លឺម៉ង់​មួយ​មាន​ឈ្មោះថា You Discover បានជ្រើសរើស​យក ក្រុង​សៀមរាប ជា​គោលដៅ​ទេសចរណ៍​លេខ១ សម្រាប់​ឆ្នាំ២០១៩ នេះ ក្នុងចំណោម​បណ្តា​ទីក្រុង​ទាំង៩៣ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជធានី​ភ្នំពេញ និង​ក្រុង​បាត់ដំបង ក៏​ជាប់​នៅក្នុង​ចំណោម​គោល​ដៅ​ទេសចរណ៍​ទាំង១៥ផងដែរ​។ ដោយ​រាជធានី​ភ្នំពេញ ឈរ​នៅ​លំដាប់​លេខ៤ ខណៈ​ក្រុង​បាត់ដំបង ឈរ​នៅ​លំដាប់​លេខ១៣។

​លើសពីនេះទៅទៀត ក្រុង​សៀមរាប ឈរលើ​កំពូល​តារាង ដោយ​ទទួលបាន១០​ពិន្ទុ​ពេញ ខណៈដែល​ទីក្រុង​បាងកក ឈរ​លេខ២ និង​ទីក្រុង​សិង្ហ​បុរី ឈរ​លេខ៣ ហើយ​រាជធានី​ភ្នំពេញ ឈរ​នៅ​លំដាប់​ទី​៤ មាន​ពិន្ទុ៩,៧ ។​

​ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​ពិភពលោក​របស់​អាល្លឺម៉ង់ You Discover បានបង្ហាញ​ពី​សក្តានុពល​នៃ​ខេត្តសៀមរាប ដែលមាន ប្រាសាទបុរាណ​ជាច្រើន ជាពិសេស​គឺ​ប្រាសាទអង្គរវត្ត ដែលជា អត្តសញ្ញាណ​ជាតិខ្មែរ គួបផ្សំ​នឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ដែល​បង្កើតបានជា​បរិ​យា​កាស​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​។​

លោក​ង៉ូ​វ សេង​កាក់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ​បាន​ចាប់អារម្មណ៍​អោយរ​ស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា ​យើង​មាន​មោទនភាព​ក្រៃលែង​នៅពេលដែល​ដឹងថា ​ប្រព័ន្ធឃោសនា​របស់​អាឡឺម៉ង់​(You Discover)​ បាន​សិក្សា​វាយតម្លៃ​ទៅលើ​តំបន់​គោលដៅ​ទេសចរណ៍​ទៅលើ​បណ្តា​ប្រទេស​នៅ​អាស៊ី​អ​គ្នេ​យ៍ មិនមែន​តែ​កម្ពុជា​នោះទេ​។ ​ហើយ​ឃើញ​ក្រុង​សៀមរាប​ជាប់​លំដាប់​លេខ​១។ ​ប្រជាជន​ខេត្តសៀមរាប​សប្បាយ​រីករាយ អបអរសាទរ​ក្រោយពី​ដឹងថា​ បានជា​ប់​ពិន្ទុ​លេខ​១​។

​លោ​កថា​មិនមែន​តែ​ក្រុង​ស្អាត​ប៉ុណ្ណោះ​ទេ​ តំបន់​ជុំ​វី​ញ​ប្រាសាទ​អង្គរ ក៏មាន​ប្រាសាទ​ជាច្រើន​និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ ក៏មាន​គោលដៅ​ទេសចរណ៍​ជាច្រើន​ទៀត​៕B/