ក្រុង​ស្ទឹងត្រែង​មាន​ដាក់តាំង​ពិព័រណ៍​សំរាម​បង្អួត​ភ្ញៀវទេសចរ​

1655
ចែករម្លែក

​ដោយ​: សុខុម / ស្ទឹងត្រែង​: គ្រាន់តែ​មេឃ​ធ្លាក់ភ្លៀង​មួយ​មេ​ធំ​ក្រុង​ស្ទឹងត្រែង​បានក្លាយ​ទៅជា​កន្លែង​ធុងសំរាម​គួរឱ្យ​ខ្មាស់ ដល់​ភ្ញៀវទេសចរ​ដែល​គេ​បាន​មកលេង​ខេត្តស្ទឹងត្រែង ភាគ​ឦសាន​ប្រទេស​ទាំង​អាម៉ាស់​។ ត្រង់ចំណុច​នេះ គួរតែមាន​ការរៀបចំ​ឱ្យ​ល្អ​ចៀសវាង​មានការ​រិះគន់​ពី​មហាជន រឿង​ទុកដាក់​សំរាម​តាមផ្លូវ​សាធារណៈ ក្នុង​ក្រុង​ស្ទឹងត្រែង​។​

​គេ​សង្កេតឃើញថា នៅតាម​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង​មាន​ដាក់​ធុងសំរាម ដើម្បី​ចៀសវាង​ការ​បោះចោល​ពាសវាល​ពាស​កាល​តាម​ទីសាធារណៈ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​យើង និង​កុំឱ្យ​ភ្ញៀវទេសចរ​គេ​រិះគន់​។ តែ​នៅ​ខាងលិច​ផ្សារ ស្ទឹងត្រែង​ចំ​កន្លែង​មហាជន​កុះករ​ក៏​ស្រាប់តែ មាន​ឃើញ​ដាក់​គំនរ​សំរាម ដូច​តាំង​ពិ​ពិ​រណ៍​លក់​ផលិតផល​ទៅវិញ​។ ត្រង់ចំណុច​នេះហើយ​បានជា​មានការ​រិះគន់​ពី​មហាជន​ទូទៅ​នោះ​។​

​គួរ​បញ្ជាក់ថា នៅវេលា​ល្ងាច​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៨ មេឃ​គ្រាន់តែ​ធ្លាក់ភ្លៀង​មួយ​មេ​ធំ ទឹក​លិច​ផ្លូវ​ហូរ​សំរាម​ពាសពេញ​ផ្លូវ​បាត់បង់​សោភ័ណភាព​ទីក្រុង​ស្អាត​អស់រលីង​។ សូម​អាជ្ញាធរ​ជួយ​រក​កន្លែង​ទុកដាក់​សំរាម​ណា​ឱ្យ​ខុសពី​កន្លែង​មហាជន​នោះ​ផង​។ មិនគួរណា​យកមុខ​ផ្សារ​ជា​កន្លែង​បោះចោល​សំរាម​នោះទេ​។ ហើយ​អ្នក​បោះចោល​សំរាម​ក៏ត្រូវ ចូលរួម​សំអាត​អនាម័យ​សំរាម​ទាំងអស់គ្នា​ផង​។​

​បើសិនជា​គ្មាន​ការរៀបចំ​ឱ្យមាន​សោភ័ណ​ភាពជា​ទីក្រុង​ស្អាត​ទេនោះ គ្មាន​ភ្ញៀវទេសចរ​ណា​គេ​ចង់​មកលេង​ខេត្តស្ទឹងត្រែង​ឡើយ​៕ ល​

#