ក្រុង​ស្នើ​ឲ្យ​មន្ទីរ ស្ថាប័នរដ្ឋ និង​ប្រជាពលរដ្ឋ​លើក​ទង់ជាតិ​តាម​មុខផ្ទះ​មុខ​ស្ថាប័ន​របស់ខ្លួន ដើម្បី​អបអរសាទរ​ទិវា​បុណ្យជាតិ ៧​មករា​

484

(​ភ្នំពេញ​)៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ឱ្យ​ណែនាំ​បន្ត​ដល់​ចៅសង្កាត់​ទាំងអស់​បំផុស​ប្រជាពលរដ្ឋ​​នៅតាម​មូលដ្ឋាន​សង្កាត់ នៅតាម​មន្ទីរ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​នាំគ្នា​លើក​ទង់ជាតិ​ឲ្យ​បាន​ផុលផុស​ឡើង​ដើម្បី​ចូលរួម​​អបអរសាទរ​ទិវា​បុណ្យជាតិ ៧​មករា ខួប​លើក​ទី​៣៩​ដែលជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​
​ ​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​បែបនេះ​ក្នុង​កិច្ចប្រជុំ ស្តីពី​ការពង្រឹង​សន្តិសុខ​រៀបរយ នៃ​ពិធី​បុណ្យជាតិ​៧​មករា ខួប​លើក​ទី​៣៩ នៃ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា នៅ​សាលា​រាជធានី​ភ្នំពេញ​។​លោក​អភិបាល​រាជធានី​បាន​មាន​​ប្រសាសន៍​ទៀតថា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៣៩​ថ្ងៃជ័យ​ជំនះ​៧​មករា ជា​ថ្ងៃ​ប្រ​វ​ត្រិ​សាស្ត្រ​កម្ពុជា អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ត្រូវ​ណែនាំ​ដល់​​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ក៏​ដូច​មន្ទីរ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​នាំគ្នា​លើក​ទង់ជាតិ​នៅតាម​ខ្នង​ផ្ទះ ដើម្បី​ចូលរួម​​អបអរសាទរ​ទិវា​បុណ្យជាតិ​៧​មករា ខួប​លើក​ទី​៣៩​ដែលជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ឲ្យ​បាន​អ​ធឹ​ក​អ​ធំ ព្រោះ ទិវា​បុណ្យជាតិ​នេះ​ជា​កំ​​ណើ​តទី​ពីរ​របស់​យើងទាំងអស់គ្នា បើ​គ្មាន​ថ្ងៃ​៧​មករា​ក៏​មិនមាន​ថ្ងៃ​នេះដែរ​។​

​សូមបញ្ជាក់ថា​ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩​ឆ្នាំ​២០១៨​នេះ​នឹងត្រូវ​រៀបចំ​ធ្វើ​ធំ​ជាង​ឆ្នាំមុនៗ​។​ពិធី​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​តាម​គម្រោង​​នឹងមាន​មហាជន​ចូលរួម​ជិត​៥​ម៉ឺន​នាក់ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយក​រដ្ឋ​​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​រ៉ា​ម៉ន​/sn