ក្រុង​ស្រុក​ឃុំ​សង្កាត់​ត្រូវ​ប្រើ​ថវិកា​៥០​ភាគរយ​របស់ខ្លួន ដើម្បី​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ប្រសើរ​

139
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត​នឹង​បង្កើន​ថវិកា​ក្នុងការ​ផ្តល់ជូន​បណ្តា​ក្រុង​ស្រុក​សម្រាប់​ផ្តោតលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ ជាមួយនេះ រដ្ឋបាល​ស្រុក​ក្រុង ឃុំ​សង្កាត់​ក៏ត្រូវ​ប្រើប្រាស់​ថវិកា​៥០​ភាគរយ​របស់ខ្លួន​ដើម្បី​ចូលរួម​ស្ថាបនា​ផ្លូវ​សំខាន់ៗ​ឱ្យ​ក្លាយជា​ប្រភេទ​បេតុង​ប្រកបដោយ​គុណភាព​។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពត​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​នៅ​ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត​នឹង​បង្កើន​ថវិកា​សម្រាប់​ផ្តល់ជូន​ក្រុង​ស្រុក​នីមួយៗ​ដើម្បី​ធ្វើឱ្យ​ផ្នែក​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ប្រសើរឡើង​។ ជាធម្មតា ស្រុក​ក្រុងមាន​មូលនិធិ​របស់ខ្លួន ដូច្នេះ​ត្រូវយក​ថវិកា​៥០​ភាគរយ​ដែល​មានមក​ចូលរួម​ក្នុង​ការងារ​នេះ​។ សូមកុំ​ផ្តោតលើ​ការអភិវឌ្ឍ​តែ​ក្នុង​សាលាស្រុក​ក្រុង​នោះ​ពិតជា​មិន​ត្រឹមត្រូវ​ឡើយ​។

​លោ​ក​អភិបាលខេត្ត​បាន​បន្តថា​លោក​នឹងមាន​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំង​៩៣​របស់​ក្រុង​ស្រុក​ទាំង​ប្រាំបី​ជជែក​ពិភាក្សា​ឈានទៅ​សម្រេច​ទម្លាក់​មូលនិធិ​៥០​ភាគរយ​ដែល​ថ្នាក់មូលដ្ឋាន​មាន​សម្រាប់​កិច្ច​អភិវឌ្ឍ​ដោយ​ផ្សាភ្ជាប់​រវាង​ខេត្ត ក្រុង​ស្រុក ឃុំ​សង្កាត់​។ ថវិកា​ដែល​ត្រូវ​ប្រើប្រាស់​នោះ​គឺ​ក្នុង​គោលដៅ​ស្ថាបនា​ជា​ប្រភេទ​ផ្លូវ​បេតុង​នៅ​តំបន់​អាទិភាព ពោលគឺ​ចេញពី​ចំណុច​ទីប្រជុំជន​ទៅខាង​ក្រៅ​។ លោក​ជាវ តា​យ បាន​បញ្ជាក់ថា​ទោះបី​ធ្វើបាន​តិច ឬ​ច្រើនក្តី ក៏​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នឹង​អាច​ដោះស្រាយ​ការលំបាក​ជា​បណ្តើរៗ​ដែរ​។ ដូច្នេះ ពី​ឆ្នាំ​២០២០ គ្រប់​ក្រុង​ស្រុក​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ស្ថាបនា​ផ្លូវ​បេតុង​ព្រមៗ​គ្នា​។ និយាយ​រួម​មិនមែន​ធ្វើ​តែ​ក្នុង​ក្រុង ឬ​ស្រុក​ណាមួយ​នោះទេ​។ លោក​សង្ឃឹម ហើយ​ធានាថា​បញ្ហា​ទាំងនេះ​នឹង​អនុវត្តបាន​តាមរយៈ​ការចូលរួម​ទាំងអស់គ្នា​។

​សូម​រំលឹកថា​នៅ​អំឡុង​មុន​ឱកាស​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ប្រាំមួយ​ដែល​ប្រព្រឹត្តឡើង​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ជាវ តា​យ តែងមាន​ប្រសាសន៍​ជារឿយៗ​ថា តទៅ បណ្តា​ផ្លូវ​សំខាន់ៗ​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​នឹងត្រូវ​ស្ថាបនា​ជា​ប្រភេទ​បេតុង​ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​។ ដូច្នេះ​ការ​ដាស់តឿន និង​ជំរុញ​ដល់​រដ្ឋបាល​ក្រុង​ស្រុកលើ​បញ្ហា​ស្ថាបនា​ផ្លូវ ប្រកបដោយ​គុណភាព​នាពេលនេះ ជា​កិច្ច​ឆ្លើយតប​ចំពោះ​ពាក្យសន្យា ក៏ដូចជា​ការរង់ចាំរ​បស់​ពលរដ្ឋ​មូលដ្ឋាន​ពិតៗ​៕ ល​