ក្រុមការងារចម្រុះបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ការ ដឹកជញ្ជូន ធនធានរ៉ែគ្រប់ប្រភេទ ខុសលក្ខណ:បច្ចេកទេសក្នុងខេត្ត

744
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ ក្រុមការងារចម្រុះរបស់សាលាខេត្តសៀមរាប បានបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែគ្រប់ប្រភេទ ដែលខុសលក្ខណ:បច្ចេកទេសក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ប្រតិបត្តិការ ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែគ្រប់ប្រភេទ បានធ្វើឡើងនៅថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ២០១៩។

ក្រុមការងារចម្រុះ បាននិយាយថា ក្រុមការងារចម្រុះបានបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែគ្រប់ប្រភេទ (ដីស ដីក្រហម ខ្សាច់ ថ្ម….) ខុសលក្ខណ:បច្ចេកទេសក្នុងខេត្តសៀមរាប និង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សោភ័ណភាព បរិស្ថានអនាម័យ សណ្តាប់ធ្នាប់របៀបរៀបរយ​សាធារណ:ក្នុងខេត្តសៀមរាប។

មន្ត្រីការងារក្រុមចម្រុះ បានបញ្ជាក់ថា ក្រុមការងារយើងបានរៀបចំកម្លាំង​ចុះត្រួតពិនិត្យចំនួន ២គោលដៅ គឺក្រុមទី១.បានបំបែកជា ២គោលដៅ ដាក់នៅផ្លូវជាតិលេខ៦ ខាងកើតផ្សារធំ និងនៅរង្វង់មូលព្រៃគុយ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងក្រុមទី២.គោលលដៅនៅខាងមុខវត្ត​ចេតិយ សង្កាត់សំបួរ ក្រុងសៀមរាប។

មន្ត្រីក្រុមការងារ បានបន្តថា ក្នុងការធ្វើប្រតិបត្តិការនេះ ក្រុមការងារបានពិនិត្យឃើញថាមានការដឹកជញ្ជូនធនធានរ៉ែ (ដីស ដីក្រហម ខ្សាច់ ថ្ម….) ខុសលក្ខណ:បច្ចេកទេស ដូចជា ដឹកលើសទ្រុង មិនបានគ្រប ឫ ហៀរ ឫកម្ពប់ ហើយក៏បានពិនិត្យអ្នកបើកបររថយន្តមួយចំនួន​មានសារធាតុញៀនផងដែរ ។ ជាមួយគ្នានេះ ក្រុមការងារចម្រុះ បានអប់រំណែនាំ ព្រមទាំងធ្វើកំណត់ហេតុ ណែនាំឲ្យម្ចាស់រថយន្តត្រឡប់ទៅការដ្ឋាន ដើម្បីកាយទំលាក់ និងគ្របអោយបានត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេស មុននឹងដឹកចេញពីការដ្ឋានចូលក្នុងក្រុង។

គិតចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ រហូតត្រឹមថ្ងៃនេះ សរុបទាំងអស់មានចំនួន ១៩៣ គ្រឿង និងសារធាតុញៀនចំនួន៧នាក់។

សូមបញ្ជាក់ថា ក្រោយពីការចុះអប់រំណែនាំរួច ក្នុងករណីម្ចាស់រថយន្ត ឬអ្នកបើក​បរ ដែលមិនអនុវត្តការណែនាំ ក្រុមការងារនឹងចាត់ការតាមនីតិវិធីច្បាប់ ដោយ​ផាកពិន័យតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕B/Ha