ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ចុះ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ចំនួន​២ ក្នុងស្រុក​សូទ្រនិគម​

233
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដោយ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប , មន្ទីរពេទ្យ​កុមារ​អង្គរ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​កូរ៉េ តាមរយៈ​អង្គការ The Narum Plus បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​២ ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី យូ សុភា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។​

ពិធី​ចុះ ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ចា​ន់ស និង ឃុំ​ខ្នារ​ពោធិ នៃ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​១២​ហើយ ដែល​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ទូទៅ​នៅតាម​បណ្ដា​ឃុំ និង​ស្រុក នៃ​ខេត្ដ​សៀមរាប ។​

លោក​បាន​បន្តថា ជាក់ស្ដែង​ថ្ងៃនេះ បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ឃុំ​ចា​ន់ស និង ឃុំ​ខ្នារ​ពោធិ បើទោះបីជា​នេះ នៅក្នុង​ឃុំ​នេះ មាន​មណ្ឌល​សុខភាព​ហើយក៏​ដោយ ប៉ុន្តែ​នេះ​ជា​សកម្មភាព​មនុស្សធម៌​សុទ្ធសាធ ដោយ​ធ្វើការ​ពិនិត្យ​និង​ព្យាបាល​លើ​ជំងឺ​ទូទៅ , ភ្នែក , មាត់​ធ្មេញ , រោគ​ស្ត្រី , អេកូ , ថត​ឆ្លុះ , ព្យាបាល​ដោយ​ចលនា​លើ​ជំងឺ​ឈឺចង្កេះ និង ជង្គង់ ។

លោក​បាន​បន្តទៀតថា បច្ចុប្បន្ន​ស្ថានភាព​នៃ​ជំងឺគ្រុនឈាម នៅតែ​បន្ត​កើតមាន​នៅឡើយ ទាំង​កូនក្មេង មនុស្សពេញវ័យ និង មនុស្ស​ចាស់ ដែល​បង្កឡើង​ដោយ​មូស​ខ្លាខាំ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ប្រសិនបើ​ពិនិត្យឃើញថា មាន​ករណី​ក្ដៅខ្លួន​ខ្លាំង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ចាប់ពី​៣៨​អង្សា​ឡើងទៅ​នោះ សូម​ប្រញាប់ និង​រួសរាន់​នាំ​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ជាបន្ទាន់ ដើម្បី​ទទួលបាន​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ទាន់ពេលវេលា ហើយ​សូមកុំ​បណ្ដែតបណ្ដោយ ឬក៏​យកទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​សេវា​ឯកជន​ដែល​មិនមាន​ជំនាញ​ច្បាស់លាស់​ឲ្យ​សោះ ព្រោះ​វា​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នកជំងឺ ពិសេស​ត្រូវ​នាំគ្នា​លុបបំបាត់​ទីជម្រក​របស់​មូស​ខ្លា​តាម​គេហដ្ឋាន​របស់​យើង​រៀងៗ​ខ្លួន។

លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​សកម្ម​ភាពចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ឃុំ​ចា​ន់ស របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប នាពេលនេះ ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពិការ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ជនបទ ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី ដែល​បាន​យក​ចិ​ត្ដ​ទុកដាក់​ពី​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ជាសំខាន់​។​

លោកស្រី យូ សុភា បាន​បន្តថា សកម្មភាព​ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​ទីកន្លែង នៅ​ទូទាំង​ខេត្តសៀមរាប​នោះ គឺជា​ការងារ​មនុស្សធម៌ និង ការងារ​សង្គម ហើយក៏​ជាការ​ជួយ​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការ​សេវា​ព្យាបាល ប៉ុន្តែ​ប្រការ​សំខាន់ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចេះ​ថែទាំ​សុខភាព​សុខភាព​ប្រចាំ​របស់ខ្លួន និង​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​ការហូប​ចំណីអាហារ ដោយ​ផ្តោត​សំខាន់​លើ​ការហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ​។​

លោកស្រី បាន​បន្តទៀតថា លទ្ធផល​ដែល​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ​នេះ រួមមាន ៖ ១- ពិគ្រោះ​ជំងឺ មនុស្ស​ចាស់ បាន​ចំនួន ៧៧២ ករណី , ២- ពិគ្រោះ​ជំងឺ​កុមារ បាន​ចំនួន​២២៣ ករណី , ៣- ពិនិត្យ​ភ្នែក និង​ចែក​វ៉ែនតា បាន​ចំនួន ២៩៤ ករណី , ៤- ពិនិត្យ​អេកូ​សាស្ត្រ បាន​ចំនួន ៤៦​ករណី , ៥- មន្ទីរពិសោធន៍​បាន​ចំនួន ២២២ ករណី , ៦- ព្យាបាល​ដោយ​ចលនា បាន​ចំនួន ៣០ ករណី , ៧- ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ បាន​ចំនួន ៧២ ករណី , ៨- ពិនិត្យ ព្យាបាល ជំងឺ​រោគ​ស្ត្រី បាន ១៣ ករណី និង ៩- ថត​វិទ្យុ​សាស្ត្រ បាន​ចំនួន ៤៥ ករណី ៕

​រូបភាព​: ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ចំនួន​២ ក្នុងស្រុក​សូទ្រនិគម​៕​B/