ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​ហ៊ុន ម៉ា​នី បន្ដ​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ចាម​

272
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោក លេង ផា​លី ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ហ៊ុន ម៉ា​នី បាន​ដឹកនាំ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ជាង​៤៥០​នាក់ បាន​ចុះទៅពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ជាង​៦​ពាន់​នាក់ ដោយ​ឥតគិតថ្លៃ នៅ​វិទ្យាល័យ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​មានជ័យ ស្ថិតក្នុង​ឃុំ​ស្តើង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ កម្មវិធី​សប្បុរស​ធម៌​នេះ មានការ​អញ្ជើញ​ជា​អធិបតីភាព ពី​សំណាក់លោក ម៉ា ឈឿន អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម និងលោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។​

លោក ​លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ហ៊ុន ម៉ា​នី បាន​ពាំ​នាំនូវ​ការ​នឹករលឹក និង​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចការ​លោក​ទាំ​ង​ពីរ តែង​គិត​គួរ​ដល់​សុខទុក្ខ ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទី​។​

លោក​បន្ដថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលជា​អ្នកដឹកនាំ​មាន​ទេពកោសល្យ​ពី​កំណើត បាន​នាំ​ប្រទេសជាតិ​ចេញពី​ផេះផង់ ឲ្យ​មានការ​រើ​ក​ចម្រើន មានការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ មាន​ស្ថិរភាព សុខសន្ដិភាព​ពេញលេញ មានការ​អភិវឌ្ឍ​គ្រប់​ទីកន្លែង ជាពិសេស​គឺ​សម្ដេច​យកចិត្តទុកដាក់​ខ្ពស់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្ដា​មូលដ្ឋាន​។

ជាក់ស្ដែង​នាពេលនេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​ដឹកនាំ​ដោយលោក ​ហ៊ុន ម៉ា​នី ជា​បុត្រា​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ម្ដ្រី បាន​បន្ដ​ចុះ​ពិនិត្យ​ព្យ​បាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដល់​មូលដ្ឋាន​ផ្ទាល់​តែម្ដង ដែលជា​ការចូលរួមចំណែក​បន្ថែមទៀត លើ​វិស័យ​សុខាភិបាល​ដែលមាន​ស្រាប់ ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិប្បរមា នូវ​ជំងឺ​ដ​ម្កា​ត់​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ពោលគឺ​ធ្វើយ៉ាងណា ឲ្យ​ពួកគាត់​មាន​សុខ​ភាពល្អ មាន​ម្លាំ​ង​ពលំ​មាំមួន និង​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​។​

លោក អ៊ុន ចាន់​ដា បាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់ លោក ​ហ៊ុន ម៉ា​នី បាន​មកជួយ​ព្យាបាល ដល់​ប្រជាជន​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​នេះ ចំនួន​២​ដង​ហើយ បើ​គិតពី​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ព្យាបាល គឺមាន​រហូតដល់​ជាង​១​ម៉ឺន​នាក់ ហើយ​ក្នុងនោះ ក៏មាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ផ្សេងៗ​ទៀត បានមក​ធ្វើការ​ព្យាបាល ដោយ​មិន​គិតថ្លៃ ជា​ច្រើនដង​ផងដែរ ដែល​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ទទួល​ការព្យាបាល ដោយ​មិន​គិតថ្លៃ រហូតដល់​ជាង​៥​ម៉ឺន​នាក់ ដោយ​មិនបាន​ប្រកាន់ លើ​និន្នាការ​នយោបាយ​អ្វី​នោះឡើយ​។

លោក បាន​បញ្ជាក់ថា សកម្មភាព​ទាំងនេះ គឺជា​អំពើ​មនុស្សធម៌​សុទ្ធសាធ ដែល​នេះ គឺ​បានបង្ហាញ​ពី​សមិទ្ធផល​ដ៏​ធំធេង និង​ជា​ជោគជ័យ ដែល​បានកើត​ពេញ​ពី គណបក្ស​ប្រជាជន​កម្ពុជា​។ លោកបន្តថា បញ្ហា​សុខភាព គឺជា​មូលដ្ឋានគ្រឹះ​ដើម្បី​ឆ្ពោះទៅរក ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។

លោក ក៏បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ ក៏ដូចជា​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បាន​ចំណាយ​ពេលវេលា ធនធាន ក៏ដូចជា​កម្លាំងកាយ​ចិត្ត ក្នុង​ការចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នាពេលនេះ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ស្មារតី​មនុស្សធម៌ ទឹកចិត្ត​ស្រឡាញ់​រាប់អាន និង​វប្បធម៌​នៃ​ការចែករំលែក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូចគ្នា​៕B/