ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​និង​រក​មធ្យោបាយ​ស្វែងរក​ចាប់​កូន​ក្រពើ​ដែល​បាន​លែង​នៅ​ក​សិន្ធុ​ប្រាសាទ

133
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយមាន​ការណែនាំ​ពី​អភិបាលខេត្ត​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​អាជ្ញាធរ​អប្សរា​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​កន្លែង​ដែល​បាន​លែង​កូន​ក្រពើ​និង​រក​មធ្យោបាយ​ដើម្បី​តាម​ចាប់​កូន​ក្រពើ​តូច​។​បណ្ដោយ​ប្រហែល​៤០​សង់ទីម៉ែត្រ​ដែលមាន​គេ​លួច​លែង​ចូលក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ប៉ែក​ខាងកើត​កាលពី​បី​ថ្ងៃមុន​។

​ក្រោយពី​បាន​ចុះ​ដល់ទី​តាំង​និង​បាន​ពិនិត្យ​ជាក់ស្ដែង​រួចមក​លោកនាយក​រដ្ឋបាល​សាលាខេត្ត​បាន​សុំឱ្យ​អាជ្ញាធរ​អប្សរា​សហការ​ជាមួយ​ក្រុមការងារ​ជល​ផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បន្ត​កិច្ចការ​តាម​ចាប់​កូន​ក្រពើ​នេះ​។​ដោយ​ប្រើប្រាស់​កម្លាំង​មន្ត្រី​ជំនាញ​តាម​ប្រមាញ​២៤​ម៉ោង​លើ​២៤​ម៉ោង​ពិសេស​ពេល​កូន​ក្រពើ​តូច​នេះ​ចេញ​រក​ចំណី​នៅពេល​យប់​តាម​មាត់ច្រាំង​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។​

​តាម​ការបញ្ជាក់​របស់​មន្ត្រី​ជំនាញ​ថា​កូន​ក្រពើ​នេះ​នៅ​តូច​មិនទាន់​ចល័ត​ចេញពី​ក​សិន្ធុ​នេះ​នៅឡើយ​ទេ​។​មន្ត្រី​ជំនាញ​នឹង​ប្រើប្រាស់​មធ្យោបាយ​ចាប់​មកវិញ​ដោយ​ការដាក់​សន្ទូច​ឬ​ការ​អូស​មង​ការឆ្លុះ​នឹង​កែ​ឆ្លុះ​ចាប់​នៅពេល​យប់​។​អាស្រ័យហេតុនេះ សូម​សាធារណជន​កុំ​មាន​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ឡើយ ។​ព្រោះថា​កូន​ក្រពើ​នេះ​នៅ​តូច​មិនទាន់​អាច​បង្ក​គ្រោះ​អ្វី​ឡើយ​ហើយ​សមត្ថកិច្ច​នឹង​រក​ឃើញ​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​ផងដែរ​៕S/

​រូបថត​ក្រុមការងារ​ចម្រុះ រដ្ឋបាលខេត្ត និង​អាជ្ញាធរ​អប្សរា បាន​ចុះ​ពិនិត្យ និង​រក​មធ្យោបាយ​ស្វែងរក​ចាប់​កូន​ក្រពើ​ដែល​បាន​លែង​នៅ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​(​សមត្ថកិច្ច​)​