ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ដល់​ដំណើរការ​អភិវឌ្ឍ​មូលដ្ឋាន​ឃុំ​វាលរេញ​

1056
ចែករម្លែក

​ដោយ​: យោធិន / ព្រះសីហនុ​: ជា​រៀងរាល់​ចុង​សប្តាហ៍​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ តែង​ចំណាយ​ពេលវេលា​ចុះ​ជួបពិភាក្សា​ការងារ និង​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​សមាជិក និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា និង​បងប្អូន​ក្នុង​មូលដ្ឋាន​សំដៅ​ស្វែងយល់​ពី​តម្រូវការ ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​ជីវភាព​រស់នៅក្នុង​ស្ថានភាព នាពេល​បច្ចុប្បន្ន ដែល​មាតុភូមិ​កម្ពុជា​យើង​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​។​

លោក​ម៉ម សំ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​វាលរេញ ជួបពិភាក្សា​ការងារ​ស្វែងរក​ដំណោះស្រាយ​ជម្រុញ​ដល់​សកម្មភាព​អភិវឌ្ឍ​និង​ពិនិត្យ​សកម្មភាព​ក្នុងការ​ស្ថាបនា​ផ្លូវ និង​ប្រព័ន្ធ​ប្រឡាយ​ក្នុងភូមិ​-​ឃុំ​ (រូប៖ យោធិន)

​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ លោក​ម៉ម សំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​បក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រួមជាមួយ​សហការី​ក្រោម​ឱវាទ បាន​នាំយក​អំណោយ​ជា​ទូរស័ព្ទ​ប្រភេទ​ស្មា​ត​ហ្វូ​ន​ចំនួន​២៥​គ្រឿង និង​ប្រភេទ​ខេ​ម​ហ្វូ​ន​ចំនួន​២៥​គ្រឿង ព្រមទាំង​ថវិកា​មួយចំនួន​ផ្តល់ជូន​ដល់​បងប្អូន​សមាជិក និង​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​ដែនដី ប្រជា​ការពារ ក្នុង​ការធ្វើទំនាក់ទំនង​ការងារ​ដោយ​ភាពងាយស្រួល​បម្រើ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ដោយឡែក​កន្លងទៅនេះ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ឃុំ​វាលរេញ ក៏បានផ្តល់​ថវិកា​ក្នុងការ​ស្ថាបនា​ផ្លូវលំ​ចំនួន​ពីរ​ខ្សែ បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន ក្នុងភូមិ​ទាំងបី​ក្នុង​ទូទាំង​ឃុំ ដែល​កន្លងទៅ​មានការ​លំបាក​ខ្លាំង​លើ បញ្ហា​កង្វះ​ផ្លូវ​ក្នុងការ​ធ្វើដំណើរ​។ ក្រុមការងារ​ក៏បានផ្តល់​ប្រង​ឥន្ធនៈ​ចំនួន​១.០០០​លីត្រ សម្រាប់ធ្វើ​ការស្តារ​ប្រឡាយ​ក្នុង​ឃុំ​។ ផ្តល់​អំណោយ​កុំព្យូទ័រ និង​ព្រី​ន​ធ័​រ មួយ​កំ​ប្លេ​រ ដល់​ក្រុមការងារ​មូលដ្ឋាន​ឃុំ​។​

​ក្រុមការងារ​ក៏បានផ្តល់​អំណោយ​ជា​ថវិកា​ផងដែរ ជូន​ដល់​បងប្អូន​ប្រជាជន​ក្នុង​មូលដ្ឋាន​ដែលមាន​ការខ្វះខាត​ជីវភាព ក្រខ្សត់​គ្មាន​ទីពឹង ស្ត្រី​ឆ្លងទន្លេ គ្រួសារ​មរណៈ ដោយ​ប្រកាន់ខ្ជាប់​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ពុំ​ឲ្យ​ប្រជាជន​កម្ពុ​ជាណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយឡើយ​។​

​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមាជិក​ក្រុមការងារ​នា​ចុង​សប្តាហ៍​ខាងមុខនេះ លោក ម៉ម សំ នឹង​ដឹកនាំ​សមាជិក​ក្រុមការងារ អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ក្នុង​មូលដ្ឋាន​ឃុំ​វាលរេញ​ដូច ដែល​ធ្លាប់បាន​ប្រ​ព្រិ​ត្តិ​ទៅ​កន្លងទៅ​ដូចគ្នានេះដែរ ដោយ​នាំ​ភ្ជាប់​ទៅជា​មួយ​នូវ​កុំព្យូទ័រ​មួយ​កំ​ប្លេ​រ តាម​ការស្នើសុំ របស់​អាជ្ញាធរ​មូលដ្ឋាន​រួមជាមួយ ថវិកា​មួយចំនួន​សម្រាប់​ជួយឧបត្ថម្ភ​ផងដែរ​៕ ល​