ក្រុមការងារ​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ​

536

​ដោយ​: វ៉ៃ​កូ / ស្វាយ​រៀ​៖ លោក គឹម ងួន ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ កាលពី​ព្រឹក​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៨ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​។ នាឱកាស​នោះ លោក​បាន​ប្រាប់​ដល់​សមាជិក​បក្ស​ថា គណបក្ស​ប្រជាជន​កម្ពុជា​យើង​ទទួលបាន​ជ័យជម្នះ​ហើយ យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ម្រាមដៃ​ស្អាត​របស់​ក្រុម​អតីត​គណបក្សប្រឆាំង ត្រូវ​បរាជ័យ​ទាំងស្រុង​។​

​លោក គឹម ងួន បានបញ្ជាក់​ប្រាប់​សមាជិក​បក្ស​បន្តទៀតថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជាង​៨២​ភាគរយ ដូច្នេះ​ការបោះឆ្នោត​នេះ បាន​បង្ហាញថា ប្រជាពលរដ្ឋ​មិនបាន​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​អគតិ​មួយចំនួន​នោះឡើយ គឺ​ពួក​ម្នាក់ៗ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ហើយ​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឈ្នះ​ភ្លូកទឹកភ្លូកដី តួយ៉ាង​ដូចជា​ខេត្ត​ស្វា​រៀង​គណបក្ស​យើង ទទួលបាន​៥​អាសនៈ​លើ​៥​អាសនៈ​។

​លោក​បាន​បន្តទៀតថា ចាប់​ពេលនេះ​តទៅ នៅ​អាណត្តិ​ទី​៦​រាជរដ្ឋាភិបាល​នឹង​បន្តការងារ​អភិវឌ្ឍ​ប្រទេស​ឲ្យ​មាន​ភាព​រីកចម្រើន​គ្រប់​វិស័យ ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទឹក ភ្លើង ផ្លូវ ធនធានមនុស្ស មួយវិញទៀត​បង្កើន​ការវិនិយោគ​បន្ថែមទៀត ដើម្បី​ស្រូបយក​កម្មករ​កម្ម​ការ​នី​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើនឡើង​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​៕​