ក្រុមការងារ​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាត់​សម្អាត​គល់ឈើ​ពុកផុយ​និង​ក្រី​មែកឈើ​ដែលមាន​ហានិភ័យ​

87
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ក្រុម​គ្រប់គ្រង​ហានិភ័យ​ដើមឈើ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាននិងកំពុង​កាត់​សម្អាត​គល់ឈើ​ពុកផុយ​និង​ក្រី​មែកឈើ​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ​។​

​បើតាម​ក្រុមការងារ​គ្រប់គ្រង​ហានិភ័យ​ដើមឈើ​របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា​តាម​អនុសាសន៍​របស់​អ្នកជំនាញ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​(ICCAngkor)​ក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៦ ។​ប្រជុំ​បច្ចេកទេស​លើក​ទី​៣៣​និង​តាម​ការអង្កេត​យ៉ាង​យកចិត្តទុកដាក់​ពី​និង​កំពុង​មមាញឹក​ក្នុង​ការងារ​កាត់​ដកហូត​ដើមឈើ​ងាប់​គល់ឈើ​ពុកផុយ​និង​កាត់​ក្រី​មែកឈើ​ដែលមាន​ហានិភ័យ​ខ្ពស់​មកលើ​ប្រាសាទតាព្រហ្ម​ចំនួន​១៣​ដើម​។​

​ក្រុមការងារ​បាន​បន្ត​ថា​ដើមឈើ​ទាំងនោះ​រួមមាន​ដើម​ស្ពង់​១​ដើម​ដុះ​កោង​ទ្រេត​ខ្លាំង​នៅលើ​កំពែង​ប្រាសាទ​ត្រូវ​កាត់​ពាក់កណ្តាល​ដើម​ចេញ​គល់​ស្ពង់​ពុកផុយ​ចំនួន​៤​កន្លែង​ដើម​ក្រឡាញ់​១​ដើម​ដើម​ពភ្លា​១​ដើម​និង​ដើម​ស្ពង់​តូច​១​ដើម​ដែល​ដុះ​នៅលើ​កំពែង​ប្រាសាទ​ក៏ត្រូវ​កាត់​យកចេញ​។​ជាមួយគ្នា​នោះ​ក្រុមការងារ​នឹងធ្វើ​ការ​កាត់​ក្រី ដើមឈើ​ចំនួន​៥​ដើម ដែលមាន​មែក​ចំនួន​៩​ត្រូវ​យកចេញ ក្នុងនោះ​មាន​ដើម​ស្ពង់ ចំបក់ ត្រាង ត្រ​សេក និង​ពភ្លា​ប្រើស​។

​ក្រុមការងារ​បាន​បន្ត​ទៀតថា​ការងារ​ទាំងនេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​ជួសជុល​ប្រាសាទ​បង្កើតឱ្យមាន​សោភ័ណភាព​ប្រសើរ​ជាង​មុន​ជួយ​សម្រាល​តួ​ដើម​កុំឱ្យ​ដួលរលំ​។​

ជាពិសេស​បង្ការ​ផលប៉ះពាល់​ខ្លាំង​ដល់​រចនាសម្ព័ន្ធ​ថ្ម​កំពែង​ប្រាសាទ​នៅពេលដែល​ដើម​របស់​វា​ដុះ​លូតលាស់​កាន់តែ​ធំ​ទៅៗ​។​រួមចំណែក​ក្នុងការ​ធានា​ដល់​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​មក​ទស្សនា​ប្រាសាទ​នេះ​ផង​។​ការងារ​នេះ​អាច​នឹង​ប្រើ​រយៈពេល​យូរ​ព្រោះ​ត្រូវ​ប្រើ​រន្ទារ​ដើម្បី​តម្លើង​កាត់​ដោយសារ​ដើម​ខ្លះ​មាន​កំពស់​ខ្ពស់ និង​ដុះ​កៀក​នឹង​ប្រាសាទ​៕S/

​រូបភាព​:​ក្រុមការងារ​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាត់​សម្អាត​គល់ឈើ​ពុកផុយ​និង​ក្រី​មែកឈើ​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​បរិវេណ​ប្រាសាទតាព្រហ្ម​៕​អប្សរា​