ក្រុមការងារ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មកដល់​បង់​ក្លា​ដែ​ស​ដើម្បី​ស៊ើបអង្កេត​អំពើ​ឃោរឃៅ​ប្រឆាំងនឹង​ជន​រ៉ូ​ហ៊ីង​យ៉ា​

348
ចែករម្លែក
  • 88
    Shares

​ក្រុមការងារ​មួយ​មកពី​ការិយាល័យ​រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កំពុងស្ថិត​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​សកាល​ពីថ្ងៃ​ពុធ​ទី​៦​មីនា​សម្រាប់​ការស៊ើបអង្កេត​បឋម​ស្តីពី​ការចោទប្រកាន់​អំពី​ការប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ពី​សំណាក់​កងទ័ព​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ ២០១៧​។​

​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ផ្ញើ​ទៅ​ទីភ្នាក់ងារសារព័ត៌មាន AFP ពី ICC បានបញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ដែលជា​ដំណើរ​ទស្សនកិច្ច​ផ្លូវច្បាប់​លើកដំបូង​របស់ ICC ប៉ុន្តែ​បាន​និយាយថា​វា​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​បឋមរ​បស់​ការិយាល័យ​រដ្ឋអាជ្ញា​ទាក់ទង​នឹង​ស្ថានភាព​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​និង​មី​យ៉ាន់​ម៉ា​។​

​សេចក្តីថ្លែងការណ៍​នេះ​បានឱ្យដឹងថា “​ការពិនិត្យ​បឋម​មិនមែនជា​ការស៊ើបអង្កេត​ទេ​។ ការធ្វើ​ទស្សនកិច្ច​បែបនេះ​នៅក្នុង​បរិបទ​នៃ​ការត្រួតពិនិត្យ​បឋម​គឺជា​ការអនុវត្ត​ស្តង់ដារ ហើយ​គណៈប្រតិភូ​នឹងមិន​ចូលរួម​ក្នុងការ​ប្រមូល​ភស្តុតាង​ណាមួយ​ទាក់ទង​នឹង​បទឧក្រិដ្ឋ​ណាមួយ​ឡើយ​”​។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា “​ការពិនិត្យ​បឋម​ឯករាជ្យ​និង​មិន​លម្អៀង​លើ​ស្ថានភាព​នៅ​ប្រទេស​បង់​ក្លា​ដែ​ស / មី​យ៉ាន់​ម៉ា​កំពុងដំណើរការ​និង​ធ្វើតាម​លំនាំ​ធម្មតា​របស់ខ្លួន​”​។​

​មន្ត្រី​បង់​ក្លា​ដែ​សម្នាក់​បាន​និយាយថា តុលាការ ICC នឹងធ្វើ​ទស្សនកិច្ច​នៅ​ជំរំ​រ៉ូ​ហ៊ីង​យ៉ា​នៅ​សង្កាត់​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ខុ​ក​ស្បា​ហ្សា កន្លែង​ដែល​ជន​រ៉ូ​ហ៊ីង​យ៉ា ៧៤០.០០០ នាក់​បាន​ភៀសខ្លួន បន្ទាប់ពី​ពួកគេ​បាន​រត់គេច​ពី​ការបង្ក្រាប​ដោយ​យោធា​យ៉ាង​សាហាវ​នៅ​ចុងឆ្នាំ ២០១៧​។​

​កាលពី​ខែកញ្ញា រដ្ឋអាជ្ញា​របស់​តុលាការ ICC បាន​បើក​ការស៊ើបអង្កេត​បឋម​ទៅលើ​ឧក្រិដ្ឋកម្ម​នៅ​មី​យ៉ាន់​ម៉ា​ប្រឆាំងនឹង​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​រួមមាន​ការសម្លាប់ អំពើហិង្សា​ផ្លូវភេទ និង​ការ​និរទេស​ដោយ​បង្ខំ​។​

​ការពិនិត្យ​បឋម​អាច​នាំឱ្យមាន​ការស៊ើបអង្កេត​ជា​ផ្លូវការ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០២ ដើម្បី​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ហើយ​បន្ទាប់មក​អាច​នាំឱ្យមាន​ដីកាកោះ​៕ ដោយ៖ កញ្ញាដាលីស

ជន​រ៉ូ​ហ៊ីង​យ៉ាង​១០​នាក់​លុតជង្គង់​ទាំង​ដៃ​ជាប់​ចំណង ខណៈ​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ឈរ​យាម​នៅ​ភូមិ​អ៊ី​ន​ឌី​ន​កាលពី​ថ្ងៃទី​២​កញ្ញា​២០១៧ ហើយ​ក្រោយមក​សាកសព​អ្នក​ទាំង​១០​ត្រូវបាន​រកឃើញ​ក្នុង​ផ្នូរ​ដ៏​ធំ​មួយ