ក្រុមកីឡា​ការិនី​កា​ម៉េ​រូ​ន​ប្រឈម​នឹង​បម្រាម​របស់ FIFA

500
ចែករម្លែក

FIFA ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ជុំវិញ​ឥរិយាបថ​របស់​ក្រុមកីឡា​ការិនី​កា​ម៉េ​រូ​ន អំឡុង​ការប្រកួត​វើ​ល​ខាប់​។​

​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​មួយ​នេះ​កំពុង​ស៊ើបអង្កេត បន្ទាប់ពី​មាន​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ អាម៉ាស់​ដែល​ធ្វើ​ឲ្យ​ល្អក់កករ​ក្នុងការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដែល​ក្រុម​អង់គ្លេស​បាន​យកឈ្នះ​៣-០ កាលពី​ថ្ងៃអាទិត្យ​។​

​មាន​ឧប្បត្តិហេតុ​ជា​បន្តបន្ទាប់​រួមទាំង​ការ​ស្តោះ​ទឹកមាត់​ដាក់​កីឡាការិនី​អង់គ្លេស ថូ​នី ឌូ​ហ្គា​ន (Toni Duggan) និង​ការរារាំង​កីឡាការិនី​អង់គ្លេស​ម្នាក់ទៀត​ឈ្មោះ ស្ទេ​ហ្វ ហាច់​ធិ​ន (Steph Houghton) ដ៏​គ្រោះថ្នាក់ ការដើរ​ចេញពី​ទីលាន​ប្រកួត​ការ​រុញ ច្រាន​មន្ត្រី​អាជ្ញាកណ្តាល​និង​ការប្រព្រឹត្តិ​របស់​ក្រុមកីឡា​ការិនី​កា​ម៉េ​រូ​ន​ទាំង​តង់​ទី​១​និង​តង់​ទី​២​។​

FIFA នឹង​ពិចារណា​លើ​ទិដ្ឋភាព​ទាំងអស់ រួមទាំង​ការអត្ថាធិប្បាយ​ផ្សេងៗ និង​ការ​ចោទ ប្រកាន់​ដែល​កើតមាន អំឡុង​ការប្រកួត និង​បន្ទាប់ពី​កីឡាករ​ចាកចេញ​។​

​ស្ថាប័ន​នេះ​ត្រូវការ​ពេលវេលា​សិក្សា​លើ​របាយការណ៍​ពី​មន្ត្រី​អាជ្ញាកណ្តាល ដែល​ដឹក នាំ​ដោយ​លោកស្រី លៀង ឈី​ន (Liang Qin) មុន​ឈានដល់​ការសម្រេច​ដាក់ ទណ្ឌកម្ម​។​

​ក្រុម​កា​ម៉េ​រូ​ន​បាន​ចោទប្រកាន់​ពី​ភាពមិនប្រក្រតី​និង​ថា ខ្លួន​ទទួលបាន​ការកាត់ក្តី​ដ៏ អយុត្តិធម៌ ប៉ុន្តែ​លទ្ធផល​បឋម​របស់ FIFA បាន​គាំទ្រ​ដល់​អាជ្ញាកណ្តាល​រូបនេះ ដែល ពួកគេ​គិតថា បាន​អនុវត្ត​តាមច្បាប់​ក្នុងការ​សម្រេចចិត្ត​រប​ស់​ខ្លួន ទាក់ទិន​នឹង​ប្រព័ន្ធ VAR ដែល​ធ្វើ​ឲ្យ​ក្រុម​មកពី​អាហ្វ្រិក​មួយ​នេះ​មិន​សប្បាយចិត្ត​។​

​លោកស្រី អ៊ី​សា ចូ​ហាន​សិន​(Isha Johansen) ប្រធាន​គណៈកម្មាធិការ​សហព័ន្ធ បាល់ទាត់​ស្ត្រី​អាហ្វ្រិក​ក៏បាន​ថ្កោលទោស​ឥរិយាបថ​របស់​ក្រុម​កា​ម៉េ​រូ​ន​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​