ក្រុមកីឡា​បាល់ទាត់​ជន​បញ្ញា​ខ្សោយ​កម្ពុជា​ឈ្នះ​ក្រុម​វៀតណាម ៦​ទល់​២ ទទួលបាន​មេដាយមាស​ជូន​ជាតិ

1408
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ក្រុមកីឡា​បាល់ទាត់​ជន​បញ្ញា​ខ្សោយ​កម្ពុជា​បានទទួល​មេដាយមាស​យកមក​ជូន​ជាតិ មាតុភូមិ​ក្រោយ​ប្រកួត​ឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម​៦​ទល់​២ ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អនុតំបន់​ទន្លេមេគង្គ នៅ​ទីក្រុង​ហូជីមិញ លើក​ទី​៨ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

កីឡាករ​ជន​បញ្ញា​ខ្សោយ​កម្ពុជា​ទ​ទួ​បាន​មេដាយមាស​ដោយ​ឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម​

​លោក​លី ឌី​នូ​រី អនុប្រធាន​គណៈកម្មាធិកា​រ​ស្បេ​ស្យា​ល់​អូឡាំពិក​ខេត្តបាត់ដំបង និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុម​កីឡាករ​ទៅ​ចូលរួម​ការប្រកួត​នោះ​ប្រាប់​ឲ្យ​ដឹងថា​ក្រុមបាល់ទាត់​របស់​យើង​បាន​ចេញទៅ​តាំងពី​ថ្ងៃទី​១៦ និង​ត្រឡប់​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​ក្រុម​កីឡាករ​យើង​បាន​នាំមក​នូវ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ គឺ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ (​មេដាយមាស​) ខណៈដែល​វៀតណាម​ជា​ម្ចាស់ផ្ទះ​បាន​ត្រឹម​មេដាយប្រាក់ និង​ថៃ​បាន​មេដាយ​សំរឹទ្ធ​»​។​

​លោក​បាន​បន្ថែមថា​ការប្រកួត​បាល់ទាត់​ជន​បញ្ញា​ខ្សោយ​មាន​ប្រទេស​ចូលរួម​ចំនួន​៥ ក្នុងនោះ​មាន​កម្ពុជា វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ​។ កម្ពុជា​បាន​បញ្ជូន​កីឡាករ​៨​នាក់ (​បម្រុង​៣​នាក់​) ខណៈដែល​បច្ចេកទេស នៃ​ការប្រកួត មានតែ​ម្ខាង​៥​នាក់​ប៉ុណ្ណោះ ដោយ​មួយ​វគ្គ​មានតែ​១៥​នាទី​។​

​លោក​បាន​បញ្ជាក់ថា ជា​លទ្ធផល នៃ​ការប្រកួត​រយៈពេល​២​ថ្ងៃនោះ ក្រុមបាល់ទាត់ «​ជន​បញ្ញា​ខ្សោយ​របស់​កម្ពុជា​» បាន​ប្រកួត​ឈ្នះ​ក្រុម​វៀតណាម​(​ក្រុមទី​១) ៧-០ សម្រាប់​ការប្រកួត​បើកឆាក នៅ​ព្រឹក​ថ្ងៃ​សៅរ៍ និង​បន្តបាន​ស្មើ​ជាមួយ​ក្រុម​ថៃ ក្នុង​លទ្ធផល​២-២ និង​បាន​យកឈ្នះ​ក្រុម​ឡាវ​៣-០ នា​ល្ងាច​ថ្ងៃ​សៅរ៍​នោះដែរ​។ ចំណែក​នៅ​ថ្ងៃអាទិត្យ​ទី​១៨ ខែវិច្ឆិកា ក្រុម​កម្ពុជា​បានឈ្នះ​វៀតណាម​(​ក្រុម​២) ក្នុង​លទ្ធផល​១-៣ និង​យកឈ្នះ​ថៃ​៤-២ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ឡើងទៅ​ជួប​ក្រុម​វៀតណាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​នៅក្នុង​ការប្រកួត​នោះ ក្រុម​ទាំង​២ ប្រកួត​យ៉ាង​ស្វិតស្វាញ ប៉ុន្តែ​កម្ពុជា​បានឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ក្នុង​លទ្ធផល​៦​ទល់​២​។​

​លោក អុល ថា​វ៉ន គ្រូបង្វឹក​មកពី​ខេត្តបាត់ដំបង ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះដែរ បាន​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ជន​បញ្ញា​ខ្សោយ​នេះ កីឡាករ​កម្ពុជា​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ឈ្នះ​បាន​មេដាយមាស ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អនុតំបន់​ទន្លេមេគង្គ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​លើក​ទី​៨ ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ជា​លទ្ធផល​ចុងក្រោយ​គឺ​ក្រុម​កីឡាករ​បញ្ញា​ខ្សោយ​របស់​ប្រទេស​កម្ពុជា បាន​យកឈ្នះ​ក្រុម​កីឡាករ​វៀតណាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល​បច្ចេកទេស​៦​ទល់​២​។​

​លោក​បាន​បន្តថា នៅ​ឆ្នាំ​២០១០​យើង​ខកខាន​ចូលរួម​ប្រកួត​។ ចំណែក​នៅ​ឆ្នាំ​២០១១ យើង​បាន​ក្លាយជា​ម្ចាស់​ជើងឯក ក្នុងនាម​ជា​ធ្វើ​ម្ចាស់ផ្ទះ​។​តែ​ការប្រកួត​ឆ្នាំ​២០១២​មី​យ៉ាន់​ម៉ា អត់​បាន​មេដាយ​នោះទេ ឯ​ឆ្នាំ​២០១៣ យើង​អត់​បាន​ចូលរួម​ទេ នៅ​ឆ្នាំ​២០១៤ យើង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ឆ្នាំ​២០១៧ ធ្វើ​នៅ​មី​យ៉ាន់​ម៉ា បាន​លេខ​២ និង​ឆ្នាំ​២០១៨​នេះ យើង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ទទួលបាន​មេដាយមាស​ដែលជា​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​សម្រាប់​ប្រទេស​កម្ពុ​ទាំងមូល​៕ ល​