ក្រុមគ្រូពេទ្យ​ចិន​ខេត្ត​ហៃ​ណាន​ផ្តល់​ការព្យាបាល​និង​វះកាត់​ជំងឺ​ភ្នែក​ជូន​ពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​

193
ចែករម្លែក

​ដោយៈ​សុផល​/​កំពង់ស្ពឺ​៖​ក្រុមគ្រូពេទ្យ​និង​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ជំងឺ​ភ្នែក​មកពី​ខេត្ត​ហៃ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានមក​ពិនិត្យ​ព្យាបាល​និង​វះកាត់​ជំងឺភ្នែកឡើងបាយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ខេត្តកំពង់ស្ពឺ​និង​មកពី​បណ្តា​ខេត្ត​នានា​។​

​យុទ្ធនាការ​ពិនិត្យ​ព្យាបាល​និង​ការវះកាត់​ភ្នែក​ឡើងបាយ​ដោយ​មិន​គិតថ្លៃ​របស់​ក្រុមគ្រូពេទ្យ​ចិន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១៩​ដល់​២៦​ខែតុលា​ឆ្នាំ​២០១៩​នេះ​ទទួលបាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​លោកស្រី​ខាង​ប៉ាយ​អ៊ីង​អនុប្រធាន​ការិយាល័យ​កិច្ចការបរទេស​ខេត្ត​ហៃ​ណាន​និង​ជា​ប្រធាន​គណៈប្រតិភូ​ដឹកនាំ​ក្រុមគ្រូពេទ្យ​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​ថា​៖​កម្ពុជា​និង​ចិន​មាន​ទំនាក់ទំនង​ល្អ​តាំងពី​យូរណាស់​មកហើយ​និង​ជា​មិត្ត​ដ៏​ល្អ​។​ចំណែក​ខេត្ត​និង​ខេត្ត​រវាង​ប្រទេស​ទាំងពីរ​ក៏បាន​ចងសម្ព័ន្ធ​មេត្រី​ជាមួយគ្នា​ហើយ​ខេត្ត​ហៃ​ណាន​បាន​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​ខេត្ត​ព្រះសីហនុ កំពង់ចាម សៀមរាប និង​កំពង់ស្ពឺ​។​

​លោកស្រី​បាន​បន្ត​ឱ្យដឹងថា​៖​ឆ្នាំ​២០១៦​ខេត្ត​ហៃ​ណាន​បាន​ផ្តួចផ្តើម​គម្រោង​មួយ​ហៅថា​៖«​ដំណើរ​នៃ​ពន្លឺ​ចិន​ហៃ​ណាន​កម្ពុជា​»​ដែលជា​យុទ្ធនាការ​មួយ​ជួយ​ព្យាបាល​អ្នក​កើត​ជំងឺ​ឡើងបាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យបាន​មើលឃើញ​ឡើងវិញ​។​យុទ្ធនាការ​នៅ​ខេត្តកំពង់ស្ពឺ​នេះ​ជា​លើក​ទី​៥​ហើយ​ដែល​៤​លើក​មុន​នៅ​ខេត្តកំពង់ចាម​(២​លើក​)​និង សៀមរាប​(២​លើក​)​។​

​លោកស្រី​ខាង​បានឱ្យដឹង​ទៀតថា​៖​ក្នុង​យុទ្ធនាការ​៤​លើក​មុន​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​ព្យាបាល​ជំងឺភ្នែកឡើងបាយ​បាន​ចំនួន​២៤៨៧​នាក់​ដែល​ក្នុងនោះ​វះកាត់​៥៤៣​នាក់​ដោយ​ទទួលបាន​ជោគជ័យ​១០០​ភាគរយ​ដោយ​ពួកគាត់​បាន​មើលឃើញ​ច្បាស់​វិញ​។​ក្នុងការ​ពិនិត្យ​ព្យាបាល​នេះ​អ្នកជំងឺ​ក្មេង​ជាងគេ​មាន​អាយុ​១១​ឆ្នាំ​និង​ចាស់​ជាងគេ​៩៦​ឆ្នាំ​។​លោកស្រី​បាន​បញ្ជាក់ថា​៖​ក្នុងការ​ពិនិត្យ​ព្យាបាល​នេះ​គ្រូពេទ្យ​សុទ្ធ​គ្រូពេទ្យ​លំដាប់​ខ្ពស់​មាន​ជំនាញ​ច្បាស់លាស់​បទពិសោធន៍​ច្រើន​ឆ្នាំ​ចំណែក​ឧបករណ៍​បរិក្ខារ​ពេទ្យ​សុទ្ធតែ​ទំនើប​គុណភាព​ខ្ពស់​។​

​ទាក់ទង​នឹង​ការពិនិត្យ​ព្យាបាល​វះកាត់​នៅ​ខេត្តកំពង់ស្ពឺ​នេះ​មាន​គ្រូពេទ្យ​ជិត​៤០​នាក់​ក្នុងនោះ​វេជ្ជបណ្ឌិត​វះកាត់​៤​រូប​។​តាម​គម្រោង​នឹង​ទទួល​ការវះកាត់​ជូន​ប្រជាពលរដ្ឋ​មកពី​ខេត្តកំពង់ស្ពឺ​និង​ខេត្ត​ផ្សេងៗ​ជាង​២០០​នាក់ តែបើ​ជាក់ស្តែង​មាន​លើស​នេះ គ្រុមគ្រូពេទ្យ​នឹង​បន្ត​ព្យាបាល​រហូតដល់​អស់អ្នក​ជំងឺ​។​លោកស្រី​បាន​គូសបញ្ជាក់​ផងដែរ​ថា​៖​បេសកកម្ម​របស់​ក្រុមគ្រូពេទ្យ​ខេត្ត​ហៃ​ណាន​គឺជា​ឆ្លើយតប​ទៅនឹង​ការអនុវត្តន៍​ជាក់ស្តែង​នូវ​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​ស៊ី​ជិន​ពីង​«​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​»​។​

​លោក​យ៉ាង​ជី​ង​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​ជំងឺភ្នែកឡើងបាយ​បាន​មានប្រសាសន៍ថា​៖​តាម​ការសិក្សា​រយៈពេល​ជាង​៦​ខែ​កន្លងមក​រកឃើញថា​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ​មាន​ជំងឺភ្នែកឡើងបាយ​ច្រើនជាងគេ​។​លោក​បាន​គូសបញ្ជាក់ថា​៖​ក្រុមគ្រូពេទ្យ​នឹង​ខិតខំ​វះកាត់​ព្យាបាល​ប្រជាពលរដ្ឋ​មាន​ជំងឺភ្នែកឡើងបាយ​ដោយមាន​ប្រសិទ្ធភាព​និង​ទំនុកចិត្ត​ខ្ពស់​និង​សង្ឃឹម​ជោគជ័យ​១០០​ភាគរយ​។​ក្រុមគ្រូពេទ្យ​ចិន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​វះកាត់​របួស​តូច​ឆាប់​ជាសះស្បើយ​ជាពិសេស​មិនមាន​ការឈឺចាប់​ដោយ​អ្នកជំងឺ​ភាគច្រើន​អាច​ត្រឡប់ទៅផ្ទះ​វិញ​ក្នុង​ថ្ងៃ​វះកាត់​តែម្តង​៕S/

​ចំណងជើង​រូបថត​៖​ក្រុមគ្រូពេទ្យ​និង​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ជំងឺ​ភ្នែក​មកពី​ខេត្ត​ហៃ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានមក​ពិនិត្យ​ព្យាបាល​និង​វះកាត់​ជំងឺភ្នែកឡើងបាយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ខេត្តកំពង់ស្ពឺ​និង​មកពី​បណ្តា​ខេត្ត​នានា​(​រូបៈ​សុផល​)